រដ្ឋមន្ត្រីក្រសួង​ការងារ បើក​សន្និសីទ​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន លើក​ទី​៤០

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី បើក​សន្និសីទ​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​លើក​ទី​៤០ ក្រោម​មូលបទ “​ការផ្លាស់ប្ដូរ​តួនាទី​វិស្វករ ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០” ដើម្បី​ចូលរួម​ស្ដារ និង​ព​ន្លឿ​ន​កិច្ចសហការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន និង​ឯកឧត្តម លោកជំទាវ ជា​ប្រធាន​ស្ថាប័ន​វិស្វកម្ម​បណ្តា​ប្រទេស​អាស៊ាន​។

​ថ្លែង​បើ​កស​ន្និសិទ​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង មានប្រសាសន៍ថា សន្និសីទ​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សុច្ឆន្ទៈ និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ការបង្កើត និង​ការអភិវឌ្ឍ​ស្តង់ដារ​មូលដ្ឋាន​វិជ្ជាជីវៈ​វិស្វកម្ម​អាស៊ាន ជា​ជំហាន​ឆ្ពោះទៅកាន់​ការធ្វើ​ចល័តភាព​វិស្វករ​ក្នុង​តំបន់​អាស៊ាន ស្របតាម​ផែនការមេ​អាស៊ាន​ឆ្នាំ​២០២៥ និង​ស្មារតី​ស្នូល​របស់​អាស៊ាន​គឺ “ ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ និង​សហគមន៍​មួយ​”​។​

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល​ការងារ​របស់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ដែល​បានរួម​ចំណែក​ក្នុងការ​ពង្រឹងគុណភាព សមត្ថភាព​វិជ្ជាជីវៈ​វិស្វកម្ម​គ្រប់​ជំនាញ និង​ពង្រីក​ធនធានមនុស្ស​ឱ្យ​ស្របតាម​តម្រូវការ​ក្នុង​តំបន់​អាស៊ាន​នាពេល​បច្ចុប្បន្ន និង​អនាគត ធានា​ឱ្យ​ការប្រតិបត្តិ​វិជ្ជាជីវៈ​វិស្វកម្ម​ក្នុង​តំបន់​អាស៊ាន ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​លើ​វិស័យ​វិស្វកម្ម​ថ្នាក់ជាតិ​និង​អន្តរជាតិ និង​ការទទួលស្គាល់​គុណភាព​អប់រំ​វិស្វកម្ម ដើម្បី​ទទួលបាន​គោ​រម្យ​ងារ​ជា​វិស្វករ​អាជីព​ជាតិ និង​អន្តរជាតិ​។​

​វិស្វករ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយ​ការអភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌​។ ធនធាន​បញ្ញវន្ត​ក្នុង​វិស័យ​វិស្វកម្ម​ពិតជា​មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន នៅពេលដែល​សន្ទុះ​នៃ​ការអភិវឌ្ឍ​កាន់តែខ្លាំង ធ្វើឱ្យ​សេវា​វិស្វកម្ម​គ្រប់មុខ​ជំនាញ ក៏​កាន់​តែមាន​តម្រូវការ​ខ្ពស់​ផងដែរ​។ ក្នុងន័យនេះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​សំណូមពរ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ជួយ​ជំរុញ​លើ​ការរៀបចំ​កម្មវិធីសិក្សា​វិស្វកម្ម និង​ការទទួលស្គាល់​គុណភាព​អប់រំ​វិស្វកម្ម ឱ្យមាន​ស្តង់ដារ​ប្រហាក់ប្រហែលគ្នា​មួយ ដើម្បីឱ្យ​វិស្វករ​ដែល​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ នៃ​ប្រទេស​ក្នុង​តំបន់ មាន​ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក ស្របទៅនឹង​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​សេវាកម្ម​វិស្វកម្ម​អាស៊ាន ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០០៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

លើសពីនេះទៅទៀត ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​អាស៊ាន​ទៅកាន់​ឧស្សាហកម្ម ៤.០ ដោយ​ផ្តោត​ពិសេស​លើ​ការចាប់ផ្តើម​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម ទីក្រុង​ឆ្លាត​វៃ និង​ការអប់រំ​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិក​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​ទាំងអស់ ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចការ​មួយចំនួន ដូចខាងក្រោម​៖
​ទី​១-​សិក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​យន្តការ​ថ្មីៗ និង​បង្កើតជា​វេទិកា​បើកចំហ​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​លើ​វិស័យ​អប់រំ និង​ឧស្សាហកម្ម រួមទាំង​ការលើកកម្ពស់​ការតភ្ជាប់​ខ្សែសង្វាក់​ឌីជីថល​។​
​ទី​២-​ចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ការអនុវត្ត​ល្អ​បំផុត​លើ​ការបង្កើត និង​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​ឧស្សាហកម្ម ៤.០​។​
​ទី​៣-​រៀបចំ​ជា​យុទ្ធសាស្ត្រ​បង្រួបបង្រួម​អាស៊ាន ស្តីពី​ការវិវឌ្ឍ​ឧស្សាហកម្ម ៤.០ ដោយ​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​នវានុវត្តន៍ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​
​ទី​៤-​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិយុត្ត​ក្នុងការ​គាំទ្រ​ការផ្លាស់ប្តូរ​ឧ​ស្សហកម្ម​អាស៊ាន ទៅ​ឧ​ស្សហកម្ម ៤.០ តាមរយៈ​កិច្ចសន្ទនា​សាធារណ​: និង​ឯកជន ជាមួយនិង​ការសហការ​ជាមួយ​អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​គោលដៅ​សម្របសម្រួល​ការអនុលោម និង​ការបញ្ជាក់​ស្តង់ដារ​ឌីជីថល សម្របសម្រួល​លំហូរ​ទិន្នន័យ​ឆ្លងដែន និង​អភិវឌ្ឍ​វេទិកា​រួមមួយ​លើ​តំណ​ភ្ជាប់​ស្ថិតិ​ឧស្សាហកម្ម តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​។​
​ទី​៥-​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​នឹង​កើតមានឡើង​ពី​ការរីកចម្រើន​នូវ​ឧស្សាហកម្ម ៤.០ ក្នុង​អាស៊ាន និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​នូវ​បញ្ហា​ប្រឈម​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close