រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចូល​រួច​កិច្ចប្រជុំពេញអង្គ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ លើក​ទី​១០

​បន្ទាប់ពី​កិច្ចប្រជុំ​នាំមុខ​ដោយ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ លើក​ទី​១៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយនឹង​ដៃគូ​សន្ទនា​លើ​កិច្ចការ​វប្បធម៌ និង​សិល្បៈ រួមមាន​៖ អាស៊ាន​បូក​បី អាស៊ាន​-​ចិន អាស៊ាន​-​ជប៉ុន អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងតួនាទី​ជា​ប្រធាន​បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ លើក​ទី​១០ ក្រោម​ប្រធានបទ «​ការលើកកម្ពស់​តួនាទី​វប្បធម៌ និង​សិល្បៈ​អាស៊ាន ក្រោយ​បរិបទ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​លោកជំទាវ Suanesavanh VIGNAKET រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងនាម​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​អាស៊ាន លើក​ទី​១០ មានប្រសាសន៍ថា​វប្បធម៌ និង​សិល្បៈ គឺជា​វិស័យ​ដ៏​សំខាន់​មួយ ក្រោម​សសរ​ស្ដ​ម​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​នៃ​សមិទ្ធិផល​គន្លឹះ និង​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​គាំទ្រ​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ឡា​វ ក្រោយ​បរិបទ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោកជំទាវ​ប្រធាន បានលើកឡើង​បន្ថែមថា​វិស័យ​វប្បធម៌ និង​សិល្បៈ នឹង​ឆ្ពោះទៅមុខ​កាន់តែ​សកម្ម ឈានទៅរក​ការសម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​សម្រាប់​វប្បធម៌ និង​សិល្បៈ ឆ្នាំ​២០១៦-២០២៥, ASCC Blueprint 2025 និង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥ រួមទាំង​សេចក្តីថ្លែងការណ៍​នៃ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​អាស៊ាន និង​សេចក្តីប្រកាស​អាស៊ាន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​វប្បធម៌ និង​សិល្បៈ ដើម្បី​បង្កើន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន ជាពិសេស​ជាមួយ​អាស៊ាន​បូក​បី អាស៊ាន​-​ចិន អាស៊ាន​-​ជប៉ុន និង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ។ ​រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន បាន​កត់សម្គាល់ថា​ការរីក​រាលដាល​បាន​ដឹកនាំ​យ៉ាង​រហ័ស​ក្នុងការ​អនុម័ត​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ជាច្រើន ដែល​បាន​បង្កើត​ទម្រង់​ថ្មី​នៃ​សង្គម​-​វប្បធម៌ និង​សេដ្ឋកិច្ច​។

​រដ្ឋមន្ត្រី បាន​លើកសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​វិស័យ​វប្បធម៌ និង​សិល្បៈ​អាស៊ាន ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​ទាំងនេះ និង​ក្នុង​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដើម្បី​បាន​ទៅដល់​ប្រជាពលរដ្ឋ​អាស៊ាន​។ រដ្ឋមន្ត្រី បាន​ចែករំលែក​មធ្យោបាយ​ដ៏​រឹងមាំ​ក្នុងការ​ប្រមូលផ្តុំ​វប្បធម៌ និង​សិល្បៈ សម្រាប់​ការ​ងើប​ឡើងវិញ​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ត្រូវ​រួម​សាមគ្គី​គ្នា​ឲ្យ​កាន់​ស្និត​ស្នាល និង​រឹងមាំ​ថែមទៀត ដើម្បី​ពង្រឹង​ការគាំទ្រ​ដ៏​ប្រសើរ​សម្រាប់​ការអភិវឌ្ឍ​វប្បធម៌ និង​ឧស្សាហកម្ម​ច្នៃប្រឌិត (CCIs), ការទាញយក និង​លើកកម្ពស់​ចំណេះ​ជំនាញ ទំនៀមទម្លាប់ និង​សិប្បកម្ម​ក្នុងស្រុក គឺជា​ប្រភព​នៃ​ការអនុវត្ត​ប្រកបដោយ​ចីរភាព និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ការពារ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close