កម្ពុជា នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​តួ​ក​គី នាពេលខាងមុខ

​ភ្នំពេញ​៖ កម្ពុជា​-​តួ​ក​គី សុទ្ធតែ​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​បន្ថែមទៀត និង​ចង់ឱ្យមាន​ចលនា​ទេសចរ​ទៅមក​កើនឡើង ដូច្នេះហើយ​ទើប​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ស្ថានទូត​តួ​ក​គី​ប្រចាំ​កម្ពុជា លោកស្រី អ៊ូ​ល​ឃូ កូ​ចេ​អ៊ែ​ហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញា​ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់​កម្ពុជា​-​តួ​ក​គី​ឱ្យបាន​ក្នុង​អាណត្តិ​បេសកកម្ម​របស់ខ្លួន​។​

​ការសន្យា​នេះ​ធ្វើឡើង​នាឱកាស​ដែល​លោកជំទាវ អ៊ូ​ល​ឃូ កូ​ចេ​អ៊ែ​ហ្វ៊ែ ជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ បន្ទាប់ពី​លោកជំទាវ​ទទួល​បេសកកម្ម​ថ្មី​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាបជូន​លោកជំទាវ​ឯកអគ្គរដ្ឋទូត​អំពី​ស្ថានភាព​ទេសចរណ៍​កម្ពុជា​ដែល​កំពុង​ងើប​ឡើងវិញ​បណ្ដើរៗ តាមរយៈ​ការខិតខំ​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ប្រការនេះ​បាន​ជំ​រុញឱ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជិត​១​លាន​នាក់ (​កើនឡើង ៧២០%) ត្រឹម​រយៈពេល​៨​ខែ​ឆ្នាំ​២០២២​។​

​លោកជំទាវ អ៊ូ​ល​ឃូ កូ​ចេ​អ៊ែ​ហ្វ៊ែ បាន​កោតសរសើរ​អំពី​ភាពល្អប្រសើរ​នៃ​ការគ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩​នៅ​កម្ពុជា ការគោរព​បាន​នូវ​វិធានការ​សុខាភិបាល​របស់​ប្រជាជន​កម្ពុជា ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​/​អាយុជីវិត​របស់​ប្រជាជន តាមរយៈ​គោលនយោបាយ​ចាក់​ស្រោច​វ៉ាក់សាំង និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩​របស់​រាជរដ្ឋាភិបាល​។ លោកជំទាវ​ក៏​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា គឺ​ដូច​ការផ្សព្វផ្សាយ​នៅក្រៅ​ប្រទេស​ពិតមែន​។
​លោកស្រី​បានបង្ហាញ​អារម្មណ៍​មាន​ភាពកក់ក្ដៅ មាន​សុវត្ថិភាព​ក្នុងការ​មក​រស់នៅ​និង​បំពេញបេសកកម្ម​នៅ​កម្ពុជា​នេះ ហើយ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​តំបន់​បេតិកភណ្ឌ​អង្គរ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ឯក​ឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ភាគី​កម្ពុជា​-​តួ​ក​គី​ឯកភាពគ្នា​ជំរុញ​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះហត្ថលេខា​រួចរាល់​នៅ​ប្រទេស​តួ​ក​គី​កាលពី​ឆ្នាំ​២០១៨ និង​បានរៀបចំ​ក្រុមការងារ​អនុវត្ត​រួចហើយ​ដែរ ធ្វើយ៉ាងណា​អនុវត្ត​ឱ្យបាន​ប្រសិទ្ធភាព ផ្លែផ្កា និង​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ត្រង់ចំណុច​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមថា កិច្ចព្រមព្រៀង​ស្ដីពី​វិស័យ​ទេសចរណ៍​នោះ​គឺ​ផ្ដោតលើ​ការជំរុញ​ចលនា​ទេសចរ​ទៅវិញទៅមក ពិសេស​គឺ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​តួ​ក​គី​។​

​ឯកឧត្ដម​មានប្រសាសន៍​ថា «​ក្នុង​អាណត្តិ​ដែល​លោកជំទាវ​បំពេញបេសកកម្ម​នៅ​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត​តួ​ក​គី​បាន​សន្យា​សម្រេច​ឱ្យបាន​នូវ​ការតភ្ជាប់​ការហោះហើរ​ត្រង់​កម្ពុជា​-​តួ​ក​គី ពីព្រោះ​ដើម្បី​ជំរុញឱ្យមាន​កំណើន​ទេសចរ​ទៅបាន ចាំបាច់​ត្រូវមាន​ការដឹកជញ្ជូន​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​អះអាងថា បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ គឺ​សុទ្ធតែ​អាចឱ្យ​យន្តហោះ​ខ្នាត​ធំ​ចុះចត​បាន ដូច្នេះ​ការ​ចុះចត​យន្តហោះ​ដែល​មកពី​តួ​ក​គី​នោះ​គឺ​មិនមែនជា​បញ្ហា​ឡើយ​។​

​ពិសេស​ជាង​នេះ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ការជំរុញ​ឱ្យមាន​បណ្ណទេ​ស​ចរណ៍​ពណ៌​បៃតង (Green Pass) ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការស្នើសុំ​ទិ​ដ្ឋ​ការចេញ​/​ចូល​របស់​ភ្ញៀវទេសចរ ក៏ដូចជា​ការធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ទាំងពីរ​។​

​ក្រៅពីនេះ កិច្ចព្រមព្រៀង​ក៏​ផ្ដោតលើ​ការជំរុញ​អ្នកវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​តួ​ក​គី​គឺមាន​អ្នកវិនិយោគ​ច្រើន​ដែរ ហើយ​កម្ពុជា​-​តួ​ក​គី​ក៏ត្រូវ​បន្ត​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​មន្ត្រីរាជការ​ប្រទេស​ទាំងពីរ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close