កម្ពុជា​-​ថៃ ឯកភាព​លើ​ផែនការ ១១​ចំណុច ដើម្បី​រួមគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ស្ដា​រ​ទេសចរណ៍​ឡើងវិញ​

​កោះកុង​៖ ដើម្បី​ចូលរួម​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​កូ​វីដ​១៩ ក៏ដូចជា​ជំរុញ​ទាក់ទាញ​ចលនា​ភ្ញៀវទេសចរ​ឡើងវិញ​នោះ ភាគី​កម្ពុជា​និង​ភា​គិ​ថៃ​បានសម្រេច ឯកភាពគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើ​ផែនការ​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ​ជាង​១០​ចំណុច​។​

​បើតាម​លោក ទ្រី​វ ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន បាន​ឲ្យ​ដឹងថា ការឯកភាព​គ្នា​លើ​ផែនការ​សកម្មភាព​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​កម្ពុជា​-​ថៃ​លើក​ទី​៦ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​ទេសចរណ៍​កម្ពុជា​-​ថៃ ខណៈ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ថុ​ក សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​រួមមាន​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ តំណាង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តកោះកុង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ជាប់​ព្រំដែន រីឯ​ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ​ឯកឧត្តម មង្គល វិមល​រ័ត្ន (Mongkon Wimonrat) ជា​អគ្គលេខាធិការរង​នៃ​ក្រសួងទេសចរណ៍​និង​កីឡា​ថៃ អមដោយ​មន្ត្រី​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា និង​តំណាង​ផ្នែក​ឯកជន​។ កិច្ចប្រជុំ​នេះដែរ​គឺធ្វើឡើង​នៅ​ខេត្តកោះកុង នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក​បាន​លើកឡើងថា ដំបូង​ឡើយ ភាគី​ទាំងពីរ​ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ២០២៣-២០២៥ ដែល​ផ្តោត​សំខាន់​លើ​ខ្លឹមសារ​មួយចំនួន រួមមាន​៖
១.​ពង្រឹង​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ការឆ្លងកាត់​ព្រំដែន ២.​ការផ្សព្វផ្សាយ​និង​សិក្សា​ទីផ្សារ​រួមគ្នា​ក្រោម​មូលបទ «​ប្រទេស​ពីរ គោលដៅ​មួយ​» ៣.​ការអភិវឌ្ឍ​ធនធានមនុស្ស ៤.​ការអភិវឌ្ឍ​គុណភាព​ទេសចរណ៍ ៥.​ការផ្សព្វផ្សាយ​ឱកាស​វិនិយោគ​ទេសចរណ៍​នៅក្នុង​ប្រទេស​ទាំងពីរ​។​

