ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ ត្រូវបាន​អនុញ្ញាតឱ្យ​នាំចូល និង​ចែកចាយ​ឡើងវិញ ក្រោយ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ “​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ជូនដំណឹង​និង​ដាក់ចេញ​នូវ​វិធានការ​ការផ្អាក​ជា​បណ្តោះ​អាសន្ន ការនាំ​ចូល​និង ចែកចាយ​ផលិតផល​ម្សៅ​លាប​ទារក​និង​កុមារ​ចំនួន​១២ លេខ​កូដ នៅក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ មានការ​សង្ស័យថា​មាន​វត្តមាន​សារធាតុ​អាស​បេ​ស្តុ​ស (Asbestos)​។

​វិធាន​ការដែល​បាន​អនុវត្ត​នេះ គ្រាន់តែ​ជា វិធានការ​បង្ការ​ជាមុន ដោយហេតុថា​សារធាតុ​អាស​បេ​ស្តុ​ស​ដែល​អាចមាន​នៅក្នុង​ម្សៅតាល់​ស៍ (Talcum Powder) គឺជា​សារធាតុ​គ្រោះថ្នាក់ និង​ជាការ​ព្រួយបារម្ភ​សកល ដែល​ចាំបាច់​តម្រូវឱ្យមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់​ឱ្យបាន ត្រឹមត្រូវ​និង​ច្បាស់លាស់​។​

​បន្ទាប់ពី​បាន​បន្ត​ការពិនិត្យ​និង​វិភាគ​យ៉ាង​ល្អិតល្អន់​លើ​គំរូ​ផលិតផល ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និត ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នៃ​ប្រទេស​អូស្ត្រាលី អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​ប្រកាស​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាច​នាំចូល និង​ចែកចាយ​ឡើងវិញ នូវ​ផលិតផល​ម្សៅ​លាប​សម្រាប់​ទារក​និង​កុមារ​ទាំង​១២​លេខ​កូដ ដែល​បានកំណត់ អត្តសញ្ញាណ​ក្នុង​តារាង​ឧបសម្ព័ន្ធ​នៃ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​។​

​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​ជម្រាបជូន​សាធារណជន​ផងដែរ​ថា​៖
– វិធីសាស្ត្រ​វិភាគ​រកសារ​ធាតុ​អាស​បេ​ស្តុ​ស (Asbestos) ដែល​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. យកមកអនុវត្ត ត្រូវបាន​ផ្ដល់​និង​បណ្ដុះបណ្តាល​ដោយ​ក្រុម​អ្នកជំនាញ​នៃ​ប្រទេស​អូស្ត្រាលី ដោយ ប្រើប្រាស់​ប្រព័ន្ធ​ឧបករណ៍ Polarized Light Microscopy (PLM)​។ តាម​គោលការណ៍​នេះ សារធាតុ​អាស​បេ​ស្តុ​ស​និង​សារធាតុ​រ៉ែ​ដែល​ស្រដៀង​អាស​បេ​ស្តូ​ស (Asbestos look like minerals) ដែលមាន​នៅក្នុង​ម្សៅតាល់ អាច​ត្រូវបាន​កំណត់​រកឃើញ​ដូចគ្នា ដែល​តម្រូវឱ្យ​មានការ​វិភាគ ដោយ​ប្រើ​វិធីសាស្ត្រ​ដែលមាន​លក្ខណៈ​ទំនើប​និង​ជាក់លាក់​ជាង​នេះ​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​លទ្ធផល​ជាក់លាក់ : អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ស្វែងរក​ជំនួយ​ពី​ស្ថាប័ន OCCSAFE Australia ដើម្បី​ប​ញ្ចូ​ន​សំណាក​គំរូ​ដែល​សង្ស័យ​ទាំងនោះ ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍ COHLABS នៃ​ប្រទេស​អូស្ត្រាលី ដែលជា​មន្ទីរពិសោធន៍​ភាគី​ទី​៣ មានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​
– មន្ទីរពិសោធន៍ COHLABS បាន​ដំណើរ​ការវិភាគ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ Transmission Electron Microscopy (TEM) ដែលជា​បច្ចេកវិទ្យា​ទំនើប និង​បានបង្ហាញ​លទ្ធផល​ថា​សំណាក​គំរូ ទាំង​១២ នៃ​ផលិតផល​ម្សៅ​លាប​ទារក​និង​កុមារ មិនត្រូវ​បាន​រកឃើញ​មាន​សារធាតុ​អាស​បេ​ស្តុ​ស​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​តាមដាន​និង​ស្រាវជ្រាវ​ករណីនេះ ដោយ​សហការ​ជាមួយ​គ្រប់ភាគី ពាក់ព័ន្ធ ដើម្បី​ធានាថា​រាល់​ផលិតផល​ដែល​កំពុង​ចរាចរ​ចែកចាយ​លើ​ទីផ្សារ មាន​អនុលោមភាព​ស្របតាម​បទដ្ឋាន ជាតិ​និង​អន្តរជាតិ​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​សាធារណជន​និង​ធុរជន​ទាំងអស់ បន្ត​ទទួលយក​ផលិតផល ទាំងនោះ​សម្រាប់​គោលដៅ​អាជីវកម្ម​និង​ការប្រើប្រាស់ ឬ​គោលបំណង​ផ្សេងទៀត តាម​តម្រូវការ​រៀងៗ​ខ្លួន​។ ជាមួយគ្នា​នោះដែរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​និង​ធុរជន​ពាក់ព័ន្ធ ដែល​បាន ចូលរួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បង្ការ​ជាមុន​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយថាហេតុ ដល់​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​និង​ផលប្រយោជន៍​របស់​ជាតិ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close