សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង បាន​រំលឹកថា​សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​ក្រសួងមហាផ្ទៃ​រៀបចំតាក់តែង​ឡើង​តាំងតែ​ពី​ឆ្នាំ​២០១៦ ដោយបាន​ឆ្លងកាត់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាច្រើនលើក​ជាច្រើន​សារ និង​ក៏មាន​ការចូលរួម​ពី​ភាគី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​

​សម្ដេច បាន​បន្តថា​ជាមួយគ្នានេះ កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​អាមេរិក​ចំនួន​៥ ហើយ​សម្រាប់​ភាគី​កម្ពុជា​វិញ មានការ​ចូលរួម​ពី​អន្តរក្រសួង រួមមាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួងយុត្តិធម៌​។​

​នាឱកាស​នោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ អំពី​ដំណើរការ​នៃ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ មុននឹង​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គប្រជុំ បាន​បន្ត​ពិភាក្សា​លម្អិត​លើ​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ​។​

​សេចក្ដីព្រាងច្បាប់​ដែលមាន​៨​ជំពូក​និង​៥០​មាត្រា​នេះ មាន​គោលបំណង​ធានា សុចរិត​ភាព នៃ​ការប្រើប្រាស់ ការគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការការពារ​សិទ្ធិសេរីភាព​បុគ្គល​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​។​

​សេចក្ដីព្រាង​បានឱ្យដឹងថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា ព័ត៌មាន​ដែល​ប្រព្រឹត្ត​នៅក្នុង ឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​អំពើ​នោះ​ធ្វើឱ្យ ប៉ះពាល់​ដល់​រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ឬ​ផលប្រយោជន៍​របស់​កម្ពុ​ជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close