ក្រសួងទេសចរណ៍ និង​ដៃគូ​ពាក់ព័ន្ធ​ឯកភាព បង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​

​ភ្នំពេញ​៖ លើកឡើង​នាឱកាស​អញ្ជើញ​បិទ​សិក្ខាសាលា​ស្តីពី «​ការបង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​» នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ បាន​បន្ត​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​បន្ថែមចំនួន ៥​ចំណុច​បន្ថែមទៀត ដល់​លេខាធិការដ្ឋាន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​សម្រាប់​ការងារ​ចំពោះមុខ និង​ទៅ​អនាគត សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ការបង្កើត​ឱ្យបាន​ចេញ​ជា​រូបរាង​នូវ​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានដាក់​ចេញ​ទិសដៅ​ការងារ​បន្ថែម ៥​ចំណុច រួមមាន​៖
* ទី​១៖ ក្នុងនាម​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ សូម​គាំទ្រ​ចំពោះ​ការបង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ដែល​នឹង​ក្លាយជា​យន្តការ​ស្ថាប័ន​មួយ ចំណុះ​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ហើយ​ដែល​កិច្ចប្រតិបត្តិការ​របស់​បណ្តាញ TEN ( បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ដែល​ហៅ​កាត់​ថា​បណ្តាញ TEN ) នេះ នឹង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​។​
* ទី​២៖ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ ត្រូវ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​រៀបចំ​អនុស្សារណៈ​យោគយល់ (MoU) សម្រាប់​ចុះហត្ថលេខា​បង្កើត​បណ្តាញ TEN នេះ​ជា​ផ្លូវការ​នាឱកាស​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​៣ នា​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​បុ​រេ​លក្ខខណ្ឌ​ចាំបាច់​ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​បណ្តាញ​នេះ​។​
* ទី​៣៖ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ ត្រូវ​រៀបចំ​យន្តការ​ការងារ​ឲ្យ​បាន​របស់​បណ្តាញ​នេះ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធានា​ប្រសិទ្ធភាព និង​និរន្តរភាព ពិសេស​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ការងារ​គ្រប់​ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា យន្តការ​អនុវត្ត និង​ការតាមដាន​សម្ម​ទិ​កម្ម​ឲ្យ​បានច្បាស់លាស់ ដើម្បី​ជា​មូលដ្ឋាន​កែតម្រូវ និង​តម្រង់ទិស​សម្រាប់​ការអនុវត្ត​ជំហាន​បន្ទាប់​។ លោក​នឹង​ប្រជុំ​ដឹកនាំ​ការងារ​នេះ​រៀងរាល់ ៦​ខែម្តង ឬ​តាម​ពេលវេលា​ជាក់ស្តែង​ដើម្បី​ធានា​វឌ្ឍនភាព និង​ប្រសិទ្ធភាព​ជាប្រចាំ​។​
* ទី​៤៖ សូម​ស្នើ​ឲ្យ​ស្ថាប័ន​ដៃគូ​អភិវឌ្ឍ​ដែល​ថ្ងៃនេះ​មានការ​ចូលរួម​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដែល​នឹង​ជា​ស្ថាបនិក ឬ​សមាជិក​បណ្តាញ​នេះ សូម​ផ្តល់​ការគាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​បណ្តាញ​នេះ ទាំង​លើ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ពិសេស​ការអនុវត្ត​ផែនការ​សកម្មភាព ដែល​នឹងត្រូវ​ដាក់ចេញ​នាពេល​បន្ទាប់​។​
* ទី​៥៖ សូម​អំពាវនាវ​ឲ្យ​បណ្តា​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរ​-​ជាតិ​នានា ដែលមាន​វត្តមាន​ក្នុង​សិក្ខាសាលា​នេះ ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នានា​ដល់​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ លើ​ការអនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​អេកូ​ទេសចរណ៍ និង​សហគមន៍​។​

​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​បណ្ដោយ​ប្រមាណ ១១៦ គ​.​ម ទទឹង​ប្រមាណ​ពី ៣ គ​.​ម ទៅ ៣៣ គ​.​ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ គ​.​ម នៅ​រដូវប្រាំង​។ បឹង​ទន្លេសាប​គឺជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំង​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន​។ លក្ខណៈពិសេស​ទោល​របស់​បឹង​ទន្លេសាប គឺ​ការ​ស្រូបយក​ទឹក​ពី​ទន្លេមេគង្គ​នា​រដូវវស្សា និង​ការបញ្ចេញ​ទឹក​ទៅឱ្យ​ទន្លេមេគង្គ​វិញ​នា​រដូវប្រាំង ដែល​បាន​ក្លាយទៅជា​បាតុភូត​ជលសា​ស្ដ្រ​ធម្មជាតិ​មួយ​ដែល​គេ​កម្រ​នឹង​ជួបប្រទះ​។​

​ឯកឧត្ដម ថោង ខុន បាន​បន្ថែមទៀតថា បាតុភូត​នេះ​បាន​បង្កើតឡើង​នូវ​តំបន់ដីសើម និង​ព្រៃ​លិច​ទឹក​ដ៏​ធំ​ល្វឹងល្វើយ ដែល​ផ្ដល់​ជា​ជម្រក​ដល់​ជីវចម្រុះ​យ៉ាង​សម្បូរបែប​ដូចជា មច្ឆជាតិ បក្សី ល្មូ​ន ថនិកសត្វ និង​រុក្ខជាតិ​ជាច្រើន​ប្រភេទ​។ កត្តា​សត្យានុម័ត​ទាំងនេះ បាន​បង្កើតជា​កាលានុវត្តភាព​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន លើកស្ទួយ​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការធ្វើ​សុខដុម​នីយកម្ម​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​គុ​សបញ្ជាក់​ទៀតថា ការបង្កើត «​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​-TEN» នឹង​ក្លាយជា​យន្តការ​ស្ថាប័ន​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​គៀងគរ គ្រប់ភាគី​ពាក់ព័ន្ធ​មកពី​ស្ថាប័ន​សាធារណៈ អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ វិស័យ​ឯកជន ដើម្បី​ចែករំលែក​ព័ត៌មាន​បច្ចុប្បន្នភាព​នៃ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍ បញ្ហា​ប្រឈម ចែករំលែក​មេរៀន​នៃ​ការអនុវត្ត​ល្អៗ ការកសាង​សមត្ថភាព ការជំរុញ​សហគ្រិនភាព ឆ្ពោះទៅ​ពង្រីក​វិសាលភាព​នៃ​វិស័យ​អេកូ​ទេសចរណ៍ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​សហ​គម​ន៍​នេសាទ​ក្នុង​មូលដ្ឋាន និង​អភិរក្ស​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព នៅ​តំបន់​បឹង​ទន្លេសាប​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close