ព្រឹកថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម លី សារី អភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុក និងចៅសង្កាត់ មេឃុំពាក់ព័ន្ធទាំងអស់

ពិនិត្យជារួម ផែនការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យ គឺមានចំនួន ២២.០០០ ហិកតា ប៉ុន្តែដោយសារឆ្នាំនេះ តម្លៃស្រូវបានខ្ពស់ បងប្អូនប្រជាកសិករបានសម្រុកដាំដុះយ៉ាងគំហុក ដែលមកដល់ពេលនេះសម្រេចបានលើផ្ទៃដីរហូតដល់ ៤៥.៨៨១ ហិកតា ហើយផ្ទៃដីមួយចំនួន ក៏កំពុងតែធ្វើការភ្ជួររាស់ ត្រៀមនឹងសាបព្រោះបន្ថែមទៀតផងដែរ ។ បញ្ហាទាំងនេះ បានធ្វើឲ្យមានការប្រឈមនឹងកង្វះខាតទឹកខ្លាំងនាពេលខាងមុខ មិនត្រឹមតែទឹកសម្រាប់ការងារបង្កបង្កើនផលប៉ុណ្ណោះទេ សូម្បីតែទឹកប្រើប្រាស់ក៏អាចប្រឈមដែរ ។ អាជ្ញាធរខេត្ត ពិសេសអាជ្ញាធរដែនដីក៏បានទទួលស្គាល់ដែរថា ចាប់តាំងពីពាក់កណ្តាលខែតុលាមក មន្ទីរបានចេញសេចក្តីជូនដំណឹងរួចមកហើយ អំពីសក្តានុពលទឹកសម្រាប់បង្កបង្កើនផលស្រូវប្រាំង ហើយអាជ្ញាធរខេត្ត ក៏ដូចជាស្រុក ឃុំពាក់ព័ន្ធ ក៏បានជួយផ្សព្វផ្សាយអំពីបញ្ហានេះឲ្យបានដល់ប្រជាពលរដ្ឋដែរ ប៉ុន្តែបងប្អូននៅតែបន្តធ្វើយ៉ាងគំហុក ទើបធ្វើឲ្យមានការប្រឈមដូចនាពេលនេះ ។ បើយោងតាមការព្យាករ នៅរដូវប្រាំងខាងមុខនេះ គឺអាចរហូតទៅដល់ពាក់កណ្តាលខែឧសភា ទើបមានភ្លៀងកក់ខែ ដូចនេះ ប្រសិនបើទាញទឹកទាំងអស់យកទៅស្រោចស្រព ខេត្តបន្ទាយមានជ័យ គឺមានការប្រឈមខ្លាំងនឹងកង្វះខាតទឹកសម្រាប់ការប្រើប្រាស់ ។

ក្រោយពីបានពិភាក្សា និងពិនិត្យឃើញការប្រឈមនេះ អង្គប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖

១. អាជ្ញាធរខេត្ត ស្រុក ឃុំ នឹងបន្តទប់ស្កាត់ការដាំដុះថ្មីៗបន្ថែមទៀត

២. មន្ទីរធនធានទឹក និងឧតុនិយមខេត្ត នឹងបន្តជួយអន្តរាគមន៍ស្រូវដែលបានដាំដុះរួច ទៅតាមលទ្ធភាព ដោយត្រូវយកចិត្តទុកដាក់ជាសំខាន់ផងដែរទៅលើការរក្សាទឹកទុកសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close