រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ក្រុមហ៊ុន​ធំៗ​សហរដ្ឋ​អាម៉េរិក​បង្ហាញ​ឆន្ទៈ​ក្នុងការ​វិនិយោគ និង​នាំចេញ​កសិផល​ពី​កម្ពុជា​

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​គណៈប្រតិភូ​វិនិយោគិន និង​ពាណិជ្ជករ​សហរដ្ឋ​អាម៉េរិក នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្រោម​កិច្ចសម្របសម្រួល​របស់ ឯកឧត្តម ហួត គីម​ឆា អគ្គ​កុងស៊ុល​កិត្តិយស​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង Long Beach សហរដ្ឋ​អាម៉េរិក នា​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២ កន្លងមក ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន បាន​សម្តែង​ឆន្ទៈ​ក្នុងការ​វិនិយោគ​ដោយផ្ទាល់​នៅ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម ដើម្បី​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក និង​ពិភពលោក​។​

តំណាង​ប្រតិភូ​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បាន​គោរព​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថា ដោយសារ​វិបត្តិ​នានា ដែល​បាននិងកំពុង​កើតឡើង នៅក្នុង​តំបន់​និង​ពិភពលោក សហរដ្ឋ​អាម៉េរិក​ក៏​ជា​ប្រទេសមួយ ដែល​បាន​ទទួលរង​ផលប៉ះពាល់ តាមរយៈ​ការ​ហក់​ឡើង​ខ្លាំង នៃ​ថ្លៃទំនិញ​នៅក្នុង​ទីផ្សារ ពិសេស​គឺ​ផលិតផល​ចំណីអាហារ និង​កសិផល​។ កម្ពុជា​គឺជា​ឃ្លាំង​ស្តុក​ផលិតផល​កសិកម្ម​ដ៏​សំខាន់​មួយ ដែល​អាច​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការធានា​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ និង​ពិភពលោក ពិសេស​គឺ​សហរដ្ឋ​អាម៉េរិក​តែម្តង ហើយ​ទំនិញ​សំខាន់ៗ​ដែលជា​សក្តានុពល​រប​ស់​កម្ពុជា រួមមាន​៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ​-​អង្ករ និង​ផលិតផល​ក្តារបន្ទះ ជាដើម​។​

​លោក​បាន​បន្តទៀតថា រដ្ឋ​ដែលជា​ទីផ្សារ​សក្តានុពល​សំខាន់ៗ នៅ​សហរដ្ឋ​អាម៉េរិក សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា រួមមាន ក្រុង Lowell នៃ​រដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និង​រដ្ឋ Texas ហើយ​ជាពិសេស​គឺ​រដ្ឋ​ដែលមាន Cambodian Town និង​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​មតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គណៈប្រតិភូ​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក ដែល​បានបង្ហាញ​ឆ​ន្ទះ​ខ្ពស់ ក្នុងការ​វិនិយោគ និង​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក និង​ពិភពលោក​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​បរទេស និង​ជៀសវាង​ការជួប​ប្រទះ​បញ្ហា​ភូតគាម​អនាម័យ​និង​ស្តង់ដារ​ផលិតផល ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន និង​ពាណិជ្ជករ​សហរដ្ឋ​អាម៉េរិក ឲ្យ​វិនិយោគ​លើ​ការកែច្នៃ​-​វេច​ខ្ចប់​កសិផល ដោយផ្ទាល់​នៅ​កម្ពុជា​ជាមុនសិន រួច​ទើប​នាំចេញ ជាជាង​ការនាំចេញ​កសិផល​ស្រស់ ដោយ​មិនមាន​ការកែច្នៃ​ជាមុន​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា កសិផល​កម្ពុជា​មួយចំនួន​បានទទួល​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) រួចរាល់ ហើយ​មួយចំនួនទៀត កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការស្នើសុំ ដែល​នេះ​ស្ដែង​ឲ្យ​ឃើញថា កសិផល​កម្ពុជា គឺជា​ផលិតផល​មាន​គុណភាព​ខ្ពស់ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។​

គួរ​រលឹក​ផងដែរ​ថា នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​កម្ពុជា នាពេល​កន្លងមក លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden បានបញ្ជាក់​ច្បាស់ៗ​អំពី​ជំហរ​របស់​សហរដ្ឋ​អាម៉េរិក ក្នុងការ​ចាត់ថ្នាក់​តំបន់​អាស៊ាន ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ នេះ​គឺជា​កាលានុវត្តភាព​ថ្មី​ដ៏​សំខាន់​មួយ ដែល​វិនិយោគិន​និង​ពាណិជ្ជករ​សហរដ្ឋ​អាម៉េរិក បាន​សម្លឹង​ឃើញ​កាន់តែច្បាស់ ថា​កម្ពុជា​ក៏​ជា​ដៃគូ​វិនិយោគ​-​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ហើយ​នេះ​ក៏​ជា​កាលានុវត្តភាព​ដ៏​សំខាន់ សម្រាប់​វិនិយោគិន និង​ពាណិជ្ជករ​កម្ពុជា ក្នុងការ​ស្វែងរក​ដៃគូ​វិនិយោគ និង​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាម៉េរិក ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close