សោកស្ដាយ​ណាស់​! សាកសព​សត្វ​ផ្សោត​១​ក្បាល ប្រទះឃើញ​អណ្តែត​តាម​ទឹកទន្លេ ក្បែរ​អន្លង់​កោះ​ដំបង

​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​WWF មានការ​សោកស្ដាយ​យ៉ាង​ពន់ពេក​ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​ទឹកសាប​មួយ​ក្បាល​ថ្មី​ទៀត​ពី​ក្នុង​ហ្វូង​សត្វ​ផ្សោត​ទន្លេមេគង្គ​។ សត្វ​ផ្សោត​ដែល​បាន​ស្លាប់​មួយ​ក្បាល​នេះ ជា​សត្វ​ផ្សោត​ឈ្មោល​មាន​អាយុប្រមាណ​ចន្លោះ​ពី​១៥-២០​ឆ្នាំ មាន​ប្រវែង​២៣០​សង់ទីម៉ែត្រ ទម្ងន់​១៦២​គីឡូក្រាម​។ សាកសព​សត្វ​ផ្សោត​នេះ ត្រូវបាន​ប្រទះឃើញ​អណ្តែត​តាម​ទឹកទន្លេ ក្បែរ​អន្លង់​កោះ​ដំបង ត្រង់​ទីតាំង​ព្រំប្រទល់​រវាង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

​ក្រោយ​ការពិនិត្យ​សាកសព​សត្វ​ផ្សោត​យ៉ាង​ម៉ត់ចត់​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ក្រុម​ជំនាញ​ស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផល​-WWF បាន​សន្និដ្ឋាន​ជាបឋម​ថា​សត្វ​ផ្សោត​បាន​ស្លាប់​ដោយសារ​ការជាប់​នឹង​មង​នេសាទ ដោយសារ​ក្រុម​ជំនាញ​ស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម​នៃ​សរសៃ​មង​នៅលើ​ផ្ទៃ​កន្ទុយ ដងខ្លួន និង​ស្នាម​រលាត់​នៅលើ​ផ្នែក ក របស់​វា​។

របាយការណ៍​ដ៏​សោកសៅ​នៃ​ការស្លាប់​សត្វ​ផ្សោត​មួយ​ក្បាល​ថ្មី​នេះ​បាន​បង្កើន​តួលេខ​សត្វ​ផ្សោត​ស្លាប់​សរុប ក្នុង​ឆ្នាំ ២០២២ នេះ ដល់​ចំនួន​៩​ក្បាល​។ យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​អត្រា​នៃ​ការស្លាប់​ដ៏​ខ្ពស់​ដែល​មិន​ធ្លាប់មាន​ពីមុន​សម្រាប់​អំឡុង​រយៈពេល ៣ ឆ្នាំ ចុងក្រោយ​នេះ ពោលគឺ​សត្វ​ផ្សោត​ដែល​បាន​ស្លាប់មាន​សរុប ចំនួន ២៧​ក្បាល ចន្លោះ​ពី​ឆ្នាំ ២០២០​ដល់​ឆ្នាំ ២០២២ (​គិត​ត្រឹម​ថ្ងៃទី ១៨ ខែធ្នូ​)​។

លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ព័ត៌មាន​អំពី​ការរកឃើញ​សត្វ​ផ្សោត​ស្លាប់​នីមួយៗ​ពិតជា​ធ្វើ​ឲ្យ​មាន​ភាព​សោកសង្រេង​ខ្លាំងណាស់ ហើយ​យើង​សោកស្តាយ​ខ្លាំង​បំផុត​គឺ​នៅពេល​សត្វ​ផ្សោត​ពេញវ័យ​ដែលមាន​សុខភាព​ល្អ​ដូច​សត្វ​ផ្សោត​មួយ​ក្បាល​នាពេលនេះ បាន​បាត់​បង់ជីវិត ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​នៃ​ការបន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលមាន​ចំនួន​សេសសល់​តិចតួច​ស្រាប់​»​។

​យើង​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បង្កើន​វិធានការ​អនុវត្ត​ច្បាប់​បន្ថែមទៀត ដើម្បី​បញ្ឈប់​ឲ្យ​បាន​ទាំងស្រុង​នូវ​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​គ្រប់​ទម្រង់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​។ តាមរយៈ​ការអនុវត្ត​ច្បាប់​ដ៏​តឹងរឹង​បែបនេះ យើង​មិន​ត្រឹមតែ​អាច​ការពារ​បាន​នូវ​សត្វ​ផ្សោត​ដែលជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ យើង​ថែមទាំង​អាច​គ្រប់គ្រង​បាន​នូវ ជង្រុក​ត្រី ធម្មជាតិ​ដើម្បី​ទ្រទ្រង់​ដល់​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​រាប់លាន​នាក់​ទៀតផង​។ ប្រសិនបើ​សកម្មភាព​នេសាទ​ខុសច្បាប់​នៅតែ​បន្ត​ដូច​បច្ចុប្បន្ន សត្វ​ផ្សោត​ទន្លេមេគង្គ​អាច​នឹង​ឈានទៅ​ផុត​ពូជ​នៅពេល​ខាងមុខ​មិន​ខាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close