កម្ពុជា ទទួលចំណូងជាង៤លានដុល្លារ ពីការនាំចេញខ្សាច់ទៅក្រៅប្រទេស ក្នុងរយៈពេល៩ខែឆ្នាំនេះ
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ ក្នុងនោះ ជាង៤លានដុល្លារ បានពីការនាំចេញខ្សាច់ទៅក្រៅប្រទេស។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ យើងទទួលបានចំណូលពីសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ចំនួន១៣,៤២២,៣៧៦ដុល្លារ ក្នុងនោះខ្សាច់នាំចេញទៅក្រៅប្រទេស ចំនួន៤,១៧៧,៩៥១ដុល្លារ។
លោកបានអះអាងថា នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ នៃក្រសួងរ៉ែ និងថាមពល បានខិតខំពង្រឹងការគ្រប់គ្រង ការធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន និងស្របតាមគោលការណ៍ ដែលធ្លាប់បានអនុវត្តកន្លងមក ព្រមទាំងស្របតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំក្រសួងផងដែរ។
ដើម្បីជំរុញអាជីវកម្មខ្សាច់នៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អគាប់ប្រសើរនោះ ក្រសួងរ៉ែ និងថាមពល ក៏ជំរុញឱ្យប្រធានមន្ទីរពាក់ព័ន្ធ ក្រោយពីទទួលបានការយល់ដឹងអំពីនីតិវិធីថ្មី សូមធ្វើការផ្សព្វផ្សាយ ជូនដល់ក្រុមហ៊ុន/សហគ្រាស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យយល់អំពីការងារពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ លោក អ៊ឹង ឌីប៉ូឡា។
សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ជាផ្លូវការ គឺមានក្រុមហ៊ុនពីរប៉ុណ្ណោះ ដែលមានសិទ្ធិនាំខ្សាច់ចេញ គឺក្រុមហ៊ុន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. និងក្រុមហ៊ុនចតុមុខ រឺសសស៍សឹបផ្លាយ អ៊ីមផត អិចផត។ បើតាម អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ទៀតថា ក្នុងមួយឆ្នាំៗខ្សាច់ដែលមិនតម្រូវការក្នុងស្រុក គឺត្រូវនាំចេញ តាមច្រកតែមួយគត់ គឺច្រកក្អមសំណ ហើយសម្រាប់លក់ឱ្យគ្រប់ប្រទេសទាំងអស់ដែលចង់ទិញខ្សាច់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។