សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ប្រកបដោយ​ផ្លែផ្កា​ខ្ពស់​។​

​សូម​រំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ម៉ា​ល់​ឌី​វ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣​។ នេះ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​ហើយ សម្រាប់​សម្តេច​តេ​ជោ នៅលើ​ប្រទេស​ដែន​កោះ​ហ៊ុំព័ទ្ធ​ដោយ​សមុទ្រ ដ៏​ស្រស់ត្រកាល​មួយ​នេះ បន្ទាប់ពី​កម្ពុជា និង​ម៉ា​ល់​ឌី​វ ភ្ជាប់​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ​១៩៩៥​។​

​នៅ​ថ្ងៃទី​១៦ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​។ ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ នៅលើ​ប្រទេស​ដែន​កោះ​ប្រៀប​ដូច​ឋានសួគ៌ ក្រោម​មេឃ​មួយ​នេះ ទទួល​បានការ​បដិសណ្ឋារកិច្ច ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​កម្រិត​ខ្ពស់​ពី​សំណាក់​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ លោក អ៉ី​ប្រា​ហ៉ី​ម ម៉ូ​ហា​ម៉េ​ដ សូលី ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ ជាច្រើនរូប​ទៀត នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​ឆ្អិត​ឆ្អៅ​ដ៏​វែង​អន្លាយ​។​

​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​អមដំណើរ​ដោយផ្ទាល់​ពី​លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ បាន​អញ្ជើញ​គោរព​ទង់ជាតិ នៃ​ប្រទេស​ទាំងពីរ រួមទាំង​ការសំដែង​សិល្បៈ​តាមបែប​ប្រពៃណី​របស់​ម៉ា​ល់​ឌី​វ ដោយ​ក្រុម​សិល្បៈ​និស្សិត​ម៉ា​ល់​ឌី​វ និង​ការបាញ់​កាំភ្លើង​ធំ ៧​ដើម របស់​កងទ័ព​ម៉ា​ល់​ឌី​វ​។​

​បន្ទាប់ពី​ពិធី​ទទួល​បដិសណ្ឋារកិច្ច​បា​ន​បញ្ចប់ទៅ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​។ ជំនួប​ពិភាក្សា​ការងារ​បានធ្វើ​ឡើង​ពីរ​កម្រិត គឺ​កម្រិត​ចង្អៀត និង​កម្រិត​ទ្វេភាគី​។​

​ជំនួប​ទាំងពីរ​កម្រិត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ បាន​ជជែក​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ រួមទាំង​ការស្វែងរក​ម​ធ្យោ បាយ​ថ្មី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ ក៏បាន​បាន​ផ្លាស់ប្តូរ​យោបល់ គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​ទៅវិញទៅមក​ផងដែរ​។​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ បានរៀបចំ​ពី​លៀង​សាយភោជន៍​ជា​មហា​កិត្តិយស​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ប្រកបដោយ​ភាព​រីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មាន​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​អនុ​ប្រធានាធិបតី ប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និង​ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស​ម៉ា​ល់​ឌី​វ​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​ប្រទេស​ដែន​កោះ​នៅពេលនេះ គឺជា​ការបើក​ទំព័រ​ដើមឆ្នាំ​២០២៣ ក្នុងការ​គាស់​រំលើង​ទំនាក់ទំនង​ជាមួយ​មិត្ត​ចាស់ ដែលជា​ការនាំមក​នូវ​ឧ​ប​ត្ត​ម​ប្រយោជន៍​ខ្ពស់​មួយ​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នេះ មិន​ត្រឹមតែ​ជាការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ តែ​អ្វី​ដែលជា​ប្រយោជន៍​សំខាន់​នោះ គឺ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច តាមរយៈ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ ជាពិសេស​ការបើក​ច្រក​ទីផ្សារ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​។​

​សូមបញ្ជាក់ថា កម្ពុជា និង​ម៉ា​ល់​ឌី​វ បាន​បង្កើត​ចំណង​ការទូត​ជាមួយគ្នា​តាំងតែ​ពីថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៥ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិនទាន់មាន​ស្ថានទូត​ប្រចាំ​ប្រទេស​នៅឡើយ​ទេ ហើយ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​ក៏មាន​កម្រិត​ទាប​នៅឡើយ​។​

​ម៉ា​ល់​ឌី​វ មាន​ផ្ទៃដី​ត្រឹមតែ ៣០០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ បានទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៦៥​។​

​ប្រទេស​នេះ​ស្ថិតនៅក្នុង​មហាសមុទ្រ​ឥណ្ឌា ដោយមាន​ទីតាំង​ស្ថិតនៅ​ភាគ​និរតី នៃ​ប្រទេស​ស្រីលង្ការ និង​ឥណ្ឌា និង​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ជាង​កន្លះ​លាន​នាក់​តែប៉ុណ្ណោះ ភាគច្រើន​ជា​មូស្លីម ខណៈដែល​ពុទ្ធសាសនា​ក៏​ធ្លាប់មាន​ប្រវត្តិ​មកដល់​ដែន​កោះ​នេះ​ផងដែរ​។​

​ម៉ា​ល់​ឌី​វ​តូច ប្រជាជន​តិច ប៉ុន្តែ​អត្រា​ផលិតផល​នៅក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ គឺមាន​រហូតដល់​ទៅ ១១,៣៨ ពាន់​លាន​ដុល្លារ ពោលគឺ​លំដាប់​ទី​១៦២ នៅលើ​ពិភពលោក តែ​ប្រសិនបើ​និយាយ​អំពី​អត្រា​ផលិតផល​នៅក្នុង​ស្រុក​សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​គឺ ២៩ ០០០ ដុល្លារ នៅក្នុង​មួយឆ្នាំ ពោលគឺ​លំដាប់​ទី ៦២ នៅលើ​ពិភពលោក​។​

​ម៉ា​ល់​ឌី​វ ជា​ប្រទេស​ដែល​ប្រកាន់យក​របប​ប្រធានាធិបតី​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយ​ប្រធានាធិបតី ជា​ប្រមុខរដ្ឋ​ផង ជា​ប្រមុខ​រដ្ឋាភិបាល​ផង​។​

​នៅមុន​ឆ្នាំ​១៩៧០ សេដ្ឋកិច្ច​សំខាន់​របស់​ប្រទេស​នេះ គឺ​កសិកម្ម ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ គឺ​ទេសចរណ៍ ដោយ​វិស័យនេះ គឺជា​ប្រភព​ចំបង​នៃ​អត្រា​ផលិតផល​សរុប​របស់​ប្រទេស​ដល់​ទៅ ២៨ ភាគរយ ប៉ុន្តែ​ចំណូល​របស់​រដ្ឋាភិបាល ពោលគឺ​ដល់​ទៅ ៩០ ភាគរយ គឺ​បានមកពី​ពន្ធ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​នាំចូល​។​

​នេសាទ និង​វារីវប្បកម្ម​ក៏​ជា​ប្រភព​ចំបង​នៃ​អត្រា​ផលិតផល​សរុប របស់​ប្រទេស​កោះ​មួយ​នេះ​ផងដែរ​។ វិស័យនេះ ជា​ប្រភព​ចំណូល​ដែល​រួមវិភាគទាន​ដល់ អត្រា​ផលិតផល​នៅក្នុង​ស្រុក​សរុប​ប្រមាណ​ជា ១៥​ភាគរយ ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ប្រមាណ​ជា ៣០​ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close