​កម្ពុជា​-​អាមេរិក ប្ដេជ្ញា​ផ្លាស់ប្ដូរ​បទពិសោធន៍ ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក Alan Symonette ប្រធាន​បណ្ឌិត្យ​សភាជាតិ​អា​ជា្ញ​កណ្តាល សហរដ្ឋ​អា​មេ​រិ (National Academy for Arbitrators) បាន​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គោលបំណង​ស្វែងយល់ និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​វិស័យ​ការងារ ជាពិសេស​យន្តការ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា កា​រប​ញ្ចូ​ន​សំណុំរឿង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ការពង្រីក​សេវាកម្ម​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល នីតិវិធី​ដោះស្រាយ​វិវាទ ក៏ដូចជា​ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការកសាង កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ភាពជា​ដៃគូ រវាង​បណ្ឌិត្យ​សភាជាតិ​អាជ្ញាកណ្តាល ជាមួយនឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចែករំលែក​ព័ត៌មាន​ពី​ការវិវត្តន៍ និង​ការរីកចំរើន​វិស័យ​ការងារ​នៅ​កម្ពុជា ដែល​បានចាប់ផ្តើម​ឡើង តាំងពី​ដំណាក់​ដែល​ប្រទេស​កម្ពុជា​ទើប​ទទួលបាន​ការរីក​ចម្រើន​ជា​បណ្តើរៗ​នូវ​វិស័យ​ឧស្សាហកម្ម បន្ទាប់ពី​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ ហើយ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្សាភ្ជាប់​បទដ្ឋាន​ការងារ​អន្តរជាតិ​ជាមួយ​សហរដ្ឋអាមេរិក​។ ក្នុងការ​គ្រប់គ្រង​វិស័យ​ការងារ កម្ពុជា​បាន​បន្ត​ខិតខំ​អនុវត្ត​ច្បាប់​ស្តីពី​ការងារ ដែល​បានអនុម័ត​កាលពី​ឆ្នាំ​១៩៩៧ ហើយ​បា​នប​ញ្ជូ​ល​នូវ​ខ្លឹមសារ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ទាំង ១៣ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ក្នុងនោះ​មាន​ទាំង​អនុសញ្ញា​ស្នូល​៨ ផងដែរ ដោយ​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍ ទាំង​ភាគី​កម្មករនិយោជិត និង​និយោជក​។

​កាលពី​ការចាប់​ផ្តើមដំបូង កម្ពុជា​ពិតជា​ជួប​នូវ​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ង​ន់ ដោយសារ​បញ្ហា ការមិនយល់​ពី​ច្បាប់​ស្តីពី​ការងារ នាំឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ មានការ​ប្រឈម បង្ក​ទៅជា​កូដកម្ម បាតុកម្ម​តវ៉ា​ទាមទារ សិទ្ធិ និង​អត្ថប្រយោជន៍ មាន​ចំនួន​ច្រើន​នៅតាម​រោងចក្រ សហគ្រាស​។ ប៉ុន្តែ​តាមរយ​: ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​ការដាក់ចេញ​នូវ​ច្បាប់ និង​លិខិតបទដ្ឋាន​ថ្មីៗ ការរៀបចំ​អោយមាន​យន្តការ​សន្ទនា​សង្គម​ជា​លក្ខណៈ​ត្រីភាគី​ជា​យន្ត​ការរួម ទាំង​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​អធិការកិច្ច​ការងារ និង​មន្ត្រី​ផ្សះផ្សារ​វិវាទ​ការងារ ហើយ​នៅ​ឆ្នាំ​២០០៤ ក្រសួង​បាន​បង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែលជា​ស្ថាប័ន​ឯករាជ្យ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​តម្លាភាព ធ្វើឱ្យ​ចំនួន​នៃ​វិវាទ​ការងារ​កាន់តែ​បន្ត​ធ្លាក់ចុះ ហើយ​ចំនួន​នៃ​ការធ្វើ​កូដកម្ម បាតុកម្ម​តវ៉ា​ក៏​ធ្លាក់​យ៉ាងខ្លាំង​ដែរ​។ ដើម្បី​បន្តការងារ​ដោះស្រាយ​វិវាទ​កាន់​មាន​វិសាលភាព​ធំ​ទូលាយ​ថែមទៀត ក្រសួង​ក៏បាន​ស្នើសុំ​ធ្វើ​វិ​សោធ​ន៏​កម្ម​ច្បាប់​ស្តីពី​ការងារ​រួចហើយ ដែល​អនុញ្ញាតិ​ឱ្យ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​អាច​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល​បាន​។

​ឆ្លៀត​ក្នុងឱកាស​នោះ គណៈប្រតិភូ​បណ្ឌិត្យ​សភាជាតិ​អាជ្ញាកណ្តាល សហរដ្ឋអាមេរិក បាន​សំដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ចជាតិ​កម្ពុជា ដែល​ធ្វើឱ្យ មានការ​ផ្លាស់ប្តូរ​គួរ​ជាទី​មោទន​:​។​

​លោក Alan Symonette បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ ក៏ដូចជា​បទពិសោធន៍​របស់​កម្ពុជា​ទៅលើ​ការគ្រប់គ្រង​វិស័យ​ការងារ​។ នាឱកាស​នោះ​លោក ក៏បាន​ចែង​រំលែក​ពីបទ​ពិសោធន៍ បណ្ឌិត្យ​សភាជាតិ​អាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែល​បានចាប់ផ្តើម​វិវត្តន៍​រីកចំរើន ចាប់តាំងពី​ការបង្កើតឡើង​នៅ​ឆ្នាំ​១៩៤០ ដែល​បច្ចុប្បន្ន មាន​សមាជិក​ប្រមាណ ៦០០​នាក់ ហើយ​ដែល​ទទួលស្គាល់ថា​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដោះស្រាយ​វិវាទ​ការងារ ក្រៅ​ប្រព័ន្ធ​តុលារ នៅ​សហរដ្ឋអាមេរិក និង​កា​ដា​ណា ដែល​ទទួល​ការជឿទុកចិត្ត​ពី​ភាគី​កម្មករនិយោជិត និង​និយោជក​។​

​លោក​បាន​លើក​ពី​កត្តា​ជោគជ័យ ផ្តើមចេញពី​ការជឿទុកចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទៅលើ​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ស្ថាប័ន​របស់លោក​។ តាម​ការស្នើសុំ​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី លោក​ក៏បាន​សន្យាថា​នឹង​បន្ត​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​កម្ពុជា ហើយក៏​នឹងសិក្សា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ការងារ​ផងដែរ ដោយសារ​បណ្ឌិត្យ​សភាជាតិ​អាជ្ញាកណ្តាល សហរដ្ឋអាមេរិក មាន​សាស្ត្រាចារ្យ​មានបទពិសោធន៍​ខ្ពស់​ដែល​អាច​ចែករំលែក​នូវ​ចំណេះដឹង​លើ​ច្រើន​មុខវិជ្ជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close