សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ជាង ៣​ពាន់​នាក់​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន សរុប​ចំនួន ៣២៣២​នាក់ ដែល​បានបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ ឆ្នាំ​សិក្សា​២០២០-២០២១ និង​ឆ្នាំ​សិក្សា​២០២១-២០២២ កន្លងទៅ​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​(OCIC)​។​



ជា​កិច្ច​ចាប់ផ្ដើម នៅ​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​២៦​មករា នេះ គឺ​សល់​តែ​៩៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​។ សម្តេច​តេ​ជោ បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ធ្វើ​ក្នុង​ដំណើរ​រាប់​ថយក្រោយ នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ​នេះ ឲ្យ​ក្លាយទៅជា​ចលនា​ជាតិ​។ សម្តេច​តេ​ជោ​បានបង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​នា​ថ្ងៃនេះ​។​សម្តេច​តេ​ជោ​បាន​ថ្លែងថា ធនធានមនុស្ស គឺជា​រឿង​ចាំបាច់​សម្រាប់​សង្គមជាតិ​។ សម្តេច​ពិតជា​រីករាយ​នៅពេល​បានឃើញ​ពី​វឌ្ឍនភាព​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ប្រទេស​យើង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កំហុស​ផ្នែក​នយោបាយ និង​សង្គ្រាម ជាហេតុ​នាំឱ្យ​កម្ពុជា​ក្រ ធ្វើឱ្យ​យើង​ខ្វះខាត​នៅ​ធនធានមនុស្ស​។ សម្តេច​តេ​ជោ​ថ្លែងថា ការធ្វើ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ បាន​បំផ្លាញ​កម្ពុជា​ដល់​ឫស្សគល់ ដូច្នេះ សម្តេច​តេ​ជោ​បាន​ថ្លែងថា យើង​មិនត្រូវ​ឱ្យមាន​កំហុស​ផ្នែក​នយោបាយ​កើតមាន​ទៀត​នោះទេ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា កម្ពុជា មាន​កម្លាំង​ពលកម្ម​ច្រើន តែ​ចំណេះ​ជំនាញ​បំពេញ​សេចក្តីត្រូវការ​របស់​ក្រុមហ៊ុន នៅមានកម្រិត​នៅឡើយ​។ ធនធានមនុស្ស​នៅ​កម្ពុជា បរិមាណ​មាន​ហើយ តែ​គុណភាព​នៅមានកម្រិត​នៅឡើយ​។​សម្តេច​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​បណ្តុះបណ្តាល​ជា​បន្តទៀត​។​ការបណ្តុះបណ្តាល​មិនមែន​ដើម្បី​យក​សញ្ញាបត្រ​នោះទេ គឺត្រូវធ្វើ​ឱ្យមាន​ចំណេះដឹង​ពិតប្រាកដ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​និស្សិត​ឱ្យ​បន្ត​ការសិក្សា ឬ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បី​ពង្រឹងសមត្ថភាព​នាពេលខាងមុខ​។​

នៅថ្ងៃនេះ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា កម្ពុជា​មិនបាន​ផ្តល់ជំនួយ ឬ​បញ្ជូន​កងទ័ព​ទៅ​អ៊ុយ​ក្រែ​ន​ទេ សូមកុំ​មានការ​ភាន់ច្រឡំ​។ ឯ​រឿង​បញ្ជូន​កម្លាំង​អ្នកដោះមីន​ទៅ​បណ្ដុះបណ្តាល​ការដោះមីន​នៅ​អ៊ុយ​ក្រែ​ន​ជា​រឿង​មនុស្សធម៌​សុទ្ធសាធ​។ សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ទៀតថា កម្ពុជា​ប្រកាស​ទទួល​អ្នករៀន​ដោះមីន​នៅ​កម្ពុជា​ផងដែរ​។ ការ​បោសសំអាត​មីន ជា​កិច្ច​ការដែល​ប្រទេស​នៅលើ​ពិភពលោក​ទាំងអស់​ត្រូវ​ចូលរួម​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​រឿង ប្រតិកម្ម​ជម្លោះ​អ្នកសារព័ត៌មាន និង​អ្នក​ជួយ​លើក​ម៉ូតូ​នៅ​ស្ពាន​ជ្រោយចង្វារ​ផងដែរ ដោយ​សម្តេច​បាន​ថ្លែងថា អ្នកសារព័ត៌មាន​ហ្នឹង​មាន​សិទ្ធិ​អី បាន​ឱ្យគេ​សុំទោស​? សម្តេច​ក៏​ស្នើ​ឲ្យ​បញ្ចប់​ការឆ្លង​ឆ្លើយ​លើ​ករណី​ជម្លោះ​រវាង​អ្នកកាសែត និង​អ្នក​ជួយ​លើក​ម៉ូតូ​នៅ​ស្ពាន​ជ្រោយចង្វា​។ សម្តេច​តេ​ជោ​បាន​ណែនាំ​ឱ្យ​ហៅ​អ្នកសារព័ត៌មាន​អន​ឡាញ មក​អប់រំ ណែនាំ​រឿង​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន កុំឱ្យ​ដើរតួនាទី​ជំនួស​មន្ត្រីនគរបាល​យុត្តិធម៌ ឬ​ជំនួស​គ្រូពេទ្យ​។ និង​ករណី​១​ទៀត គឺ​រឿង​លោកគ្រូ​កាត់សក់​កូនសិស្ស នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង សម្តេច​សូមអោយ​ធ្វើការ​បញ្ឈប់ និង​កុំ​ឲ្យ​មាន​ហេតុការណ៍​បែបនេះ​ត​ទៅមុខទៀត​។

​ជា​ចុងក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ និង​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់ និង​ជូនពរ​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ ជា​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close