ក្តាន់​ញ៉ែង ជា​ថនិកសត្វ​ដែលមាន​មាឌតូច​ជាងគេ​ក្នុង​ត្រកូល​សត្វ​ក្រចក​ជំ​ពាម និង​គ្មាន​ស្នែង ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN

​កុំ​ច្រឡំ​ថា​សត្វ​កណ្តុរ នេះ​គឺ​សត្វ​ក្តាន់​ញ៉ែង​! ក្តាន់​ញ៉ែង​តូច​ឬ​ផ្ចង​តូច​ដែលជា​ថនិកសត្វ​ដែលមាន​មាឌតូច​ជាងគេ​ក្នុង​ត្រកូល​សត្វ​ក្រចក​ជំ​ពាម និង​គ្មាន​ស្នែង (​ទម្ងន់​ខ្លួន​ប្រមាណ ២​គីឡូក្រាម​) ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ​។ ​នៅក្នុង​ប្រទេស​កម្ពុជា សត្វ​ក្តាន់​ញ៉ែង​មាន​វត្តមាន​រស់នៅ​ស្ទើរ​គ្រប់​តំបន់ការពារធម្មជាតិ វា​មាន​វត្តមាន​នៅតាម​វាលស្មៅ​ផងដែរ​នៅ​តំបន់​ឥណ្ឌូចិន និង​កោះ​បរ​ណេ​អូ​។​

​យោងតាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​របស់​ក្រុមការងារ​ក្រសួងបរិស្ថាន​នាពេល​ថ្មីៗ​នេះ ក្តាន់​ញ៉ែង​បានបង្ហាញ​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។ ក្តាន់​ញ៉ែង​ស្ថិតនៅក្នុង​ក្រុម​សត្វ​មាន​ដោយ​បង្គួរ ហើយ​សត្វ​ប្រភេទ​នេះ​ងាយ​រងគ្រោះថ្នាក់ ដោយសារតែ​ការ​បរបាញ់ ឬ​ការ​បណ្តើរ​សត្វ​ឆ្កែ​ទាក់​ចាប់​ដើម្បី​យក​សាច់​ធ្វើជា​អាហារ និង​គ្រោះថ្នាក់​ដោយសារ​សត្វព្រៃ​ស៊ីសាច់​ជា​អាហារ​។​

​ក្តាន់​ញ៉ែង​តូច​ជាស​ត្វ​ចូលចិត្ត​រស់នៅ​តែឯង និង​ជា​គូ​នៅ​រដូវ​បន្ត​ពូជ​។ វា​ជាស​ត្វ​រាត្រីចរ​។ ក្តាន់​ញ៉ែង​តូច​ជា​ចំណី​របស់​សត្វ​ត្រកូល​ខ្លា​មានដូចជា​ខ្លា​ពពក ខ្លា​លឿង​មាស ខ្លា​ភ្ញី​ថ្មកែវ​ជាដើម​។ យោងតាម​ការសិក្សា​មួយ​ដឹកនាំ​ដោយ​លោក Thomas E. Gray ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៨ ស្តីពី​ការ​គណនា​ដង់ស៊ីតេ​រប​ស់​សត្វ​ក្តាន់​ញ៉ែង​តូច​នៅក្នុង​ឧទ្យាន​ជាតិ​ក្រវ៉ា​ញ​ខាងត្បូង​បាន​បង្ហាញថា ដង់ស៊ីតេ​របស់​វា​មាន​ជា​មធ្យម ៨១​ក្បាល (​ចន្លោះ​ពី ៥៧-៩៨) ក្នុង​មួយ​គីឡូ​ម៉ែត​ក្រឡា​។ ក្តាន់​ញ៉ែង​ធ្វើ​សកម្មភាព​ច្រើន​នៅ​ចន្លោះ​ពី​ម៉ោង ៥-៨​ព្រឹក និង​ចន្លោះ​ពី​ម៉ោង ៥-៧​ល្ងាច​។ នៅលើ​ដងខ្លួន​ពាស​ទៅដោយ​រោម​ពណ៌​ត្នោត និង​មាន​ឆ្នូត​ស ៣​ជួរ​នៅក្រោម​ក​។ ជើងមាន​ទំហំ​ធំ​ជាង​ម្រាមដៃ​មនុស្សពេញវ័យ​បន្តិច និង​មាន​ជើង​ក្រោយ​វែង​ជាង​ជើង​មុខ​។ ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​មាន​ពណ៌​ស ឬ​ព្រលែត​។​

​ជម្រក​ដ៏​ល្អប្រសើរ​នៃ​សត្វ​នេះ​គឺ​ចូលចិត្ត​រស់នៅ​តាម​រន្ធ​ឈើ ក្រហែង​ថ្ម វា​អាច​រស់​នៅតាម​ព្រៃឈើ​ញឹក ចង្អៀត ឬ​ព្រៃ​ឫស្សី​ដែល​ត្រជាក់​ហើយ​ងងឹត​។ វា​ជាស​ត្វ​រាត្រីចរ ចំណីអាហារ​របស់​វា​គឺ​ពន្លក​រុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និង​ទំពាំង​ឫស្សី​។ ជាធម្មតា សត្វ​នេះ​ធ្វើ​ចលនា​លោត​ត្រឹកៗ ផ្លោះ​យ៉ាង​រហ័ស​នៅពេល​មាន​អាសន្ន តែ​ក្រោយពី​រត់​បាន​បន្តិច តែងតែ​ឈប់​ញឹកញាប់ ហើយ​ពិនិត្យមើល​ស្ថានភាព​ជុំវិញខ្លួន​វា​។ ក្នុងការ​ទាក់ទង​គ្នា ក្តាន់​ញ៉ែង​តូច​តែង​គោះ​ជើង​ក្រោយ​លើដី ឬ​អង្គត់​ឈើ​យ៉ាង​រហ័ស​ជា​សញ្ញា​សម្គាល់​។ សត្វ​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បង្កើតកូន ក្រោយពី​បាន​ពពោះ​រយៈពេល ១៥០-១៧០​ថ្ងៃ បង្កើតកូន​បាន​មួយ ជួនកាល​អាច​ភ្លោះ​តែមាន​ដោយ​កម្រ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close