បវរកញ្ញា​អង់​ហ្គោ​ឡា កោតសរសើរ​ការអភិវឌ្ឍ និង​គ្រប់គ្រង​ឆ្នេរសមុទ្រ​កម្ពុជា

​ភ្នំពេញ​៖ បវរកញ្ញា​អង់​ហ្គោ​ឡា ស្វេ​លី​យ៉ា ដា​ស៊ី​ល​វ៉ា អាន់​តូ​នី​ញ៉ូ (Swelia da silva antonio) បាន​កោតស្ញប់ស្ញែង​យ៉ាង​ពិសេស​ចំពោះ​ភាពស្រស់ស្អាត និង​ទាក់ទាញ​របស់​ឆ្នេរសមុទ្រ​កម្ពុជា​។ កញ្ញា​បាន​សន្យា​ពាំនាំ​ព័ត៌មាន​អំពី​សោភ័ណ​រមណីយ​ភាព​ទាំងនេះ បង្ហាញជូន​ប្រជាជន​ក្នុងប្រទេស​ខ្លួន ក៏ដូចជា​ទៅកាន់​ពិភពលោក ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា ជាទី​គួរឱ្យ​ចង់​ទស្សនា​កម្សាន្ត និង​សម្រាកលម្ហែ​ដ៏​ពេញចិត្ត​។​



បវរកញ្ញា​អង់​ហ្គោ​ឡា ស្វេ​លី​យ៉ា ដា​ស៊ី​ល​វ៉ា អាន់​តូ​នី​ញ៉ូ បានរួម​ដំណើរ​ជាមួយ​ប្រតិភូ​អន្តរជាតិ​២០​ប្រទេស​ទៀត មក​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​១៦​របស់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ ដោយ​ភ្ជាប់​ជាមួយ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​។​

​ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​មហាសន្និបាត​ក្លឹប​នៅ​កម្ពុជា​នេះ បវរកញ្ញា​អង់​ហ្គោ​ឡា ក៏ដូចជា​ប្រតិភូ​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​សកលលោក មកពី​បណ្តា​ប្រទេស​ដទៃទៀត ត្រូវបាន​រៀបចំ​ឱ្យមាន ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​ការអភិវឌ្ឍ​ទីក្រុង​ព្រះសីហនុ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា​នៅ​តំបន់​សមុទ្រ​កម្ពុជា និង​បាន​ទៅ​ទស្សនា​ព្រៃកោងកាង​នៅ​ខេត្តកោះកុង ដែលជា​តំបន់​ព្រៃកោងកាង​ដ៏​ធំជាងគេ​នៅ​អា​ស៉ី​។​

​កញ្ញា​បាន​បញ្ចា​ក់ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​កញ្ញា​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ហើយក៏​ជា​លើកទីមួយ​ដែល​កញ្ញា​ធ្វើដំណើរ​មក​តំបន់​អាស៊ី​ផងដែរ​។​ ​បវរកញ្ញា​រូបនេះ បានបង្ហាញ​អារម្មណ៍​ថា កញ្ញា​ពិតជា​រីករាយ​ណាស់​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា ពិសេស គឺ​បាន​មកដល់​ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​សំខាន់​របស់​កម្ពុជា​។​ ​កញ្ញា បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​ទីក្រុង​មួយ​នេះ ហើយ​រឿង​ដែល​កញ្ញា​ជាប់ចិត្ត​ស្រឡាញ់​ខ្លាំង​បំផុត​នោះ គឺ​ដើមឈើ​ចាំ​ស្នេហ៍ ដែល​ត្រូវបាន​ថែរក្សា​ទុក​យ៉ាង​ទាក់ទាញ ហើយ​សុខចិត្ត​ធ្វើ​ផ្លូវ​វាង ដោយ​មិនមាន​ការកាប់បំផ្លាញ​។​ ​បវរកញ្ញា​រូបនេះ បាន​កោតសរសើរ​ថា នេះ​ពិតជា​ការបង្ហាញ​ពី​ទង្វើ​បេះដូង​មនុស្សធម៌​។​

