រដ្ឋមន្ត្រីក្រសួង​ការងារ ស្នើ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ បន្ត​ជួយ​គាំទ្រ​សកម្មភាព​សំខាន់ៗ របស់​ក្រសួង ក្នុង​វិស័យ TVET

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ របស់​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍ និង​ន​វា​នុ​វត្ត ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ (TWG-TVET) បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ចាប់តាំងពី​ការរៀបចំ​បង្កើតឱ្យមាន​ជា​ក្រុមការងារ (TWG-TVET) រួចមក ដែលមាន​កិច្ចប្រជុំ​លើក​នេះ​មាន​សមាសភាព​ចូលរួម​សរុប​ចំនួន ៦១​រូប មកពី​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​។

​កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់​ចំនួន ៣ គឺ ទី​១-​ការធ្វើ​របាយការណ៍​វឌ្ឍនភាព​លើ​ការងារ​អាទិភាព​វិស័យ អ​.​ប​.​វ​. ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដោយ​ផ្តោតលើ​សេចក្តីព្រាង​នៃ​ការអភិវឌ្ឍ​ច្បាប់​ស្តីពី អ​.​ប​.​វ​. ការបង្កើត​ប្រព័ន្ធ​ឌី​ជី​ថ​លូ​ប​នីយកម្ម​វិស័យ អ​.​ប​.​វ​. (​ប្រព័ន្ធ​ជាតិ អ​.​ប​.​វ​. ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (TVET E-Learning), ប្រព័ន្ធ​ជាតិ​វាយតម្លៃ​ទទួលស្គាល់​ការសិក្សា​ពីមុន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រង​គ្រឹះស្ថាន អ​.​ប​.​វ​. (School Management System)), ការងារ​អាទិភាព​ឆ្នាំ​២០២២, និង​ផែនការ​ថវិកា​វិស័យ អ​.​ប​.​វ​. ឆ្នាំ​២០២៣ ការធ្វើ​បច្ចុប្បន្នភាព​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF)​។ ទី​២. ការធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​នៃ​ការគាំទ្រ​ក្នុង​វិស័យ អ​.​ប​.​វ​. របស់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ទី​៣. ​គោលការណ៍​ណែនាំ​សម្រាប់​រៀបចំ​របាយការណ៍​វឌ្ឍនភាព នៃ​ការអនុវត្ត​សូចនាករ​តាមដាន​រួមគ្នា​ស្តីពី អ​.​ប​.​វ​. ឆ្នាំ​២០២១-២០២២ និង​ការកំណត់​សូចនាករ​តាមដាន​រួមគ្នា​ស្តីពី អ​.​ប​.​វ​. ឆ្នាំ​២០២៤-២០២៨​។​

​លោកស្រី Nadia Ottiger នាយករង​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ស្វី​ស (SDC) និង​ជា​អ្នកដឹកនាំ​សម្របសម្រួល​ដៃគូ​អភិវឌ្ឍន៍​ក្រុម TWG-TVET ក៏បាន​ផ្តល់នូវ​ចំណាប់អារម្មណ៍​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គប្រជុំ បន្ទាប់ពី​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ពី​បាន​សកម្មភាព​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ដែល​ធ្វើឱ្យ​ក្រសួង​សម្រេចបាន​ក្នុង​ការបន្ត​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥ ការរៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ ក្រោម​ប្រធានបទ “TVET បង្កើន​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​” ការបន្ត​អភិវឌ្ឍ​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព ការពង្រឹង​សមត្ថភាព​គ្រូ​បច្ចេកទេស ការពង្រឹង និង​ជំរុញ​ការអនុវត្ត​ភាពជា​ដៃគូ​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាមួយ​វិស័យ​ឯកជន​ចំនួន ៦​ខេត្ ត​ដែលមាន​ការចូលរួម​ពី​វិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស ធនាគារ យាន្ត​ដ្ឋា​ន ការដ្ឋាន​សាងសង និង​សណ្ឋាគារ​ជាដើម ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (National TVET E-Learning Platform) ដែល​គ្រឹះស្ថាន អ​.​ប​.​វ​. កំពុង​ប្រើប្រាស់​សរុប​ចំនួន ៦០ សម្រាប់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​, គ្រូ​បច្ចេកទេស​ចំនួន ១ ៥០០ នាក់​បាន​ប្រើប្រាស់​, សិក្ខាកាម សិស្ស និស្សិត​ចំនួន ១០០ ០០០ នាក់ បាន​ចូលរៀន​ក្នុង​ប្រព័ន្ធ​ជាតិ​, មាតិកា​មេរៀន​និង​វីដេអូ​មេរៀន​ចំនួន ៤ ៥០០ ត្រូវបាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ជាតិ និង​ចំនួន​អ្នក​ទាញយក​កម្មវិធី TVET E-Learning​ដាក់​ក្នុង​ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​សរុប​ប្រមាណ ២០ ០០០​នាក់ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​សញ្ញាបត្រ​បច្ចេកទេស និង​វិ​ជ្ចា​ជីវៈ ១ (C1) ពិសេស​ចំនួន ៦៥០០​នាក់ នៅ​ឆ្នាំ​២០២១ ហើយ​ក៏បាន​កំពុង​ផ្សព្វផ្សាយ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​សញ្ញាបត្រ​បច្ចេកទេស និង​វិ​ជ្ចា​ជីវៈ​១ (C1) ពិសេស​សម្រាប់​ឆ្នាំ​២០២២​បន្តទៀត​លើ​មុខជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សំខាន់ៗ រួមមាន​៖ វិស័យ សំណង់ អគ្គិសនី មេកា​និក កម្មន្តសាល ធុរកិច្ច ព័ត៌មានវិទ្យា និង​ទេសចរណ៍ ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ចំនួន ៧ ៥០០​នាក់ បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC), សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ បន្ត​ជួយ​គាំទ្រ​សកម្មភាព​សំខាន់ៗ របស់​ក្រសួង​ក្នុង​វិស័យ TVET មួយចំនួន​រួមមាន​៖ ១) ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥, ២)​ការអភិវឌ្ឍ​ច្បាប់ TVET ៣)​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​វិស័យ TVET ឱ្យស្រប​តាម​តម្រូវការ​ប្រើប្រាស់​ទាំង​គ្រឹះស្ថាន TVET វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ និង​៤)​សូមជួយ​គាំទ្រ​ថវិកា និង​បច្ចេកទេស​ក្នុងការ​រៀបចំ​ស​ន្និសិទ TVET ក្នុង​តំបន់ ASEAN ដែល​នឹង​រៀបចំឡើង​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​២០២២​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close