កម្ពុជា ស្នើសុំ​ចក្រភព​អង់គ្លេស ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ម្ហូបអាហារ និង​កសិឧស្សាហកម្ម

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Dominic WILLIAMS ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម​ឯកអគ្គរាជទូត និង​សហការី ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា លើ​វិស័យ​សក្តានុពល​នានា រួមមាន​៖ ពាណិជ្ជកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបរិច្ចាគ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ជាដើម​។​

​បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី​របស់​ចក្រភព​អង់គ្លេស ដែល​បាន​ផ្តល់ជូន​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា​ផងដែរ ដែល​ការផ្តល់​នេះ​បានរួម​ចំណែក​ក្នុងការ​គាំទ្រ​ដល់​ធុរជន និង​វិនិយោគិន​កម្ពុជា ជំរុញ​ការនាំចេញ បង្កើន​ឱកាស​ការងារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន ភាព​ធន់ និង​ចីរភាព ជាពិសេស​ចូលរួម​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិ​ប​ត្ត​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះ ភាគី​កម្ពុជា ក៏បាន​ស្នើសុំ​ភាគី​ចក្រភព​អង់គ្លេស ពិចារណា​ក្នុងការ​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ម្ហូបអាហារ និង​កសិឧស្សាហកម្ម ផងដែរ​។​

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ បានកត់សម្គាល់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ជាពិសេស​ចំពោះ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើត​វេទិកា​ពាណិជ្ជកម្ម​និង​វិនិយោគ​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ នាពេល​សមស្រប​ខាងមុខ ដើម្បី​ជំរុញ​ការវិនិយោគ និង​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន បន្ថែមទៀត​។​

​ជា​កិច្ចបញ្ចប់ ភាគី​ទាំងពីរ បាន​សម្តែង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ឱ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា​៖ ចក្រភព​អង់គ្លេស គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ សម្រាប់​ផលិតផល​កសិកម្ម និង​កម្មន្តសាល​របស់​កម្ពុជា ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរ​រវាង​ប្រទេស​ទាំងពី​សម្រេចបាន​ប្រមាណ ១ ប៊ី​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០២២ ជាមួយនឹង​កំណើន​ប្រមាណ ២៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែល​សម្រេចបាន ៧៨៦ លាន​ដុល្លារ​អាម៉េរិក​។ ទំនិញ​នាំចេញ​សក្តានុពល​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស រួមមាន​៖ សំលៀកបំពាក់ ស្បែកជើង កង់ និង​ផលិតផល​កសិកម្ម​ជាដើម រីឯ​ទំនិញ​នាំចូល​សក្តានុពល​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​វិញ រួមមាន​៖ គ្រឿងយន្ត ឱសថ និង​ភេសជ្ជៈ​។​ល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close