អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការងារ​ជួសជុល​កំពង់ទឹក​ខាងកើត ប្រាសាទព្រះខ័ន​

​ខឿន​កំពង់ទឹក​ដែល​ស្ថិតនៅ​ខាងកើត​ប្រាសាទព្រះខ័ន គឺជា​រចនាសម្ព័ន្ធ​មួយ​ក្នុងចំណោម​រចនាសម្ព័ន្ធ​ផ្សេងៗ​នៃ​ប្រាសាទ​នេះ កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ចុង​សតវត្ស​ទី​១២​ដល់​សតវត្ស​ទី​១៣ ជា​ព្រះ​ពន្លាជ័យ ឬ​កន្លែង​សម្រាប់​ព្រះរាជា ធ្វើដំណើរ​តាម​ទូក​ទៅកាន់​ក្រុម​ប្រាសាទនាគព័ន្ធ​នៅលើ​កូន​កោះ​កណ្តាល​បារាយ​ជ័យ​ត​ដាក​។ លក្ខណៈ​សំណង់​បែបនេះ​ឃើញ​មាននៅ​ស្រះស្រង់ នៅលើ​ខ្នង​ទំនប់​ខាងលិច​នៃ​បារាយណ៍​យ​សោធ​ដាក សព្វថ្ងៃ​ហៅ បារាយ​ខាងកើត និង​នៅ​ខាងកើត​ប្រាសាទបន្ទាយឆ្មា​។​ ​ដោយ​ពិនិត្យឃើញ​រចនាសម្ព័ន្ធ​របស់​កំពង់ទឹក​រង​សភាព​ខូចខាត​ទ្រុឌទ្រោម​ខ្លាំង ទើប​ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​សិក្សា​អំពី​គម្រោង​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​កំពង់ទឹក ដែល​នៅសល់​ឡើងវិញ ដើម្បី​ថែរក្សា​នូវ​រូបរាង​សំណង់​ឲ្យ​បាន​គង់​វង់​។

​លោក​ជា សា​រិ​ទ្ធិ បុរាណ​វិទូ និង​ជា​ប្រធាន​គម្រោង​ជួសជុល​កំពង់ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា គម្រោង​នេះ​ចែកជា​ពីរ​ដំណាក់កាល ហើយ​ដំណាក់កាល​ទី​១ ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០២២ រហូតដល់​ប​ច្ច​ប្បន្ន​បានបញ្ចប់​ការងារ​ជួសជុល​រួចរាល់​។ លោក​បន្តថា​មូលហេតុ ដែលនាំឱ្យ​មានការ​ជួស​ជុល ដោយសារ​ខឿន​កំពង់ទឹក​មានការ​ខូចខាត និង​បាត់​ថ្ម​អស់​ច្រើន ដោយ​កត្តា​អាយុកាល​នៃ​សំណង់ ឬ​ស​ឈើ​ចា​ក់បំ​ប៉ើង​ថ្ម ទឹកភ្លៀង​ហូរ​ច្រោះ​ដី នាំឱ្យ​ខឿន​ជុំវិញ​ស្រុតចុះ និង​ផ្នែក​ខ្លះ​រអិល​ធ្លាក់​ចូលក្នុង​ទឹកជា​ដើម​។ មុនពេល​ដំណើរការ​ជួសជុល ក្រុមការងារ​បានធ្វើ​កំណាយ​ស្រាវជ្រាវ ហើយ​រកឃើញ​ថ្ម​មួយចំនួន​ត្រឡប់មកវិញ និង​បាន​យក​ថ្ម​ទាំងនោះ​រៀបចំ​ទៅក្នុង​ទីតាំង​ដើម​វិញ​។​

​លោក​បាន​បន្តថា ក្រោយពេល​ជួសជុល​កំពង់ទឹក​នេះ នឹងមាន​ភាពល្អប្រសើរ ហើយ​រឹងមាំ ដែល​រក្សាបាន​នូវ​តម្លៃ​ដើម​នៃ​សំណង់​បុរាណ ធ្វើឱ្យ​ភ្ញៀវទេសចរ​អាច​ស្គាល់​ថា ព្រះ​ពន្លាជ័យ (​កំពង់ទឹក​) ។ ជាពិសេស​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទព្រះខ័ន​ផ្នែក​ខាងកើត និង​អាច​ទស្សនា​ទិដ្ឋភាព​ប្រាសាទនាគព័ន្ធ​លើ​កោះ​កណ្តាល​បារាយ​ជ័យ​ត​ដាក​សព្វថ្ងៃ​ហៅថា​ឬ​បារាយ​ខាងជើង​។​

​សូមជម្រាបថា សំណង់​កំពង់ទឹក​ខាងកើត ប្រាសាទព្រះខ័ន សាងសង់​នៅលើ​ខ្នង​ទំនប់​ខាងលិច នៃ​បារាយ​ខាងជើង រចនា​សម្ពន្ធ​នៃ​កំពង់ទឹក​នេះ​ផ្នែក​ខាងកើត​រាង​កាកបាទ​មាន​ជណ្តើរ​បី​ទិស ផ្នែក​កណ្តាល​មាន​ខឿន​ធំ​បណ្តោយ​ពី​ខាងលិច​ខាងកើត​ប្រវែង​២០​ម៉ែត្រ ទទឹង​ខាងជើង​ខាងត្បូង​ប្រវែង​២០​ម៉ែត្រ​។ ទីតាំង​នេះ ធ្លាប់មាន​ការធ្វើ​កំណាយ​សម្អាត ក្នុងសម័យ​បារាំង​នា​ឆ្នាំ​១៩២៨ បន្ទាប់មក​ក្នុង​ឆ្នាំ​២០០៦ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក បាន​សិក្សា​ស្រាវជ្រាវ​ធ្វើ​កំណាយ​សម្អាត​ជុំវិញ​ខឿន ដើម្បី​សិក្សា​ប្លង់​ស្ថាបត្យកម្ម​នៃ​កំពង់ទឹក និង​ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការងារ​ជួសជុល​ពង្រឹង​ឡើងវិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close