អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​សាកលវិទ្យាល័យ​ឯកជន​ចំនួន​២ កិច្ចការ​អភិរក្ស​សំណង់​បុរាណ​

ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ជាមួយនិង​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​(Build Bright)​និង​សាកលវិទ្យាល័យ​អង្គរ​(Angkor University)​ប្រចាំខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ នៅឯ​មុខ​ប្រាសាទបន្ទាយ​សំ​រ៉ែ ក្នុង​បំណង​បើកឱកាស​ឱ្យ​ក្រុមនិស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៃ​សកល​វិទ្យាល័យ​ទាំងពីរ​នេះ អាច​យល់ដឹង​អំពី​សំណង់​បុរាណ ព្រមទាំង​អាច​សិក្សា​យក​បទពិសោធន៍​លើ​កិច្ចការ​អភិរក្ស​ថ្ម​ជាមួយ​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​អាល្លឺម៉ង់ ដែល​កំពុងតែ​បំពេញការងារ​នៅឯ​ប្រាសាទ​សំ​រ៉ែ​នោះ​ផងដែរ​។​

​ឯកឧត្ដម គឹម សុ​ធិ​ន អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ការណ៍​ដែល​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សម្រេចចិត្ត​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​Build Bright និង​សាកលវិទ្យាល័យ​អង្គរ​ពេលនេះ ដោយសារតែ​អ្នកជំនាញ​នៃ​អង្គការ​អាល្លឺម៉ង់​GIZ ដែលជា​ក្រុម​ឯកទេស​ខាង​អភិរក្ស​ថ្ម នៅតាម​ប្រាសាទ​នានា​ជា​យូរ​មកហើយ​នោះ បាន​លើកឡើងថា ពេលបច្ចុប្បន្ន​ធនធាន​មនុស្ស​ខ្មែរ ដែល​ចេះ​ជួសជុល​និង​ព្យាបាល​ថ្ម​ប្រាសាទបុរាណ​គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​

​ឯកឧត្ដម គឹម សុ​ធិ​ន រំពឹងថា នេះ​គឺជា​ឱកាស​មួយ​ដ៏​ល្អ សម្រាប់​សាកលវិទ្យាល័យ​ឯកជន​ទាំងពីរ ក្នុងការ​ចូលរួម​បណ្ដុះបណ្ដាល​និស្សិត ឱ្យ​ល់​ដឹង​លើ​សំណង់​បុរាណ ដើម្បី​រួមចំណែក​ជួយ​អភិរក្ស​និង​ថែរក្សា​មត៌ក​ដូន ឱ្យបាន​គង់វង្ស​យូរអង្វែង​តទៅទៀត​។​

​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​អង្គរ និង​ប្រធាន​ក្រុម​គ្រូបង្រៀន​វិស្វកម្ម ស្ថាបត្យកម្ម លោក ពិន សុ​មុនី និង​លោក ឈួន ភា​រុន នាយក​សាខា​សាកលវិទ្យាល័យ​បៀ​ប្រាយ​សៀមរាប បានបង្ហាញ​នូវ​សុទិដ្ឋិនិយម ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមនិស្សិត​មកពី​សកលវិទ្យា​ល័យ​ទាំង​ពីរបាន​ចូលរួម​សិក្សា​យល់ដឹង​ពី​ជំនាញ​អភិរក្ស​ថ្ម​នៃ​សំណង់​បុរាណ​នេះ​។ ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ទាំងពីរ បាន​រំពឹង​យ៉ាង​មុតមាំ​ថា តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា ជា​ស្ថាប័ន​ជំនាញ​មួយ ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​លោក​ដ៏​ល្បីល្បាញ​ផង​នោះ និង​អ្នកជំនាញ​អ្នកជំនាញ​របស់​អង្គការ​អាល្លឺម៉ង់​GIZ នឹង​ជួយ​បណ្ដុះបណ្ដាល​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​របស់លោក​ឱ្យមាន​សមត្ថភាព​ពេញលេញ ដើម្បី​រួមចំណែក​អភិរក្ស​សំណង់ និង​ប្រាសាទបុរាណ​នានា​ពេលអនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close