រដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រធានក្រុមហ៊ុន CISBAY អាស៊ីប៉ាស៊ីហ្វិច ពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes
ភ្នំពេញ៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ីប៉ាស៊ីហ្វិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes។
ជាបឋម លោក Jimmy TAY បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងកិច្ចស្វាគមន៍ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ហើយចំពោះជំនួបនាព្រឹកនេះ គឺដើម្បីធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញអំពីបច្ចេកទេសថ្មី ដែលមានសារៈសំខាន់ និងជាពិសេសអត្ថប្រយោជន៍នៃការប្រើប្រាស់អតិសុខុមប្រាណដី Soil Microbes ទៅលើគុណភាពដី និងដំណាំ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុនបាន និងកំពុងប្រើប្រាស់ក្នុង ១១ប្រទេស ហើយក្នុងនោះ ៧ប្រទេស គឺស្ថិតនៅក្នុងតំបន់អាស៊ីមានប្រទេសម៉ាឡេស៊ី ប្រទេសថៃកំពុងប្រើប្រាស់លើមុខដំណាំស្រូវ ប្រទេសវៀតណាម លើមុខដំណាំកៅស៊ូ ប្រទេសឥណ្ឌូនេស៊ី លើមុខដំណាំប្រេងដូង ប្រទេសឥណ្ឌាលើមុខដំណាំស្រូវ ចេក និងស្រូវសាលី ប្រទេសចិនលើមុខដំណាំតែនិងស្រូវ និងប្រទេសហ្វីលីពីន។ ហើយកម្ពុជា គឺជាប្រទេសបន្ទាប់ដែលមាននៅក្នុងផែនការវិនិយោគ និងចែកចាយបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes នេះរបស់ក្រុមហ៊ុន។
លោក Jimmy TAY បន្តថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនលោក គឺមិនមែនជាផលិតផលជីនោះទេ គឺជាផលិតផលបំប៉នសម្រាប់ជួយកែប្រែដី ធ្វើឱ្យដីមានជីវជាតិ ហើយឈានទៅអាចកាត់បន្ថយការប្រើប្រាស់ជីបានជាង ៥០% ដោយក្នុង ១ហត ត្រូវការប្រើប្រាស់ផលិតផលនេះតែ ១គីឡូប៉ុណ្ណោះ។
ដោយក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន និងរុស្សី បានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃគួរឱ្យបារម្ភ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុន ដើម្បីជួយកសិករបង្កើនគុណភាពដី បង្កើនទិន្នផល និងជាពិសេសកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំ។
ហេតុនេះ ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនធ្វើកិច្ចសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងពិសោធលើផលិតផលនេះ ហើយជំហានបន្ទាប់គឺត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំប្រើប្រាស់សាកល្បងលើមុខដំណាំដែលមានសក្ដានុពលដូចជា ស្រូវ ពោត ដំឡូវមី ដំណាំស្លឹក និងកៅស៊ូនៅតាមស្ថានីយពិសោធនានានៅតាមខេត្តគោលដៅ មុនធ្វើការចែកចាយទៅលើទីផ្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។