កម្ពុជា និង​ចិន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ប្រគល់​ទទួល គម្រោង​ជួសជុល​ប្រាសាទតាកែវ

​សៀមរាប​៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគ​រូ​បប​នីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​-​ទទួល​ជំនួយ​រដ្ឋាភិបាល​ចិន ស្ដីអំពី​គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទតាកែវ នៅ​បរិវេណ​នៅ​ប្រាសាទតាកែវ នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ក្នុង​ទឹកដី​ខេត្តសៀមរាប នា​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​ឯកឧត្ដម ជា​សុផារ៉ា មានប្រសាសន៍ថា ពី​ធី​ប្រគល់​-​ទទួល​គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទតាកែវ នាពេលនេះ គឺជា​សក្ខីភាព​ដ៏​ជាក់ស្តែង និង​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​អមតៈ​រវាង​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​-​ចិន បន្ទាប់ពី​ប្រាសាទតាកែវ​នេះ បានចាប់ផ្តើម​ជួសជុល​ក្នុង​ឆ្នាំ​២០១១ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ថវិកា​អស់​ចំនួន ៤០​លាន​យន់ ដែលជា​គម្រោង​ទី​២ សម្រាប់​ការជួយ​ជួសជុល​ប្រាសាទ នៅក្នុង​តំបន់​នៃ​រមណីយដ្ឋាន​អង្គរ ខណៈ​គម្រោង​ទី​១ គឺ​ការជួយ​ជួសជុល និង​អភិរក្ស​ប្រាសាទចៅសាយទេវតា ដែល​បានចាប់ផ្តើម​ជួសជុល​ក្នុង​ឆ្នាំ​២០០០ បញ្ចប់​ក្នុង​ឆ្នាំ​២០០៨ ប្រើប្រាស់​ថវិកា ចំនួន ១៤​លាន​យន់ ។​

​ឯកឧត្ដម បន្តថា បច្ចុប្បន្ននេះ ក្រៅពី​ការជួយ​ជួសជុល​ប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​សិក្សា​គម្រោង​ជួសជុល ព្រះបរមរាជវាំង​អង្គរធំ ដែល​គ្រោង​នឹង​ប្រើ​រយៈពេល​១០​ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៩ ប្រើប្រាស់​ថវិកា​ចំនួន ៩០​លាន​យន់ ហើយ​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ទើប​ទទួលបាន​មូលនិធិ​ពិសេស​ចំនួន​៣៧៩.៤០០ ដុល្លារ​អាម៉េរិក ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង សម្រាប់​រយៈពេល​២​ឆ្នាំ ដែល​នឹងត្រូវ​អនុវត្ត​នៅ​ចុងឆ្នាំ​២០២២​នេះ ដើម្បី​អភិរក្ស​និង​ជួសជុល​ស្ពាន​ហាល​ខាងកើត​នៃ​ប្រាសាទបេង​មាលា ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជឿជាក់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​គោលនយោបាយ​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នានា នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​អភិរក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដូចដែល​ភាគី​មិត្ត​បាននិងកំពុង​ធ្វើ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការគាំទ្រ​ភាពជា​ដៃគូ​អាស៊ាន​-​ចិន​ក្នុង​ក្របខណ្ឌ​អាស៊ាន​តាំងតែ​ពី​ដើម​រៀងមក និង​ចំពោះ​តួនាទី​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ និង​ជាពិសេស​បំផុត ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​យើង​អាច​គ្រប់គ្រង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​និង​ជា​សាកល​នេះ​បាន​ឆាប់រហ័ស និង​អាច​ចាប់ផ្តើម​បើក​ប្រទេស​ឡើងវិញ ស្តារ​បានជា​បន្តបន្ទាប់​នូវ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន ហើយ​ឯកឧត្តម​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ នឹង​បន្ត​រួមចំណែក​ដល់​ការ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​យើង ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានលើកឡើង​ពី​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ចិន​និង​កម្ពុជា​គឺមាន​មូលដ្ឋាន​គ្រឺះ​រឹងមាំ ហើយ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​មាន​វប្បធម៌​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និ​ទ្ឋ​បំផុត នេះ​ជា​មូលដ្ឋាន​ដ៍​មាន​អត្ថន័យ​បំផុត​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ត្បិត​អារ្យធម៌​នីមួយៗ​មានតម្លៃ​របស់ខ្លួន ហើយ​អារ្យធម៌​នៃ​ប្រទេស​ចិន​និង​កម្ពុជា​ជា​ប្រទេស​មាន​អារ្យធម៌​រុងរឿង​តាំងពី​យូរលង់​ណាស់​មកហើយៗ រីឯ​តម្លៃ​នៃ​ការជំរុញ​និង​កា​រត​ភា្ជ​ប់​សហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​គឺមាន​ឥ​ទ្ឋិ​ពល​យ៉ាងខ្លាំង​ក្លា​។​

