រដ្ឋមន្ត្រីក្រសួង​អប់រំ ប្រកាស​បើក​បវេសនកាល​ជា​និមិត្តរូប ឆ្នាំ​សិក្សា​២០២២-២០២៣

ស្វាយរៀង​៖ ពិធី​បើក​បវេសនកាល​ជា​និមិត្តរូប ឆ្នាំ​សិក្សា​២០២២-២០២៣ បាន​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រសូត ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​វត្តមាន ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា និង​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរអប់រំ ទាំង​២៥ រាជធានី​-​ខេត្ត គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​ធនធាន​សរុប ក្នុងការ​ដឹកនាំ និង​បន្ត​ដំណើរការ​សាលារៀន ព្រមទាំង​ការបំពេញ​ការងារ​ដទៃ​ទៀត តាម​គ្រប់​រូបភាព ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​សាមគ្គីភាព ជាពិសេស​បាន​បិទ​បញ្ចប់​ឆ្នាំ​សិក្សា ២០២១-២០២២ ប្រកបដោយ​សុវត្ថិភាព និង​ត្រៀម​រួចរាល់​សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដើម្បី​គាំទ្រ​ដល់​កំណែទម្រង់​សាលារៀន រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាននិងកំពុង​បន្ត​គាំទ្រ និង​បង្កើន​ថវិកា​មូលនិធិ​ដំណើរការ​សាលារៀន​ជា​រៀងរាល់ឆ្នាំ​។ ក្នុង​ឆ្នាំ​២០២៣ នេះ​ក្រសួង​នឹង​ផ្តល់​ការលើកទឹកចិត្ត​ដល់​សាលារៀន​ដែល​បាននិងកំពុង​អនុវត្ត​កំណែទម្រង់​កម្រិត​សាលារៀន​បានល្អ ដូចជា​ការលើកកម្ពស់​គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និង​តម្លាភាព នៃ​ការដឹកនាំ​និង​គ្រប់គ្រង​សាលារៀន​ការដឹកនាំ ការរៀន និង​បង្រៀន ការគ្រប់គ្រង​ថ្នាក់រៀន​ប្រកបដោយ​ប្រសិទ្ធភាព ការលើកកម្ពស់​ការចូល​រួម​របស់​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​សហគមន៍ អាជ្ញាធរ​ដែនដី និង​អ្នកពាក់ព័ន្ធ ក្នុងការ​អភិវឌ្ឍ​សាលារៀន ជាដើម​។​ល​។​

​ចាប់ពី​ឆ្នាំ​២០២៣ ក្រសួង​បានដាក់​ចេញ​នូវ​អាទិភាព​ចំនួន ៨ ចំណុច ដើម្បី​ឆ្លើយតប​នឹង បរិវត្ត​កម្ម​ការអប់រំ​រួមមាន​៖ ១)​ការបើក​ដំណើរការ​សាលារៀន​ប្រកបដោយ​សុវត្ថិភាព ការ​ស្តារឡើងវិញ និង​ការបន្ត​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស ២)​កំណែទម្រង់​សាលារៀន ៣) ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ប្រកបដោយ​គុណភាព​កម្រិត​ខ្ពស់ ៤)​ការអប់រំ​ឌីជីថល ៥)​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ៦)​ការអភិវឌ្ឍ​បំ​ណិ​ន​សតវត្ស​ទី​២១ សម្រាប់​យុវជន ៧)​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​ឧ​ត្ត​មសិ​ក្សា និង​៨)​ការពង្រឹង​ប្រព័ន្ធ​អប់រំ និង​កសាង​សមត្ថភាព​ស្ថាប័ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close