កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​

​ខេត្តសៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ ស្ដីពី​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ “​ការការពារ និង​ទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ ៖ ទស្សនៈ​ពី​អាស៊ាន​” នៅ​ខេត្តសៀមរាប​ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​នេះដែរ ក៏មាន​ការផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ថ្លែង​សុន្ទរកថា​ស្វាគមន៍​តាមរយៈ​អន​ឡាញ ពី​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា វេទិកា​នេះ​មាន​គោលបំណង ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​អាស៊ាន​មួយចំនួន ដែល​បាន​ទទួលផល​ក្នុងការ​ប្រគល់​ទទួល​វត្ថុ​បុរាណ​ដែល​ត្រូវបាន​លួច​ត្រឡប់មកវិញ​។

ជាមួយគ្នានេះ ឯកឧត្តម​សង្ឃឹមថា ប្រទេស​ពាក់ព័ន្ធ​នឹង​សហការគ្នា​ឆ្ពោះទៅរក​ការអនុវត្ត​សកម្មភាព​រួម​ក្នុង​ការការពារ​បេតិកភណ្ឌ​វប្បធម៌ ទន្ទឹមនឹង​ការលើកកម្ពស់​ការយល់​ដឹង និង​ការផ្លាស់ប្តូរ​វប្បធម៌​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​គោលដៅ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន​។​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បញ្ចប់​ការជួញដូរ​វត្ថុ​បុរាណ ហើយ​យើង​នឹងធ្វើ​ការរួម​គ្នា​ជាមួយ​រដ្ឋាភិបាល​អន្តរ​ជាតិ និង​ដៃគូ​វិស័យ​ឯកជន ដើម្បី​ឈានដល់​ការបញ្ចប់​រឿងនេះ​៖ «​យើង​ជឿជាក់ថា​បញ្ហា​នៃ​ការជួញដូរ​វត្ថុ​បុរាណ​គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ និង​ជា​បញ្ហា​នៃ​សមាជិក​អាស៊ាន​ផ្សេងទៀត​។ ហេតុដូចនេះ​យើង​បាន​អញ្ជើញ​តំណាង​រដ្ឋាភិបាល​អាស៊ាន អាស៊ាន​បូក​បី ដៃគូ​សន្ទនា និង​ក្រុម​អ្នកជំនាញ​អន្តរជាតិ​មក​ថ្ងៃនេះ ដើម្បី​អភិវឌ្ឍន៍​ជំហាន​ទៅមុខ​រួមគ្នា​»​។​



លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមក​សម្បត្តិ​វប្បធម៌​ជាច្រើន​របស់​កម្ពុជា​ត្រូវបាន​គេ​លួច​នាំចេញ​ដោយ​ខុសច្បាប់​ពី​ប្រទេស និង​បាន​ចរាចរ​ទៅ​ដាក់លក់​នៅលើ​ទីផ្សារ​សិល្បៈ​អន្តរជាតិ​។ ការ​លួច​បំផ្លិចបំផ្លាញ​នេះហើយ ដែល​នាំ​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់ទី​តាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ លប់បំបាត់​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​របស់​ប្រជាជាតិ​មួយ​។ សម្បត្តិ​វប្បធម៌​ជាតិ​ទាំងនោះ គួរតែ​ស្ថិតនៅ​ទីតាំង​ដើម​របស់​វា ដែលជា​ដួងព្រលឹង និង​ជា​កិត្យានុភាព​ជាតិ ទើ​អាចបង្កើត​ការងារ​ចម្រុះ​ដែលជា​ចរន្ត​សេដ្ឋកិច្ច​ដល់​មនុស្សជាតិ​។ ការយល់ដឹង​អំពី​កិច្ចការពារ​សម្បត្តិ​វប្បធម៌ និង​ការអភិរក្ស គឺជា​កត្តា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ភារកិច្ច​ចម្បង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ជាមួយគ្នានេះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​ផងដែរ​ថា កន្លងមក​ពាក់ព័ន្ធ​នឹង​ការទាមទារ​មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​កម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពជោគជ័យ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ទាម​ទារក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​ដែល​ត្រូវបាន​គេ​លួច​នាំចេញ​ដោយ​ខុសច្បាប់​។

លោកជំទាវ​សង្ឃឹមថា ការរៀបចំ​សន្និសីទ​អន្តរជាតិ​ប៉ុន្មាន​ថ្ងៃនេះ នឹង​អាច​ផ្តល់ឱកាស​ក្នុង​កិច្ចពិភាក្សា​យ៉ាង​ស៊ីជម្រៅ អំពី​ទំហំ​នៃ​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​នៅក្នុង​តំបន់ និង​បាន​គូសបញ្ជាក់​យុទ្ធសាស្ត្រ​នានា ដែល​អាច​និយាយបានថា ជាការ​ចាប់ផ្តើម​ទទួល​ផ្លែផ្កា​នៃ​ការនាំ​ត្រឡប់មកវិញ​នៃ​វត្ថុ​បុរាណ​ដែល​ត្រូវបាន​លួច​ទៅ​៖ « យើង​បាន​នឹង​កំពុង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ពី​ភាព​សកម្ម​ក្នុងនាម​ជា​សមាជិក​អាស៊ាន ក្នុងការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ក្នុង​តំបន់ ការលើកកម្ពស់​ក្រមសីលធម៌ និង​ទីផ្សារ​សិល្បៈ​ស្របច្បាប់​។ បេសកកម្ម​នេះ គឺ​ស្របតាម​គោលបំណង​សំខាន់​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ស្ដីពី​កិច្ចការពារ និង​ការលើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន ទន្ទឹមនឹងនេះ កម្ពុជា​ក៏​សង្ឃឹមថា នឹង​អាច​លើកស្ទួយ​ការយល់ដឹង​ពី​វប្បធម៌ និង​ជំរុញ​គោលដៅ​ចម្បង​នៃ​អាស៊ាន គឺ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។​

​សូមបញ្ជាក់ថា សន្និសីទ​អន្តរជាតិ​នេះ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមសហការ​ដោយ Antiquities Coalition នៃ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា លើ​ការការពារ និង​ការទប់ស្កាត់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ ដែល​កំពុង​រង​ការ​គម្រាមកំហែង​ដល់​បេតិកភណ្ឌ​ដ៏​សម្បូរបែប​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​, សហគមន៍​ក្នុង​តំបន់ និង​សេដ្ឋកិច្ចជាតិ ដែលជា​កត្តាចាំបាច់​រប​ស់​ប្រជាជន​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​នានា​នៅក្នុង​តំបន់​អាស៊ាន រួមជាមួយ​អ្នកជំនាញ​ជាន់ខ្ពស់​មកពី​ជុំវិញ​ពិភពលោក ដែលជា​អ្នកដឹកនាំ​ផ្នែក​គោលនយោបាយ ការអនុវត្ត​ច្បាប់ សារមន្ទីរ​នានា ទីផ្សារ​សិល្បៈ និង​សង្គម​ស៊ីវិល​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close