សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ASEAN SMART CITIES NETWORK លើក​ទី​៥ ក្រោម​មូលបទ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» តាម​ប្រព័ន្ធ​វីដេអូ

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ASEAN SMART CITIES NETWORK (ASCN) លើក​ទី​៥ ក្រោម​មូលបទ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» តាម​ប្រព័ន្ធ​វីដេអូ ពី​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​អាស៊ាន អគ្គលេខាធិការដ្ឋាន​អាស៊ាន ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ដែល​បាន​ឆ្លៀតឱកាស​ដ៏ មមាញឹក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន តាម​ប្រព័ន្ធ Video Conference ដ៏​មាន​សារៈសំខាន់​នាពេលនេះ​។​

​សម្ដេច​ក្រឡាហោម បាន​រំលឹក​ឡើងវិញ​អំពី​ដំណើរការ​របស់​អាស៊ាន​ដែល​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​៥៥​ឆ្នាំ និង​បាន​ដំណើរការ​ដោយ​ឈរលើ​ស្មារតី​ស្នូល «​ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ និង​សហគមន៍​តែមួយ​»​។ សម្ដេច​បន្ថែមថា សន្តិភាព និង​ស្ថេរភាព​ដែល​អាស៊ាន​ទទួលបាន​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​កន្លងមក បានធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​តំបន់​មានការ​រីកចម្រើន​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន ដោយ​សម្រេចបាន​នូវ​កំណើន និង​ការអភិវឌ្ឍ​ខ្ពស់ រួមចំណែក​កែលម្អ​ជា​លំដាប់​នូវ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។

​សម្ដេច​បន្តថា ទោះបី​យើង​ត្រូវ​ឆ្លងកាត់​វិបត្តិ​កូ​វីដ​-១៩ ជា​សកល​ក៏ដោយ ក្នុងឆ្នាំនេះ​អាស៊ាន​បានសម្រេច​សមិទ្ធផល​ធំៗ​មួយចំនួន​ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​ការបន្ត​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ក្នុងការ​បញ្ចប់​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ខណៈ​នាពេល​ថ្មីៗ​នេះ​បានរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ ដោយបាន​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​បញ្ហា​សង្គម សេដ្ឋកិច្ច​ដែល​កំពុង​កើតមាន​។​

​សម្ដេច​បាន​រម្លឹក​ទៀត​ថា នៅក្នុង​ឱកាស​ស្វាគមន៍​គណៈប្រតិភូ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​ចំនួន​ពីរ ដែល​សម្ដេច​ផ្ទាល់​យល់ថា​មាន​សារៈសំខាន់​សម្រាប់​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ក្នុងនោះ​គំនិត​ផ្តួចផ្តើម​ទីមួយ គឺ​ការដោះស្រាយ​ចំពោះ​ការ​គំរាម កំហែង​ដល់​ភាព​រស់រាន​នៃ​ជីវិត​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ និង​ការខូចខាត​ផ្នែក​បរិស្ថាន​។

សម្ដេច​បន្ថែមថា ក្នុង​គំនិត​ផ្តួចផ្តើម​ទីមួយ​នេះ បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន និង​បណ្តា​ទីក្រុង​នានា​នៃ​បណ្តា​ប្រទេស​អាស៊ាន នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ប្រែក្លាយ​តំបន់​របស់​អាស៊ាន​ទៅកាន់​អនាគត​បៃតង ដែលមាន​ចីរភាព​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព ភាព​ធន់ និង​ភាព​ប្រកួតប្រជែង ក្នុង​ផ្នែក​សេដ្ឋកិច្ច ហើយ​ថា​កិច្ចការ​នេះ នឹង​អាច​គ្របដណ្តប់​ទៅលើ​វិស័យ​ជាច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និង​ហិរញ្ញវត្ថុ ដោយមាន​បច្ចេកវិទ្យា នវានុវត្តន៍ និង​ការកែច្នៃ ដើម្បី​ប្រើប្រាស់​ឡើងវិញ​ដែល​នឹង​បំពេញ​តួនាទី​ជា​កត្តា​ជំរុញ​។

​ចំពោះ​គំនិត​ផ្តួចផ្តើម​ទី​ពីរ ពាក់ព័ន្ធ​នឹង​វិធានការ​ដើម្បី​ស្ដារ និង​ងើប​ឡើងវិញ​ចេញពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​វិញ សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា បណ្តា​ក្រុង​នានា​នៃ​បណ្តា​ប្រទេស​អាស៊ាន ក៏ត្រូវ​បានទទួល​ស្គាល់​ថា បាន​បំពេញ​តួនាទី យ៉ាងសំខាន់​ផងដែរ​ក្នុងការ​រួមចំណែក​សម្រេច​កិច្ចការ​នេះ ដែល​កន្លងមក​ទីក្រុង​ក៏ដូចជា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្សេងទៀត​ដែរ បាន​បំពេញ​កិច្ចការ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បាន​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុងការ ដោះស្រាយ​បញ្ហា​នានា​ដែល​បង្ករ​ដោយ​ជំងឺ​នេះ​។​

​នាឱកាស​នោះដែរ ក្នុងនាម​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​ប្តូរ​វេន​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្ដល់នូវ​ការគាំទ្រ និង​កិច្ចសហការ​ដល់​កម្ពុជា​ពី​សំណាក់​អគ្គលេខាធិការដ្ឋាន​អាស៊ាន ដៃគូ​សន្ទនា​របស់​អាស៊ាន (External Partner) និង​បណ្តា​ប្រទេស​ទាំង​១០​របស់​អាស៊ាន ដែល​បាន​រួមគ្នា​ក្នុងការ​សម្រេច​កិច្ចការ​ក្នុង​ស្មារតី​ស្នូល​របស់​អាស៊ាន ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ និង​សហគមន៍​តែមួយ ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃនេះ បាន​ធ្វើឡើង​ឆ្លើយតប​នឹង​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​សឹង្ហ​បូរី​។ កិច្ចប្រជុំ​ដែល​ប្រារព្ធ​ពិធី​បើក​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង នាពេលនេះ នឹង​បន្ត​ដំណើរការ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ជាតិ​របស់​កម្ពុជា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close