អាច​នឹងមាន​ប្រទេស​ជាច្រើន​ចាកចេញ​ផ្តាច់ខ្លួន​ចេញពី​ស្តេ​ខ​អង់គ្លេស​

​ក្រោយ​ព្រះមហា​ក្សត្រិយានី យាង​សោយ​ព្រះ​ពិរាល័យ ប្រទេស​មួយចំនួន​ក្នុងចំណោម​ប្រទេស​ទាំង​១៤ គាំទ្រ​ស្តេច​អង់គ្លេស​ជា​ប្រមុខរដ្ឋ នៅពេលនេះ​អាច​នឹងត្រូវ​ផ្តាច់ខ្លួន​ជា​ប្រទេស​សាធារណរដ្ឋ បញ្ចប់​ឥទ្ធិពល​នៃ​ចក្រភព​អង់គ្លេស​។​

​ព្រះមហា​ក្សត្រិយានី Elizabeth II គឺជា​ស្តេច​ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​បំផុត​ក្នុង​រយៈពេល ៧០​ឆ្នាំកន្លងមក​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។ ប្រទេស​នេះ​ក៏បាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​និង​កាន់ទុក្ខ ដល់​ការ​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហា​ក្សត្រិយានី​ផងដែរ​។​

​ក្នុងពេល​នេះដែរ ក្រោយពេល​អង់គ្លេស​មាន​ស្តេច​ថ្មី នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ លោកស្រី Jacinda Ardern បានឱ្យដឹងថា នូ​វែ​ល​ហ្សេ​ឡង់​នឹង​ក្លាយជា​ប្រទេស​សាធារណរដ្ឋ​បញ្ចប់​របបរាជានិយម ប៉ុន្តែ​មិនមែនជា​ពេលនេះ​ឡើយ​។​

​សារព័ត៌មាន Reuters នៅ​ថ្ងៃ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ លោកស្រី Jacinda Ardern បាន​និយាយថា​នូ​វែ​ល​ហ្សេ​ឡង់​នឹងមិន​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ក្លាយខ្លួនជា​សាធារណរដ្ឋ​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ទេ បើទោះជា​លោកស្រី​ផ្ទាល់​ជឿថា​ប្រជាជាតិ​ប៉ាស៊ីហ្វិក​មួយ​នេះ​អាច​នឹង​ក្លាយជា​សាធារណរដ្ឋ នៅពេល​អនាគត​ក៏ដោយ​។​

​លោកស្រី អា​ឌើ​ន​( Ardern) ធ្វើការ​កត់សម្គាល់​ខាងលើ​ក្នុងពេល​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​នៅពេល​ត្រូវបាន​សាក​សួរថា តើ​ការផ្លាស់ប្ដូរ​នៅក្នុង​រាជវង្ស​ចក្រភព​អង់គ្លេស​ក្រោយ​ការចូល​ទិវង្គត​របស់​ម្ចាស់​ក្ស​ត្រី​អេ​លីហ្សា​បែ​តទី​២ អាច​នឹង​នាំឱ្យមាន​ការជជែក​ដេញដោល​ពីរ​បប​សាធារណរដ្ឋ​ក្នុងប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ដែរឬទេ​?

​ថ្លែង​នាឱកាស​នោះ លោកស្រី អា​ឌើ​ន បានកត់សម្គាល់​ដូច្នេះ​ថា «​ខ្ញុំ​មិន​គិតថា​វា​ជា​រឿង​បន្ទាន់​នោះទេ​។ វា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​យើង​ត្រូវ​ប្រឈម ហើយ​វា​ជាការ​ជជែក​ដេញដោល​ដែល​ត្រូវ​ចំណាយពេល​យូរ និង​សំខាន់បំផុត​…​កុំ​គិតថា​វា​ជា​រឿង​មួយ​ដែល​អាច​នឹង​ឬ​គួរតែ​កើតឡើង​ភ្លាមៗ​»​។ នូ​វែ​ល​ហ្សេ​ឡង់​គឺជា​ប្រទេសមួយ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ចំនួន​១៥ ដូចជា​អូស្ត្រាលី និង​កាណាដា​ជាដើម ដែលមាន​សេ្ដច​ចក្រភព​អង់គ្លេស​ជា​ប្រមុខរដ្ឋ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close