ឯកឧត្តម នាយករដ្ឋមន្ត្រី​ចិន បញ្ជាក់ទៀតថា ការជួសជុល​ប្រាសាទតាកែវ គឺជា​គម្រោង​ទី​២ ជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​បាន​ផ្ដល់ឱ្យ​កម្ពុជា ដើម្បី​ចូលរួម​អភិរក្ស​និង​ថែរក្សា​សម្បត្តិ​វប្បធម៌ របស់​មនុស្សជាតិ​នៅក្រោម​ក្របខណ្ឌ​របស់​អង្គការ​UNESCO ហើយ​ឯកឧត្តម សង្ឃឹមថា ជំនួយ​លើ​គម្រោង​ជួសជុល​និង​អភិរក្ស​ប្រាសាទតាកែវ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា សម្រាប់​ការផ្លាស់ប្ដូរ​គ្នា​នូវ​អារ្យធម៌ របស់​ប្រទេស​នៅក្នុង​ពិភពលោក​នេះដែរ​។​

​គួររំលឹកថា កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​មិត្តភាព​ទ្វេភាគី​កម្ពុជា​-​ចិន​កើតឡើង​យូរលង់​ណាស់​មកហើយ គិត​ចាប់តាំងពី​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​១៩៥៨​។ ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ចិន បាន​រួមគ្នា​ប្រឹងប្រែង​អស់ពី​សមត្ថភាព ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ រហូត​បាន​ដំឡើង​ទៅជា​“​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” តាំងពី​ឆ្នាំ​២០១០ ហើយ ឯកឧត្តម លី​ខឺ​ឈាង នាយករដ្ឋមន្ត្រី​ផ្ទាល់ គឺជា​តួអង្គ​ដ៏​សំខាន់​មួយរូប​នៅក្នុង​ការសម្រេច​គោលបំណង​ដ៏​ពិសិដ្ឋ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។​

​ប្រទេស​ចិន​ក៏​ជា​សហប្រធាន​ជាមួយ​ប្រទេស​ឥណ្ឌា​នៃ ICC-​ព្រះវិហារ ដោយ​ការសិក្សា​នៃ​គម្រោង​អភិរក្ស​និង​ជួសជុល គោ​ពបុ​រៈ​ទី​១, ទី​២ និង​ទី​៣ ដែល​ភាគី​ចិន​កំពុងតែធ្វើការ​សិក្សា​យ៉ាង​ល្អិតល្អន់​ដើម្បី​រួមចំណែក​ក្នុងការ​រក្សា ការពារ​ប្រាង្គ​ប្រាសាទព្រះវិហារ​ដែល​ជាស​ម្ប​ត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយទៀត បន្ទាប់ពី​រមណីយដ្ឋាន​អង្គរ​។ ​ក្រៅពី​កិច្ចការ​អភិរក្ស​ទាំងអស់នេះ ស្ថាប័ន​សាធារណៈ​និង​ឯកជន​ចិន​ផ្សេងទៀត ក៏បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិរក្ស ផ្សព្វផ្សាយ និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close