កម្ពុជា និង​បារាំង សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៥០០​លាន​ដុល្លារ​អាម៉េរិក ជាមួយនឹង​កំណើន​ប្រមាណ ១៦.៣១% ក្នុង​ឆ្នាំ​២០២២

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម អូ​លី​វ្យេ បិ​ច (Olivier Becht) រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស ការទាក់ទាញ​វិនិយោគិន និង​ជនជាតិ​បារាំង​នៅ​បរទេស អមដោយ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត និង​សហការី ដើម្បី​ពិភាក្សា​លើ​វឌ្ឍនភាព និង​កាលានុវត្តភាព​នៃ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​ថ្លែង​ក្នុង​ប្រសាសន៍​ស្វាគមន៍ ឯកឧត្ដម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ជម្រាបជូន​ពី​វឌ្ឍនភាព​នានា ដែល​ក្រសួងពាណិជ្ជកម្ម​បាននិងកំពុង​អនុវត្ត​ក្នុង​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​ទិសដៅ​អាទិភាព​ពាណិជ្ជកម្ម​កម្ពុ​ជា ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ចូលទៅក្នុង​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក ព្រមទាំង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​ឱ្យ​កាន់តែ​ធំ​ទូលាយ​ថែមទៀត សំដៅ​ស្តារឡើងវិញ និង​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជម្ងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩​។​

​បន្ថែម​ពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​ភាគី​បារាំង​ពិចារណា​ទាក់ទាញ​អ្នក​វិនិយោគិន​បារាំង​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​បន្ថែមទៀត តាមរយៈ​ការប្រើប្រាស់​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​បាន​ចរចា​បង្កើតឡើង ជាពិសេស​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កម្រិត​ទ្វេភាគី​ជាមួយ​ចិន​និង​កូរ៉េខាងត្បូង ដើម្បី​ផ្ដល់ឱកាស​ឱ្យ​វិនិយោគិន​បារាំង និង​កម្ពុជា មានលទ្ធភាព​ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល​សក្ដានុពល​ទៅកាន់​ទីផ្សា​អឺរ៉ុប​បន្ថែមទៀត ដែល​ក្នុងនោះ​រួមមាន​៖ ផលិតផល​កសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផល​កែច្នៃ សម្លៀកបំពាក់ រួមទាំង​ជ័រកៅស៊ូ​ជាដើម​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ បាន​កោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់​របស់​កម្ពុជា និង​បាន​សន្យា​ទាក់ទាញ​អ្នក​វិនិយោគិន ព្រមទាំង​ភ្ញៀវទេសចរ​បារាំង​មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត និង​សង្ឃឹមថា​ភាគី​ទាំងពីរ​នឹង​បន្ត​កិច្ចសន្ទនា​ជា​ដៃគូ​ល្អ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ ទាំង​ក្នុង​កម្រិត​ទ្វេភាគី និង​កម្រិត​តំបន់ ជាពិសេស​គឺ​ការចូលរួម​ឱ្យបាន​សកម្ម​ក្នុងការ​រឹតចំណង​ទំនាក់ទំនង​នៃ​តំបន់​អាស៊ាន និង​តំបន់​អឺរ៉ុប​។​

​ជាមួយគ្នានេះដែរ ភាគី​បារាំង​ក៏បាន​លើកឡើង​អំពី​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​បារាំង ក្នុងការ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​វិស័យ​សំណង់​ស៊ីវិល និង​វិស័យ​ដឹកជញ្ជូន រួមមាន​រថភ្លើង​ល្បឿន​លឿន និង​កំពង់ផែ​ស្វយ័ត​ជាដើម​។​

​នៅ​កិច្ចបញ្ចប់ ឯកឧត្ដម​រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​បង្ហាញ​ឆន្ទៈ និង​ពិភាក្សា​អំពី​លទ្ធភាព​ក្នុងការ​បង្កើត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ភាគី​កម្ពុជា​-​បារាំង ទាំង​ក្នុង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ ដើម្បី​ពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ជាពិសេស​គឺ​សក្ដានុពល​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​

​គួរ​បញ្ជាក់ថា​៖ សាធារណរដ្ឋ​បារាំង គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​នៅក្នុង​សហគមន៍​អឺរ៉ុប ជាក់ស្ដែង​នៅ​ឆ្នាំ​២០២២ ភាគី​ទាំងពីរ​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៥០០ លាន​ដុល្លារ​អាម៉េរិក ជាមួយនឹង​កំណើន​ប្រមាណ ១៦.៣១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែល​សម្រេចបាន ៤៣០ លាន​ដុល្លារ​អាម៉េរិក​។ ទំនិញ​នាំចេញ​សក្តានុពល​ពី​កម្ពុជា​ទៅ​បារាំង រួមមាន​៖ អង្ករ ផលិតផល​កសិកម្ម សំលៀកបំពាក់ និង​ស្បែកជើង ជាដើម រីឯ​ទំនិញ​នាំចូល​សក្តានុពល​ពី​បារាំង​មក​កម្ពុជា​វិញ រួមមាន​៖ ឱសថ បន្ទះក្តារ និង​ភេសជ្ជៈ​។​ល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close