ឯកឧត្តម វេង សាខុន ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យកសិកម្ម នឹងអាចពង្រឹង និងពង្រីកកាន់តែរឹងមាំថែមមួយកម្រិតទៀត
ភ្នំពេញ៖ នាវេលាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao។
ជាកិច្ចស្វាគមន៍ តាមរយៈឯកឧត្តមបណ្ឌិត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។ ចំពោះវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបាន ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ដោយថ្មីៗនេះភាគីចិន បានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជា ឆាប់ៗខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមមួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេននាពេលខាងមុខនេះ។
ឯកឧត្តមបណ្ឌិត Zhang Lubiao ក៏បានថ្លែងអំណរគុណចំពោះពេលវេលា ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី។ ឯកឧត្តមបណ្ឌិតបន្ថែមថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តមបណ្ឌិតបន្ថែមថា ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការនៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូល កៀងគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស ធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមបណ្ឌិតជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការរំពឹងទុក ឯកឧត្តមរដ្ឋមន្ត្រីស្នើដល់ក្រុមការងារជំនាញពីក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ឯកឧត្តមបណ្ឌិត និងក្រុមការងារនៃក្រសួងទាំងពីរទទួលបានជោគជ័យ ដើម្បីរួមគ្នាបន្តការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាពនិងនិរន្តរភាព។
សូមជម្រាបជូនថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនាព្រឹកនេះរួមមាន÷
១. ឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
២. ស្នើដល់ក្រុមការងារជំនាញបន្ថែមមុខដំណាំមានសក្តានុពលផ្សេងទៀតដូចជា ស្វាយ ស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។
៣. ស្នើភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។