មន្ត្រី​ជំនាញ កំពុង​សិក្សា​ស្រាវជ្រាវ​ចំនួន​សត្វ​ឈ្លូស នៅតាម​តំបន់ការពារធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដោយមាន​ការចូលរួម​និង​គាំទ្រ ពី​គម្រោង​ស្រាវជ្រាវ​របស់​អង្គការ WWF​បាន​កំពុង​ចុះ​ដាក់​កាំ​មេ​រ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥​ទីតាំង នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ ដើម្បី​តាមដាន​ចំនួន​សត្វរំពារ​(​ឈ្លូស​) នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​។​

​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន ចុះ​ដាក់​កាំ​មេ​រ៉ា​ស្វ័យប្រវត្តិ តាមដាន​ចំនួន​សត្វរំពារ​(​ឈ្លូស​) ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ​ ​ឈ្លូស (Red muntjac) ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅលើ​ពិភពលោក​។ ​សត្វ​ឈ្លូស​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ​។

​សត្វ​ប្រភេទ​នេះ​មាននៅ​ប្រទេស​ឥណ្ឌា រហូតដល់​ប្រទេស​ចិន​ភាគខាងត្បូង តំបន់​អាស៊ីអាគ្នេយ៍​រួម​នឹង​កម្ពុជា ព្រមទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​កោះ​បាលី​។​សត្វ​ប្រភេទ​នេះ​កំពុង​ប្រឈម​នឹងរង​គ្រោះថ្នាក់ ដោយសារតែ​ការ​បរបាញ់ ការ​បណ្តើរ​ឆ្កែ​ទាក់​ចាប់ ការដាក់​អន្ទាក់​ដើម្បី​យក​សាច់​ធ្វើជា​អាហារ​និង​គ្រោះថ្នាក់​ដោយសារតែ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ​។​

​តាម​ការសិក្សា​របស់​អ្នកជំនាញ ឈ្លូស​អាច​រស់នៅ​គ្រប់​ប្រភេទ​ព្រៃ​។ វា​អាច​បន្លឺសំឡេង​ខ្លាំង​និង​ត​តប​គ្នា រហូតដល់​រយៈពេល​១​ម៉ោង ប្រសិនបើ​វា​ជួប​នូវ​គ្រោះអាសន្ន ហើយ​សំឡេង​នេះ​អាច​ឮ​រហូតដល់​១​គីឡូម៉ែត្រ​។​ ចំណី​របស់​វា​មានដូចជា​មែកឈើ​តូចៗ ពិសេស​ស្លឹក​រុក្ខជាតិ ផ្លែឈើ​ដែល​ធ្លាក់​និង​ដំណុះ​កូនឈើ​។ នៅ​តំបន់​ខ្លះ វា​ធ្វើ​សកម្មភាព និង​ចេញ​រក​ចំណី​នៅពេល​ថ្ងៃ ប៉ុន្តែ​វា​អាចធ្វើ​សកម្មភាព​និង​រក​ចំណី ពេញ​មួយ​យប់ ប្រសិនបើ​មានការ​រំខាន​។​ ​រដូវ​បន្ត​ពូជ​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ រហូតដល់​ខែមករា និង​ផ្តល់កំណើត​កូន​១​ក្បាល ជួនកាល​ភ្លោះ​ប៉ុន្តែ​កម្រ​មាន​ណាស់​។​

​ក្នុង​ប្រភេទ​ជម្រុះ​ស្នែង សត្វ​ឈ្លូស​ជា​ប្រភេទ​សត្វ​ដែលមាន​មាឌតូច និង​មាន​ស្នែង​ខ្លី​ប្រវែង​ពី​១០​ទៅ​១៥​សង់ទីម៉ែត្រ ព្រមទាំង​ប្រវែង​ខ្នែង​មិន​លើសពី​៥​សង់ទីម៉ែត្រ​ទេ​។ ឈ្លូស​ញី​គ្មាន​ស្នែង​ដូច​ឈ្លូស​ឈ្មោល​ទេ គឺ​គ្រាន់តែ​លេចចេញ​ជា​ដុំ​ពក ឆ្អឹង​តូច​នៅ​ពីលើ​ក្បាល​ជាមួយ​រោម​កញ្ចុំ​ប៉ុណ្ណោះ​។​

​ឈ្លូស​ញី និង​ឈ្មោល មាន​ចង្កូម​ដូចគ្នា ប៉ុន្តែ​ឈ្មោល​មាន​លក្ខណៈ​វែង​ជាង ដែលជា​ទូទៅ​វា​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​គូប្រជែង នៅពេល​ដណ្តើម​ញី​នៅ​រដូវ​បន្ត​ពូជ​។ វា​មាន​រោម​ពណ៌​ត្នោត លឿង ហើយ​មាន​ភាព​ស្រគាំ​នៅ​ផ្នែក​ខាងលើ និង​ព្រលែត​នៅ​ផ្នែក​ខាងក្រោម​។ នៅលើ​ផ្ទៃមុខ​បង្ហាញ​នូវ​ខ្សែ​ឆ្នូត​ពណ៌​ខ្មៅ​ស្ថិត​នៅជាប់​ចង្អូរ​ស្នែង​ទាំង​២​។ នៅ​ខាងលើ​កន្ទុយ​មាន​ពណ៌​ក្រហម និង​ខាងក្រោម​មាន​ពណ៌​ស​៕


​ប្រភព​៖​មន្ទីរ​បរិស្ថាន​ខេត្ត​ម​ណ្ឌ​គិរី​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close