ក្រុមហ៊ុន​ដឹកជញ្ជូន FedEx របស់​អាមេរិក ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ដំណើរ​ការផ្តល់សេវា​ដឹកជញ្ជូន​ដោយផ្ទាល់​របស់ខ្លួន នា​ខែតុលា ខាងមុខនេះ​

​ភ្នំពេញ​៖ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​ដឹកជញ្ជូន FedEx របស់​អាមេរិក ដឹកនាំ​ដោយ​លោក Masamichi Ujiie អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​FedEx ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​កា​ងារ​។

​ជំនួប​របស់​គណ​:​ប្រតិភូ​ក្រុមហ៊ុន FedEx ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មាន​គោលបំណង​ស្វែងយល់​ពី​ភាព​រីកចម្រើន និង​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ឱកាស​វិនិយោគ និង​ផែនការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា និង​ចាប់ផ្តើម​ដំណើរ​ការផ្តល់​សេវាកម្ម​ដោយផ្ទាល់​ចាប់ពី​ខែតុលា ឆ្នាំ​២០២២​នេះ​តទៅ​។

​ជា​កិច្ច​ចាប់ផ្តើម លោក​អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន​ដឹកជញ្ជូន FedEx បាន​សំដែង​នូវ​អំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាតឱ្យ​គណ​:​ប្រតិភូ​របស់លោក​ចូលជួប និង ពិភាក្សា​ការងារ​។ លោក​បាន​មានប្រសាសន៍ថា​៖ នេះ​ជា​លើកដំបូង​ដែល​លោក​បានមក​កម្ពុជា ហើយ លោក​មើលឃើញ​កម្ពុជា​មានការ​រីកចម្រើន ដែល​ផ្ទុយទៅនឹង​អ្វីដែល​លោក​ធ្លាប់​បានឮ​ពី​ប្រព័ន្ធ​ឃោសនា ខាងក្រៅ និង​ពី​មនុស្ស​មួយចំនួន​។ លោក​ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ផងដែរ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ក៏ដូចជា​ពង្រីក​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណ​:​ប្រតិភូ​ដោយ​សង្ខេប​អំពី​ប្រវត្តិ​នៃ​ការតស៊ូ រំដោះជាតិ ការបង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិតរ​ឆ្លៀ​សវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ការបំផ្លិចបំផ្លាញ​ដល់​ឫសគល់​របស់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម និង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេសជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​រយ​:​ពេល ២៤​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ផ្ទុយស្រឡះ​ពី​ការឃោសនា​ផ្សព្វផ្សាយ​បំផ្លើស​បំភ័ន្ត​ភ្នែក​អន្តរជាតិ​របស់​ជន​អគតិ​មួយចំនួន​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ វិស័យ​សាធារណការ និង​ដឹកជញ្ជូន​រួមមាន​៖ ការកសាង​ផ្លូវថ្នល់​បាន​ប្រមាណ​១៨ ០០០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស ដោយ​អ៊ុត​បេតុង​កៅស៊ូ ដែល​បច្ចុប្បន្ន​យើង អាចធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែម​ផងដែរ​ថា​៖ បច្ចុប្បន្ន​កម្ពុជា​មានប​ណ្ដា​ញ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និង​ភស្តុភា​កម្ម​កាន់តែ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្នុងនោះ​៖ ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន មានការ​ពង្រីក​ពី​ពីរ​គន្លង​ទៅ​បួន​គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុង​ខែតុលា រួម​ជាមួយនឹង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ត​ភ្ជាប់​ជាមួយ​ទីក្រុង​ហូជីមិញ គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅក្នុងពេល​ខាងមុខនេះ​ផងដែរ​។​

​ជាមួយគ្នានេះ កម្ពុជា​កំពុង​សាងសង់​ព្រលានយន្តហោះ​ថ្មី​ខ្នាត​អន្តរជាតិ​ចំនួន​៣​នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ព្រលានយន្តហោះ​ខេត្តកោះកុង​។ កម្ពុជា​បានធ្វើ​ការបញ្ចប់​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម ដែល​ត្រូវការ​ទុន​អនុវត្ត​ប្រមាណ​ជាង​៥០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹងដាក់​ឆ្លង​គណ​:​រដ្ឋមន្ត្រី​នាពេល​ឆាប់​ខាងមុខ​។ ជាងនេះទៀត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន YCH សិង្ហ​បុរី និង​ក្រុមហ៊ុន Worldbridge ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ទីក្រុង​ភ្នំពេញ ហើយ​ក្រសួង​ក៏​គ្រោង​ចាប់ផ្តើម​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ទីក្រុង​ព្រះសីហនុ​នៅពេល​ខាងមុខ និង​កំពុង​ស្វែងរក​ការវិនិយោគ​លើ​វិស័យ​សំខាន់​មួយចំនួនទៀត ជាពិសេស​ការវិនិយោគ​មជ្ឈមណ្ឌល​ដឹកទំនិញ​តាមផ្លូវ​អាកាស​តំបន់​ផងដែរ​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញ​ពី​សារសំខាន់​នៃ​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេស កម្ពុជា​ស្ថិតនៅ​ចំណុចកណ្តាល និង​ជា​បេះដូង​របស់​អាស៊ាន អាច​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម មួយ​សម្រាប់​បម្រើឱ្យ​អ្នកប្រើប្រាស់​ដែលជា​អតិថិជន​ប្រមាណ ៦៥៥​លាន​នាក់ ព្រមទាំង​ជា​ចំណុចកណ្តាល​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ ដែល​អាច​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម​សម្រាប់​បម្រើ​ឱ្យ​អតិថិជន​ប្រមាណ​៣៣៤​លាន​នាក់​ផងដែរ​។​

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងជួយសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនអាចពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានល្អប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close