គណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣
ភ្នំពេញ៖ សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រថេចអនុម័តទាំងស្រុង។
សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (ផ.យ.អ.ជ.)២០១៩-២០២៣ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០៣០ មានទិដ្ឋភាពសំខាន់ចំនួន ២ (១)គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍
នេះ (២)ទម្រង់ និងខ្លឹមសាររបស់របាយការណ៍នេះ។
១.គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣៖
-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍
ជាតិ ២០១៩-២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណ។
របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់
កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។
២.ទម្រង់ និងខ្លឹមសារ ៖
សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។ ខ្លឹមសារក្នុងជំពូកនីមួយៗរបស់របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣នេះ ដូចតទៅ៖ ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្ត្រនៃការរៀបចំផងដែរ។ ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។ ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍នេះ ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។
បណ្ដាអាទិភាពសំខាន់ៗ ដែលបានរាយការណ៍នៅក្នុងជំពូកនេះរួមមាន៖
ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រ និងកំណើនប្រកបដោយបរិយាប័ន្ន។
ការពង្រឹងសន្តិភាព ការលើកកម្ពស់សេ្ថរភាពនយោបាយ និងសណ្ដាប់សាធារណៈសម្រាប់បង្ករបរិយាកាសអំណោយផលដល់ ធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍ។
ការអភិវឌ្ឍធនធានមនុស្ស។
ការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់កំណើន។
ការអភិវឌ្ឍវិស័យឯកជន និងការងារ។
ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។
ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។ របាយការណ៍នេះ បានធ្វើចំណោលអំពីតម្រូវការធនធានសម្រាប់រយៈពេល អាណិតកាលពីរឆ្នាំកន្លះដែលនៅសល់ (ខែកក្កដា ឆ្នាំ២០២១ ដល់២០២៣) ដោយមានការស្នើឡើងនូវប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅប្រទេសព្រមទាំងការវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជន។
ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។ បញ្ជីសូចនាករសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ ត្រូវប្រើប្រាស់សម្រាប់វាតម្លៃលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ តាមវិស័យ តាមឆ្នាំនីមួយៗ។ ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។