សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​រៀបចំ​ដោយ​សភា​កម្ពុជា ដែល​ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​ពិធី​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​នៅ​ព្រឹក​នេះ នឹង​ចាប់ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ពិធី​បើក​មហាសន្និបាត​នេះ ក៏មាន​ការអញ្ជើញ​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ថ្លែង​សុន្ទរកថា​គន្លឹះ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​។ បន្ទាប់មក​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​។​

​ក្នុង​ពិធី​បើក​មហាសន្និបាត​នេះ ក៏មាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូ​ប្រទេស​សមាជិក​អន្តរ​សភា​អាស៊ាន ព្រមទាំង​វត្ត​មាននៃ​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ ភ្ញៀវ​ម្ចាស់ផ្ទះ និង​អង្គការ​ដៃគូ​ជាច្រើន​ទៀត​។ ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​ដោយ​សភា​កម្ពុជា ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ដល់ ២៥ ខែវិច្ឆិកា ក្រោម​មូលបទ «​បោះជំហាន​ជាមួយគ្នា ដើម្បី​និរន្តរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​របស់​អាស៊ាន​»​។
​នៅក្នុង​កំឡុងពេល​នៃ​ការ​ប្រារព្ធ​មហាសន្និបាត​នេះ នឹងមាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ​AIPA​ជាច្រើន ដែល​សម្តេច​ប្រធានរដ្ឋសភា និង​សមាជិក​គណៈប្រតិភូ​ចូលរួម​ប្រជុំ​។ ​កិច្ចប្រជុំ​នោះ​មានដូចជា​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គមកិច្ច និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​ជាដើម​។​

​សូមបញ្ជាក់ថា អន្តរ​សភា​អាស៊ាន ហៅ​កាត់​ថា​អាយ​ប៉ា (AIPA) ជា​វេទិកាសភា​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​តំណាងឱ្យ​ពលរដ្ឋ​ប្រមាណ​ជិត ៧០០​លាន​នាក់ ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ ដើម្បី​ប្រមូលផ្តុំ​នូវ​មតិ យោបល់ ទស្សនៈ​របស់​តំណាង​ពលរដ្ឋ ក្រោម​ចក្ខុវិស័យ​ទូលំទូលាយ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​រួម​របស់​ពិភពលោក​ដែល​ប៉ះពាល់​ដល់​តំបន់​អាស៊ីអាគ្នេយ៍ និង​ដើម្បី​ជំរុញឱ្យមាន​សន្តិសុខ ស្ថិរភាព​និង​វិបុលភាព​។ អាយ​ប៉ា​មាន​សមាជិក​ចំនួន ១០​ប្រទេស រួមមាន​៖ ប្រទេស​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បុរី ថៃ និង​វៀតណាម​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ ដែល​សភា​នៃ​ព្រះរាជា​ណា​ចក កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​លើក​នេះ ជាការ​ជួបជុំគ្នា​ដោយផ្ទាល់​លើកដំបូង​របស់ AIPA ក្រោយពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រីដ​១៩ ជាស​កល តាំងពី​ឆ្នាំ​២០១៩ មក​នោះ​។
​មហាសន្និបាត​AIPA លើក​ទី​៤១ ក្នុង​ឆ្នាំ​២០២០ ដែល​សភា​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ និង​មហាសន្និបាត​អោយ​ប៉ា​លើក​ទី​៤២ ក្នុង​ឆ្នាំ​២០២១ ដែល​សភា​ប្រទេស​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម ធ្វើជា​ម្ចាស់ផ្ទះ គឺ​បាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​ប្រព័ន្ធ​វីដេអូ​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ ជា​ព្រឹត្តិការណ៍​សំខាន់​មួយ ដែល​សភា​កម្ពុជា និង​គណៈប្រតិភូ​សភាសមាជិក​ទាំងអស់​បាន​ជួបជុំ ធ្វើការ​ចែករំលែក​បទ​ពិសោធន៍ ទស្សនៈវិស័យ​រៀងៗ​ខ្លួន នៅក្នុង​គ្រួសារ​អាយ​ប៉ា ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាជាតិ​ទូទាំង​សកលលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close