រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ថៃ​-​កម្ពុជា ប្រើប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ និង​ដៃគូ​សេដ្ឋកិច្ច

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ជូន លោក Voratat Tantimongkolsuk ប្រធាន​សមាគម​ធុរកិច្ច​ថៃ​-​កម្ពុជា ទើប​តែងតាំង​ថ្មី​, លោក Narumon (Nannie) Ringsuansin អ​តី​ប្រធាន​សមាគម​ធុរកិច្ច​ថៃ​-​កម្ពុជា និង​សហការី ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​ជំរុញ​បរិយាកាស​ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​សក្តានុពល​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើ​ឡើង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្ដែង​ការ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការអញ្ជើញ​មក​ទស្សនកិច្ច​ស្វែងយល់ និង​ចាប់យក​នូវ​កាលានុវត្តភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​របស់​គណៈប្រតិភូ​ថៃ​នៅពេលនេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ឱ្យ លោក​ប្រធាន និង​គណៈប្រតិភូ ជ្រាប​ច្បាស់​ថែមទៀត​ពី​សក្តានុពល​របស់​កម្ពុ​ជា នាពេល​បច្ចុប្បន្ន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ត​ជម្រាបជូន​គណៈប្រតិភូ​ថា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើកំណែទម្រង់​ការផ្តល់​សេវាសាធារណៈ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ការចុះបញ្ជី​ក្រុមហ៊ុន និង​ការចុះបញ្ជី​ម៉ាក ឱ្យ​កាន់​តែមាន​ភាពងាយស្រួល មាន​តម្លាភាព និង​ប្រសិទ្ធភាព​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ថៃ​-​កម្ពុជា ប្រើប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ និង​ដៃគូ​សេដ្ឋកិច្ច ដែល​កម្ពុជា​ជា​សមាជិក ជាពិសេស កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន (CCFTA) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ (CKFTA) ជាដើម​។​

​ជាមួយគ្នានេះ លោក Voratat Tantimongkolsuk ប្រធាន​សមាគម​ធុរកិច្ច​ថៃ​-​កម្ពុជា បាន​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​សេចក្ដី​រីករាយ ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងការ​ចំណាយពេល​វេលា​ដ៏​មមាញឹក​ទទួល​ជួប​គណៈប្រតិភូ​ធុរកិច្ច​ថៃ នាពេលនេះ​។
​លោក បាន​បន្តថា គោលបំណង​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ថៃ​-​កម្ពុជា នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម វិនិយោគ ពង្រីក​បណ្តាញ​ទីផ្សារ រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close