ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង​៖ បច្ចុប្បន្ន កម្ពុ​ជាមាន​ធនធានមនុស្ស មាន​សមត្ថភាព​កាន់តែច្រើន ជា​ធនធាន​ប្រកបដោយ​គុណភាព​

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង លើកឡើងថា គោលនយោបាយ​អាទិភាព​លើ​វិស័យ​ធនធានមនុស្ស បាន​បង្កើន​ការវិនិយោគ​លើ​វិស័យ​ធនធានមនុស្ស អប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​។ ទន្ទឹមនឹងនេះ ការបង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត ការស្វែងរក​អាហារូបករណ៍ ក៏ដូចជា​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​យុវជន​អាច​ទៅ​បន្ត​ការសិក្សា​បាន​។ បច្ចុប្បន្ន កម្ពុ​ជាមាន​ធនធានមនុស្ស មាន​សមត្ថភាព​ខ្ពស់​កាន់តែច្រើន គ្រប់​កម្រិត ជា​ធនធាន​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​បាន និង​កំពុង​ចូលរួម​ក្នុង​ការងារ​លើ​គ្រប់​វិស័យ ទាំង​សាធារណៈ និង​ឯកជន​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​បែបនេះ នាឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ និស្សិត​ជ័យលាភី​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នូ​វែ​ល​សេ​ឡង់ សម្រាប់​ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​១៦​រូប នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ចូលរួម​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ព្រមទាំង​បាន​កោតសរសើរ​នូវ​សមត្ថភាព​របស់​មន្ត្រី​វ័យក្មេង ដែល​បាន​ប្រលង​ជាប់​អាហារូបករណ៍​ទាំងនេះ ចាត់ទុកជា​សក្តានុពល​ដ៏​ធំ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្តោតទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលឹក​ពី​ប្រវត្តិ​ខ្លះៗ ចាប់តាំងពី​សម័យ​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ រហូតដល់​បច្ចុប្បន្ន ដែល​កម្ពុជា​បាន​បង្កើន​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង​។ ក្នុងនោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ផ្តាំ​ផ្ញើជូន​ដល់​និស្សិត​អាហារូបករណ៍ ក្រៅពី​បទពិសោធន៍​ដែល​រៀន​នៅក្នុង​សាលា ត្រូវ​ស្វែងយល់​ពីបទ​ពិសោធន៍​នានា​បន្ថែមទៀត ចេះ​ជួយ​យកអាសា​គ្នា ចូលរួម​សកម្មភាព​សង្គម ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ និង​សភាពការណ៍​ព័ត៌មាន​ត្រឹមត្រូវ​ពី​ក្នុងប្រទេស ធ្វើខ្លួន​ជា​យុវជន​បន្តវេន​របស់​កម្ពុជា​។

ទន្ទឹមនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចែករំលែក​បទពិសោធន៍ នៃ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​បាន​យល់ដឹង​អំពី​វិស័យនេះ ដោយមាន​កម្មវិធី​អាទិភាព​ចំនួន​៥ ដែល​កំពុង​អនុវត្តន៍ រួមមាន​៖ ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​, ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ការរក្សា និង​បង្កើន​មុខរបរ​និង​ការងារ​នៅក្នុង និង​ក្រៅប្រទេស​, ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម និង​ការពង្រឹង​សេវា​គាំទ្រ​ទូទៅ ដែល​បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ចសង្គម​កម្ពុ​ជាមាន​ការរីកចម្រើន ដោះស្រាយ​បញ្ហា​ការងារ កម្មករនិយោជិត​មាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរ ការ​គាំពារ​សង្គម រហូតដល់​ពេលនេះ មាន​ដល់​ប្រាក់​សោធន​និវត្តន៍​សម្រាប់​បងប្អូន​កម្ម​ករ​និយោជិត ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

​តំណាងឱ្យ​ក្រុមនិស្សិត​ជ័យលាភី​អាហារូបករណ៍ លោក ពុត សុភ័គ ឱ្យដឹងថា កម្មវិធី​អាហារូបករណ៍​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​នូ​វែ​ល​សេ​ឡង់ តាមរយៈ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស នឹងចូលរួម​ចំណែក​ក្នុងការ​ជំរុញ និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឱ្យ​ពិភពលោក​មាន​សុខ​សុវត្ថិភាព សមភាព និង​វិបុលភាព​។ កម្មវិធី​អាហារូបករណ៍​នេះ ក៏​ចូលរួមចំណែក​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ តាមរយៈ​ការរៀនសូត្រ​ពីគ្នា និង​ការចែករំលែក​ចំណេះដឹង និង​វប្បធម៌​ទៅវិញទៅមក​។​

​តំណាង​ក្រុមនិស្សិត​រូបនេះ ឱ្យដឹង​បន្ថែមថា បន្ទាប់ពី​មានការ​ថមថយ​នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​វីរុស​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​ប្រទេស​នូ​វែ​ល​សេ​ឡង់ បានសម្រេច​អនុញ្ញាតឱ្យ​និស្សិត​ជ័យលាភី​ទាំង ១៦​រូប ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល ១-២​ឆ្នាំ នៅ​ដើមឆ្នាំ​២០២៣ ដោយ​ផ្តោតលើ​ជំនាញ​អាទិភាព ចំនួន ៩ រូ​ម​មាន​៖ អាជីវកម្ម​ប្រកបដោយ​ចីរភាព​, វិជ្ជាជីវៈ​គណនេយ្យ​, វិទ្យាសាស្ត្រ​កសិកម្ម​, គោលនយោបាយ​សាធារណៈ​, ទំនាក់ទំនង​អន្តរជាតិ​, សុខភាព​សាធារណៈ​, សិក្សា​ច្បាប់​, គ្រប់គ្រង​សំណង់ និង​បង្រៀន​ភាសា​អង់គ្លេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close