​ទន្ទឹមនឹង​ផែនការ​សកម្មភាព​ខាងលើ ភាគី​ទាំងពីរ បាន​គូស​រំលេច​នូវ​ការគាំទ្រ​គ្នា​ទៅវិញទៅមក លើ​ទិសដៅ​អនាគត ដូចខាងក្រោម​៖
១. ក្នុងដំណាក់កាល​នៃ​ការស្ដារ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ ភាគី​ទាំងពីរ​នឹង​ជំរុញ​រៀបចំ​ឱ្យបាន​ឆាប់​នូវ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​រួម​នៃ​បណ្ដា​ខេត្ត​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ (Cross-Border Joint Tourism Packages) ដែល​នឹង​ជំរុញ​រំហូរ​ទេសចរ​ទៅវិញទៅមក​ទៅកាន់​បណ្ដា​ខេត្ត​នៃ​ប្រទេស​ទាំងពីរ​។​
២. ភាគី​ទាំងពីរ​ឯកភាព​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ជើងហោះហើរ​ត្រង់​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ពីរ ក៏ដូចជា​ការសម្រួល​កា​រ​ធ្វើដំណើរ​នៅតាម​ច្រក​អន្តរជាតិ​នានា​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​
៣. ភាគី​ទាំងពីរ​ឯកភាព​បន្ត​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​សុខភាព ទេសចរណ៍​ពុទ្ធសាសនា ទេសចរណ៍​តាម​នាវា​សមុទ្រ​ជាដើម​។​
៤. ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​រួមគ្នា​ធ្វើការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​រៀបចំ​បង្កើត​និង​ផ្តល់ជូន​នូវ​កញ្ចប់​ផលិតផល​ទេសចរណ៍​រួម ក្រោម​ក្របខណ្ឌ​នៃ​ការផ្សព្វផ្សាយ «​ព្រះរាជាណាចក្រ​ពីរ គោលដៅ​មួយ​» សំដៅ​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ទេសចរ​ពី​ប្រទេស​ទាំងពីរ ក៏ដូចជា​ទេសចរ​មកពី​ប្រទេស​ទី​បី​ឱ្យមក​ទស្សនា​ប្រទេស​ទាំងពីរ​។​
៥. ភាគី​ទាំងពីរ​នឹង​រៀបចំ​ឱ្យមាន​នាវា​កម្សាន្ត​តាម​សមុទ្រ ដែល​រួមបញ្ចូល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត ដែល​នឹង​គ្រោង​ប្រកាស​បើក​ដំណើរ​ការទទួល​ទេសចរ​តាម​សមុទ្រ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
៦. ភាគី​ទាំងពីរ​បន្ត​ជំរុញឱ្យមាន​ទស្សនកិច្ច​អ្នកជំនាញ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ក្រោម​ក្របខណ្ឌ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP) ដែលជា​គម្រោង​សាកល្បង សំដៅ​ចែករំលែក​បទពិសោធន៍​ដល់​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​។​
៧. ភាគី​ថៃ​បាន​គាំទ្រ​ឱ្យមាន​ការបណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​បន្ថែម​ដល់​អ្នកបម្រើ​ការងារ​ក​ម្ពុ​ជា​ដែល​កំពុង​បម្រើ​សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋាកិច្ច​ក្នុងប្រទេស​ថៃ ដោយ​រដ្ឋាភិបាល​ថៃ​នឹងដាក់​ចុះ​កញ្ចប់​ថវិកា​បណ្ដុះបណ្ដាល​នេះ​។​
៨. ភាគី​ទាំងពីរ​នឹង​សហការ​រៀបចំ​វេទិកា​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​នាពេល​វេលា​ស​ម​ស្រប​ខាងមុខ ព្រមទាំង​នឹង​រៀបចំ​ឱ្យមាន​ជំនួប​រវាង​ភាគី​ឯកជន​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ (Fam-Trip) ក្នុងប្រទេស​ទាំងពីរ​។​
៩. ភាគី​ថៃ​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​កម្ពុជា​ជំរុញ​ឱ្យ​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ជំរុញ​ទេសចរណ៍​ក្នុង​អាស៊ាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា​អាស៊ាន​ដែល​នឹងចូលរួម​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ផងដែរ​។​
១០. ភាគី​ថៃ​នឹង​ចែករំលែក​បទពិសោធន៍​លើ​ការរៀបចំ​គណនី​ទេសចរណ៍​រណប (Tourism Satellite Accounts) ដល់​មន្ត្រី​ជំនាញ​ទេសចរណ៍ ដើម្បី​រៀបចំ​គណនី​ជាតិ​របស់ខ្លួន​។​
១១. ភាគី​ថៃ​ក៏បាន​ទទួល​ពិចារណា​លើ​សំណើ​របស់​កម្ពុជា​លើ​គំនិត​ផ្ដួចផ្ដើម​បង្កើតឱ្យមាន​លេខាធិការដ្ឋាន​ទេសចរណ៍​អេក​ម៉ិ​ក (ACMECS Tourism Secretariat) ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ក្នុង​ក្របខណ្ឌ​អនុតំបន់​នេះ​។​

​លោក ទ្រី ឈី​វ បាន​បន្តទៀតថា ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ២០១៩-២០២១ កន្លងមក ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​-​ថៃ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៨ នៅ​ខេត្តកំពត​។
​ទោះបី​ស្ថិតក្រោម​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ភាគី​ទាំង​ពីរបាន​ចែករំលែក​ព័ត៌មាន​និង​បទពិសោធន៍​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នា​រយៈពេល​២​ឆ្នាំកន្លងមក ក៏ដូចជា​ចែករំលែក​បទពិសោធន៍​លើ​ដំណោះស្រាយ​ចំពោះ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩​ដល់​វិស័យ​ទេសចរណ៍​។
​ភាគី​ថៃ​ក៏បាន​កោតសរសើរ​ដល់​វិធានការ​គ្រប់គ្រង​វិបត្តិ​ដ៏​មាន​ប្រសិទ្ធភាព​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការកំណត់​យក​ការចាក់​វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការបើក​វិស័យសេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ក្នុង​បរិបទ​នៃ​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា ភាគី​ទាំងពីរ​កម្ពុជា​-​ថៃ​ក៏​នឹង​ជួបពិភាក្សា​បន្តទៀត​នាឱកាស​កិច្ចប្រជុំ​គណៈកម្មាធិការ​ទេសចរ​ណ៍​អាស៊ាន​នៅ​ខេត្តសៀមរាប​ក្នុង​សប្ដាហ៍​ខាងមុខ ក៏ដូចជា​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី និង​ថ្នាក់​រដ្ឋមន្ត្រី​អេក​ម៉ិ​ក ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១-៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close