ស្ថាប័ន GIZ នៃ​ប្រទេស​អាល្លឺម៉ង់ ជា​ដៃគូ​សំខាន់​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ខ្មែរ​ជំនាន់​ថ្មី លើ​ផ្នែក​អភិរក្ស និង​ព្យាបាល​ថ្ម​ប្រាសាទបុរាណ​ក្នុង​តំបន់​អង្គរ​

​ក្នុងចំណោម​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​បាន​ចូលមក​រួមចំណែក​លើ​ការងារ​ជួសជុល​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុងនោះ​ក៏មាន​ស្ថាប័ន GIZ នៃ​ប្រទេស​អាល្លឺម៉ង់ បាន​ខិតខំ​រួមចំណែក​ក្នុង​ការងារ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​ប្រទេស​កម្ពុជា លើ​ជំនាញ​ព្យាបាល និង​អភិរក្ស​ថ្ម អស់​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ​។ ​ការខិតខំ​ប្រឹងប្រែង​លើ​វិស័យ​បេតិកភណ្ឌ​នេះ ក្នុង​គោលបំណង​បង្កើន​អ្នកជំនាញ​ជំនាន់​ថ្មី ពង្រឹង​លើ​សមត្ថភាព​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​បន្តធ្វើ​ការងារ​អភិរក្ស​ប្រាសាទបុរាណ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​ស្នាដៃ​កូន​ខ្មែរ​ខ្លួនឯង​ផ្ទាល់​។​

​លោក Christoph BUECKER អ្នកជំនាញ​អភិរក្ស​ថ្ម​មកពី​ស្ថាប័ន GIZ បានឱ្យដឹងថា វត្តមាន​របស់​ស្ថាប័ន GIZ​នៅ​តំបន់​អង្គរ គឺ​ដើម្បី​បង្ហាត់បង្រៀន​អ្នកជំនាញ​ខ្មែរ ដែល​កំពុង​បំរើការ​នៅក្នុង​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ចេះ​ជំនាញ​សង្កេត​ថ្ម ជួយ​ជំរុញ​បន្ថែមទៀត​នូវ​ជំនាញ​អភិរក្ស​ថ្ម ការមើល​ចម្លាក់​ថ្ម និង​ការព្យាបាល​ចម្លាក់​ថ្ម​នៅតាម​ប្រាសាទបុរាណ​នានា​។

​លោក Christoph BUECKER បញ្ជាក់ថា ចាប់​តាំងតែ​ពី​ឆ្នាំ​២០០៧​មក ស្ថាប័ន GIZ បាន​ជួយ​បណ្តុះបណ្តាល​មនុស្ស​ខ្មែរ​ជាច្រើន​ក្នុង​ជំនាញ​ផ្នែក​អភិរក្ស​ថ្ម ហើយ​ការបណ្តុះបណ្តាល​នេះ​បាន​បែងចែក​ជាវ​គ្គៗ រយៈពេល​បី​ឆ្នាំ​ម្តង​។ បច្ចុប្បន្ននេះ ស្ថាប័ន​GIZ ក៏មាន​គម្រោង​ជាច្រើន​ទៀត សម្រាប់​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ខ្មែរ​។ ​គម្រោង​ទាំងនោះ គឺ​បាន​ប្រើប្រាស់​ថវិកា​របស់​ស្ថាប័ន GIZ នៃ​ប្រទេស​អាល្លឺម៉ង់​ទាំងស្រុង សម្រាប់​ផ្គត់ផ្គង់​ទាំង​សម្ភារ ទ្រី​ស្តី និង​បច្ចេកទេស​មួយចំនួន ដែល​ត្រូវ​នាំយក​ពី​ក្រៅប្រទេស នៅពេល​បើក​វគ្គ​បង្រៀន​ម្ដងៗ​នោះ​។​

​លោក​បន្តថា ស្ថាប័ន GIZ ក៏បាន​ជួយឧបត្ថម្ភ​សម្ភារ​មួយចំនួនទៀត​ដល់​ផ្នែក​ពិសោធន៍ ដោយមាន​ម៉ាស៊ីន​ពិសោធន៍​ដែល​អាចធ្វើ​តេស្ត​ទៅលើ​ថ្ម​មួយចំនួន ព្រមទាំង​អាចជួយ​បន្សាប​ជាតិ​អំបិល​នៅលើ​ថ្ម និង​ពី​របៀប​ថា​តើ​ត្រូវ​ដកយក​ជាតិ​អំបិល​ចេញ ពី​ថ្ម​ដោយ​របៀប​ណា​ទៀតផង​។​

​លោក Christoph BUECKER បា​នស​ង្គ​ត់​ធ្ងន់​ថា តាមរយៈ​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​អភិរក្ស និង​ព្យាបាល​ថ្ម​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សព្វថ្ងៃនេះ ធនធានមនុស្ស​ខ្មែរ​ជំនាន់​ថ្មី​មាន​ចំនួន​កើនឡើង មាន​សមត្ថភាព​បំពេញការងារ​នៅតាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​ដោយ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​មាន​អ្នកជំនាញ​បរទេស​ទាំងស្រុង​ដូច​កាលពីមុន​ទៀតហើយ​។ ​លើសពីនោះ សិក្ខាកាម​ទាំងអស់ ហាក់​មានចិត្ត​ស្រលាញ់​កេរ​មរតក​ដូនតា​ខ្លួន​ផង បាន​ខិតខំ​យកចិត្ត​ទុក​រៀនសូត្រ​រហូត​ក្លាយខ្លួនជា​អ្នកជំនាញ ប្រែខ្លួន​ពី​មនុស្ស​ម្នាក់​ដែល​ចេះ​សង្កេត តាមដាន​ថ្ម និង​បន្ត​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​របស់ខ្លួន​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close