ឯកឧត្តម វេង សាខុន ស្នើដល់ភាគីអ៊ីស្រាអែល ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលអាចជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ
នារសៀលថ្ងៃទី២៩ សីហា ម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel’s Official International Development Cooparetion Program) និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល លើប្រធានបទសំខាន់ចំនួនពីរ គឺទី១. ភាពជោគជ័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការអភិវឌ្ឍវិស័យកសិកម្ម ឈរលើគោលការណ៍អភិវឌ្ឍធនធានមនុស្ស ដោយបានបញ្ជូននិស្សិតកម្ពុជាមកសិក្សារៀនសូត្រទាំង ទ្រឹស្តី និងការអនុវត្តផ្ទាល់នៅរដ្ឋអ៊ីស្រាអែលជាងមួយទស្សវត្សកន្លងមកកាន់តែល្អប្រសើរជា លំដាប់។ ទី២. ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតទាក់ ទងការបណ្តុះបណ្តាលធនធានមនុស្សទាំងសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិលើប្រធានបទសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ធុរកិច្ច ការគ្រប់គ្រង និងដឹកនាំសហគ្រិន ការប្រែប្រួលអាកាសធាតុ។ល។
តាមរយៈលោកជំទាវ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតដែលរៀនជំនាញផ្នែកកសិកម្មបានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយជាពិសេសដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា លោកជំទាវនឹងអាចពិនិត្យ ពិចារណាបង្កើនចំនួនសិស្សបន្ថែមទៀតនាពេលអនាគត។ ទន្ទឹមនឹងនេះ ស្នើដល់ភាគីអ៊ីស្រាអែលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការឧបត្ថម្ភគាំទ្រ និងរួចគ្នារៀបចំគម្រោងផ្សេងៗទៀតដែលអាចជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ។
លោកជំទាវ បានវាយតម្លៃខ្ពស់ និងរីករាយនាពេលដែលសង្កេតឃើញថាកម្ពុជាបាន និងកំពុងទទួលអត្ថប្រយោជន៍យ៉ាងល្អប្រសើរពីកិច្ចសហប្រតិបត្តិការនេះ។ លោកជំទាវបន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់ ឫបន្ថយចំនួនសិស្សពីបណ្តាលប្រទេស លើកលែងតែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកថែមមួយកម្រឹតទៀត លោកជំទាវបានលើកឡើងថាគួររួមគ្នារៀបចំគម្រោងពិនិត្យ ផ្តល់ប្រឹក្សាយោបល់ និងតាមដានសកម្មភាព ភាពជោគជ័យ និងបញ្ហារបស់និស្សិតដែលបានបញ្ចប់ការធ្វើកម្មសិក្សានៅអ៊ីស្រាអែល។ ហើយបើអាច ពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនសម្រាប់និស្សិតបង្កើត ឫពង្រីកអាជីវកម្មកសិកម្ម ដើម្បីធានាប្រសិទ្ធភាព និរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងជាពិសេសរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីរីករាយចំពោះការលើកឡើងរបស់លោកជំទាវ ព្រោះនេះគឺជាយន្តការមួយដែលក្រសួងបាន និងកំពុងរៀបចំ ដូច្នេះស្វាគមន៍ចំពោះការចូលរួមពីភាគីអ៊ីស្រាអែល។ ឯកឧត្តមស្នើដល់លោកជំទាវគួរបង្កើតក្រុមការងារជំនាញរវាងក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីរៀបចំសេចក្តីព្រាងឯកសារអនុស្សរណនៃការយោគយល់គ្នា។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកជំទាវ និងក្រសួងការបរទេសអ៊ីស្រាអែល និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀតនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។