​រឿង​មួយទៀត​អំពី​បរិស្ថាន​ដែល​កញ្ញា ស្វេ​លី​យ៉ា ពេញចិត្ត​ទៀត​នោះ គឺ​ទឹក​កខ្វក់​ត្រូវបានធ្វើ​ប្រព្រឹត្ត​កម្ម​មុន​បង្ហូរ​ទៅកាន់​សមុទ្រ ដូច្នេះ​វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ​នោះទេ ព្រោះ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា ឆ្នេរ និង​ទឹកសមុទ្រ​ចាំបាច់​គួរតែ​ត្រូវបាន​ថែរក្សា​។​ «​ខ្ញុំ​គិតថា​រឿង​មួយ​ដែល​ល្អ​បំផុត គឺ​ឆ្នេរសមុទ្រ​ពិតជា​ស្អាត និង​អនាម័យ​។ យើង​អាច​ឃើញ​ខ្សាច់​ទន់ល្មើយ និង​ស្រស់ស្អាត​អស្ចារ្យ ហើយ​យើង​អាច​លម្ហែកាយ ដើរ និង​សម្រាក​ស្រូបយក​ខ្យល់អាកាស​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ពិតជា​សូម​សរសើរ​អំពី​ឆ្នេរ​នៅទីនេះ​។ វា​មិន​ត្រឹមតែ​ស្អាត​ទេ តែ​វា​ក៏​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ចង់​ត្រឡប់មកវិញ​ម្ដងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា​អង់​ហ្គោ​ឡា​។​

​បវរកញ្ញា​អង់​ហ្គោ​ឡា​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​បន្តថា មនុស្ស​នៅទីនេះ មានទឹក​ចិត្តល្អ ហើយ​កញ្ញា​មាន​អារម្មណ៍​ថា ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ចែករំលែក​ភាពកក់ក្ដៅ​ជាមួយ​កញ្ញា​ដែល​មកពី​ឆ្ងាយ​។ កញ្ញា​បាន​អះអាងថា កញ្ញា គឺជា​អ្នកគាំទ្រ​ខ្លាំងណាស់​ចំពោះ​ការផ្សារភ្ជាប់ ទំនាក់ទំនង​អន្តរទ្វីប​រវាង​មនុស្ស ទំនាក់ទំនង​សង្គម និង​អន្តរ​រដ្ឋ​។​

ថ្វី​ដ្បិត​កម្ពុជា និង​អង់​ហ្គោ​ឡា​ឆ្ងាយ​ពីគ្នា​ក៏ពិតមែន ប៉ុន្តែ​បវរកញ្ញា​ដ៏​រួសរាយ​ម្នាក់នេះ មាន​សុទិដ្ឋិនិយម​ទៅ​អនាគត​ក្នុងការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​អង់​ហ្គោ​ឡា និង​ប្រទេស​កម្ពុជា​។​ ​កញ្ញា​បាន​សន្យាថា «​អ្វីដែល​ខ្ញុំ​នឹង​និយាយ​អំពី​ឆ្នេរសមុទ្រ​កម្ពុជា នោះ​គឺថា​វា​ជា​កន្លែង​ដ៏​ស្រស់ស្អាត និង​ជា​គួរឱ្យ​ស្នាក់នៅ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជាខ្លាំង​ណាស់​ដែល​ទទួលបាន​បទពិសោធន៍​ជាមួយ​គណៈប្រតិភូ​ទាំងមូល និង​ជាមួយ​ក្រុមការងារ​ទាំង​មូល​»​។​

​កញ្ញា​បាន​បន្តទៀតថា ការងារ​សំខាន់​ដែល​យើង​កំពុង​ធ្វើ​នៅទីនេះ ដើម្បី​បង្ហាញ​កន្លែង​ទេសចរណ៍ ប៉ុន្តែ​ក៏​អាចនិយាយបាន​ថា​យើង​អាច​សម្រាក​លម្ហែកាយ​តាម​មធ្យោបាយ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ដូចគ្នា ទាំង​នៅ​កម្ពុជា និង​អង់​ហ្គោ​ឡា ហើយ​នេះ​គឺជា​អ្វីដែល​យើង​កំពុង​ធ្វើ​នៅទីនេះ​។​

ចំពោះ​វិស័យ​បរិស្ថាន និង​អភិរក្ស​ឆ្នេរ កញ្ញា ស្វេ​លី​យ៉ា គិតថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ដើម្បី​ចូលរួម​ចែករំលែក​សេចក្តី​ល្អ​ដែល​យើង​មាន​។ វា​ជា​រឿង​មួយ​ដ៏​សំខាន់បំផុត​ចំពោះ​អ្វីដែល​យើង​កំពុង​ធ្វើ​នៅទីនេះ នោះ​គឺ​បង្កើត​បណ្តាញ​ទំនាក់ទំនង​។ វា​មិនមែន​តែ​សំដៅ​ទៅលើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​អង់​ហ្គោ​ឡា និង​កម្ពុជា​នោះទេ តែ​វា​ជា​ទំនាក់ទំនង​រវាង​អង់​ហ្គោ​ឡា​ទៅកាន់​ពិភពលោក និង​កម្ពុជា​ទៅកាន់​ពិភពលោក​។ ដូច្នេះ​ត្រូវ​ផ្សារភ្ជាប់ ត្រូវ​នាំ​មនុស្ស​មកកាន់​ទីនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close