ក្រុមហ៊ុន​ធំៗ​ចំនួន​៣ នៃ​ប្រទេស​ចិន ចំណាប់អារម្មណ៍​ខ្ពស់ បន្ត​វិនិយោគ​បន្ថែម លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៅ​កម្ពុជា

​នៅ​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធំៗ​ចំនួន​០៣ របស់​ប្រទេស​ចិន​ជួប​សម្ដែង​ការគួរសម និង​ពិនិត្យ​លទ្ធភាព​វិ​និ​យោ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​៣ នៃ​ប្រទេស​ចិន រួមមាន​ក្រុមហ៊ុន​សាងសង់​គមនាគមន៍​ចិន​, ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន និង​ក្រុមហ៊ុន China Metro Group Limited ។​

​ក្រុមហ៊ុន​ទាំងអស់​បាន​សំដែង​នូវ​ការចាប់អារម្មណ៍​ក្នុង​ការបន្ត​វិនិយោគ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ បាន​វិនិយោគ​លើ​ការសាងសង់​ផ្លូវ​ស្ពាន​ប្រមាណ​ជាង ២​ពាន់​គីឡូម៉ែត្រ ក្នុងប្រទេស​កម្ពុជា នា​រយៈពេល​កន្លងមក​។ ក្រុមហ៊ុន​សាងសង់​គមនាគមន៍​ចិន និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន គឺជា​ក្រុមហ៊ុន​វិស្វកម្ម​ចិន​នាំមុខ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រួមមាន ការសិក្សា​ប្លង់ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការស្តា​ផ្លូវទឹក ការផលិត​គ្រឿងចក្រ​ធន់​ធ្ងន់ និង​សេវាកម្ម​អា​ហរ​ណ៍ នីហរ័ណ​។

​នៅក្នុង​កិច្ច​ពិភាក្សាគ្នា​នោះ ក្រុមហ៊ុន​ចិន​ទាំង​៣ បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពី​ការសាងសង់ និង​ដាក់​ឲ្យ​ប្រតិបត្តិ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ក្រុង​បាវិត ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសន្យា​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន (PPP) ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៧ ស្របគ្នា​នឹង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ហូជីមិញ ម៉ុក​បៃ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៧​។

​ជាមួយ នឹង​ទិសដៅ​នៃ​ការវិនិយោគ​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងនោះ បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពី​ការវិនិយោគ​លើ​ការដឹកជញ្ជូន​ផ្លូវ​ទឹកសាប ការវិនិយោគ​លើ​ការ​ចំ​រ៉ា​ញ់​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ និង​ការសិក្សា​ពី​ផ្លូវ​រថ​ភ្លឿ​ង​ល្បឿន​លឿន​ភ្នំពេញ ប៉ោយប៉ែត​។ ក្រុមហ៊ុន​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​ពី​គម្រោង​នៃ​ការវិនិយោគ​ផ្លូវ​រថភ្លើង ល្បឿន​លឿន​ធន់​ស្រាល ពី​ខេត្តសៀមរាប​ទៅកាន់​អាកាសយាន​អន្តរជាតិ​ថ្មី នៅ​ជីក្រែង ក្នុង​ខេត្តសៀមរាប​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ទាំងបី ដែល​បាន​ប្តេជ្ញា​រួមគ្នា​ក្នុងការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ប្រកបដោយ​គុណភាព នៅ​កម្ពុជា​សម្រាប់​ពេលខាងមុខ​។

ទាក់ទិន​ទៅ​និង​ការវិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់​ស្រាល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន China Metro Group Limited សិក្សា​ពី​គ្រោង​វិ​ន​យោគ​ផ្លូវ​ល្បឿន​លឿន​ធន​ស្រាល ពី​រាជធានី​ភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់​ស្រាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុងមាន​ចរាចរណ៍​យ៉ាង​មមាញឹក​។ ក្រុមហ៊ុន​វិនិយោគ​ទាំងបី​របស់​ប្រទេស​ចិន ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពី​គម្រោង​សិក្សា​លើ​លទ្ធភាព​វិនិយោគ​ថ្មីៗ ក្នុងប្រទេស​កម្ពុជា​សម្រាប់​ពេលខាងមុខ ពិសេស​ក្រោយ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេលនេះ​។

​នៅក្នុង​កិច្ច​ពិភាក្សាគ្នា​នោះដែរ ក្រុមហ៊ុន​ចិន បាន​ជំរាបជូន​សម្តេច​តេ​ជោ ពី​ការបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី នៅ​រាជធានី​ភ្នំពេញ និង​បានដាក់​ប​ញ្ចូ​ន​នូវ​របាយការណ៍​សិក្សា​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ត​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ ពី​គម្រោង​ដឹកជញ្ជូន​ផ្លូវទឹក និង​កំពង់ផែ ដែល​ក្នុងនោះ​ក្រុមហ៊ុន​បានបញ្ចប់​ការសិក្សា​បឋម​គម្រោង​ស្តារ​ផ្លូវទឹក​ទន្លេសាប ភ្នំពេញ សៀមរាប ដែល​និង​ប្រគល់ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួចរាល់​។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ ពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុងនោះ​បាននិងកំពុង​សិក្សា​ផែនការមេ និង​សមិទ្ធិ​លទ្ធភាព​ដំបូង សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​លូ​សំណង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

​ជាមួយគ្នានេះ ក្រុមហ៊ុន​ទាំងបី ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ ពី​ការជួយ​សាងសង់​អគារ​វិទ្យាស្ថាន​សម្តេច​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ១​ខ្នង កម្ពស់ ៤​ជាន់ ដែល​រួមមាន​បន្ទប់​សិក្សា ការិយាល័យ​រដ្ឋបាល មន្ទីរពិសោធន៍ និង​ការបំពាក់​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដែល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២​លាន​៥​សែន​ដុល្លា​អាមេរិក​។ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ក៏បានផ្តល់​ថវិកា​ប្រមាណ ២​លាន​ដុល្លា​អាមេរិក ដើម្បី​ជួយ​សាងសង់​អគារ​ព​ន្ទីរ​ពេទ្យ​តេ​ជោ​សែន កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល​។ ​ក្រុមហ៊ុន​ចិន​ទាំងបី ក៏បាន​សុំ​ការគាំទ្រ​ពីស​ម្តេច​តេ​ជោ ចំពោះ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ក្រុមហ៊ុន​បាន​សិក្សា​រួច ដើម្បី​ឲ្យ​គម្រោង​ទាំងនោះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close