ស្លាប់ ១៦​នាក់ ជម្លៀស​ខ្លួន ជិត​១​លាន​នាក់​ដោយ​ការវាយប្រហារ​ពី​ព្យុះ​Sitrang ក្នុងប្រទេស​បង់​ក្លា​ដែ​ស​

​មន្ត្រី​បង់​ក្លា​ដែ​សបាន​ឲ្យ​ដឹងថា ព្យុះ Sitrang នៅ​ថ្ងៃទី ២៥​ខែតុលា​បាន​ចូលមក​ដីគោក​ឆ្នេរសមុទ្រ​ប្រទេស​បង់​ក្លា​ដែ​ស បង្ក​ឲ្យ​មាន​ខ្យល់​ខ្លាំង បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង ផ្តួលរំលំ​ដើមឈើ​ជាច្រើន កាត់ផ្តាច់​ចរាចរណ៍ និង​ដាច់​អគ្គិសនី ប្រព័ន្ធ​ទំនាក់ទំនង ។ មន្ត្រី​បង់​ក្លា​ដែ​សបាន​ឲ្យ​ដឹងថា​មកទល់ពេលនេះ​មាន​មនុស្ស ១៦​នាក់​ស្លាប់​។

​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គា ទី​២៥ ខែតុលា ឆ្នាំ​២០២២​បាន​ផ្សាយ​ថា ព្យុះ​ស៊ីក្លូន Sitrang បាន​បោកបក់​ដល់​ភាគខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ល្ងាច​ថ្ងៃ​២៤​ខែតុលា ប៉ុន្តែ​អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ប្រហែល​១​លាន​នាក់ ទៅកាន់​ទី​សុវត្ថិភាព មុនពេល​អាកាសធាតុ​អាក្រក់​មកដល់​។ រីឯ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៣៣,០០០​នាក់ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​បញ្ជា​កុំឱ្យ​ចេញពី​កន្លែង​ស្នាក់នៅ និង​មិនមាន​របាយការណ៍ អំពី​ការខូចខាត​ណាមួយ​ព ដែល​បង្កឡើង​ដោយ​ព្យុះ​ស៉ី​ក្លូន​នេះ​នៅឡើយ​ទេ​។​

​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​ទូទាំងប្រទេស​បង់​ក្លា​ដែ​ស និង​បង្ក​ជា​ទឹកជំនន់​នៅ​ទីក្រុង​Dhaka, Khulna និង​បារី​សាល់ Barisal​។ មនុស្ស​ប្រហែល​១០​លាន​នាក់ នៅក្នុង​ស្រុក​ចំនួន​១៥ ដែល​ជាប់​ឆ្នេរសមុទ្រ គឺ​គ្មាន​ថាមពល​ប្រើប្រាស់ ខណៈ​សាលារៀន​ត្រូវបាន​បិទ​នៅ​ទូទាំង​តំបន់​ភាគខាងត្បូង និង​ភាគ​និរតី​។​

​លោកស្រី Jebun Nahar មន្ត្រី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​និយាយថា «​មនុស្ស​ចំនួន​១៤​នាក់​បាន​ស្លាប់ ដែល​ភាគច្រើន​ត្រូវ​ដើមឈើ​ដួលរលំ​លើ ហើយ​២​នាក់​បាន​ស្លាប់ ដោយសារ​លិច​ទូក​លិច​នៅក្នុង​ទន្លេ​ចា Jamuna ភាគ​ខាងជើង​។ រហូតមកដល់​ពេលនេះ យើង​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​នៃ​ការខូចខាត​ទាំងអស់​នៅឡើយ​ទេ​»​។​

​ព្យុះ​ស៊ីក្លូន ដែល​មានន័យ​ស្មើនឹង​ព្យុះ​ហឺ​រី​ខិ​ន​នៅ​តំបន់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ឬក៏​ព្យុះ​ទី​ហ្វុ​ង​នៅ​តំបន់​ប៉ាស៊ីហ្វិក គឺជា​ការគំរាមកំហែង​ដែល​កើតឡើង​ជាប្រចាំ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា បញ្ហា​ប្រែប្រួល​អាកាសធាតុ ទំនងជា​ធ្វើ​ឲ្យ​កើតមាន​ព្យុះ​កាន់តែខ្លាំង និង​ញឹកញាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close