សមាគមរោងចក្រកាត់ដេរកម្ពុជា នឹងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) ពិភាក្សាលើកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្នុងគោលបំណងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីជួយឲ្យកម្ពុជាសម្រេចនៅគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សមាគម GMAC ជាមួយអាជ្ញាធរមីន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីប្រមូលថវិកាសប្បុរស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង។ អាជ្ញាធរមីន នឹងយកថវិកាប្រមូលបាននេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងធ្វើការបោសសម្អាតមីននៅតាមតំបន់អាទិភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។
ទន្ទឹមនឹងកិច្ចសហការការងារបោសសម្អាតមីន អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព និងធ្លាប់បានផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរមីន លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព ក៏ដូចជាបានចូលរួមឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ។
ជាមួយគ្នានេះ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានបង្ហាញពីគោលបំណង និងការពេញចិត្តរបស់សមាគម GMAC ដែលបានចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាឲ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀតសម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សមាគម នឹងចលនាកៀរគរឲ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនប្រមាណ ៧០០ ដែលជាសមាជិករបស់សមាគម សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។