ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ចុះ​អនុស្សរណៈ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការផ្សព្វផ្សាយ​ផលិតផល​កម្ពុជា សម្រាប់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទៅកាន់​ពិភពលោក​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ឡាន​តុ​ន ក្លៅ​ដ៏ សឺ​វី​ស ថេ​កណឡ​ជី ឯ​.​ក ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ដល់​ការផ្សព្វផ្សាយ​ផលិតផល​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទៅកាន់​ពិភពលោក​។​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ បានធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម​-​លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​, ឯកឧត្តម លោក លោកស្រី ប្រធាន​នាយកដ្ឋាន​/​វិទ្យាស្ថាន​, លោក​បណ្ឌិត លី គន់ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ឡាន​តុ​ន ក្លៅ​ដ៏ សឺ​វី​ស ថេ​កណឡ​ជី ឯ​.​ក និង​សហការី ព្រមទាំង លោក លោកស្រី ដែលជា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងពាណិជ្ជកម្ម​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការកសាង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទៅកាន់​ពិភពលោក ហើយ​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​បង្កើតឱ្យមាន​ការតភ្ជាប់​រវាង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែល​បង្កើត​ដោយ​វិស័យ​ឯកជន ក្រោម​កម្មវិធី Lanton Cloud ក្នុង​ការជំរុញឱ្យ​ផលិតផល​របស់​កម្ពុជា​មានលទ្ធភាព​ពង្រីក​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា ផ្អែក​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ព្រមទាំង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បាន​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​៖ ទី​១-​ការអនុម័ត និង​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងមកនេះ ដែល​ក្របខណ្ឌ​គោលនយោបាយ និង​លិខិតបទដ្ឋាន​ច្បាប់​ទាំងអស់នេះ បានផ្តល់​ជា​មូលដ្ឋាន​គតិយុត្ត​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ទី​២-​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​ឆ្នាំ​២០២២​។ និង ទី​៣-​ការចូលរួម​ចរចា​ក្នុង​ជំពូក​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​តំបន់ (RCEP) ហើយ​ដាក់ឱ្យអនុវត្ត​នៅ​ដើមឆ្នាំ​២០២២ ផងដែរ​។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម​ក៏បាន​នឹង​កំពុង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កែលម្អ​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្នែក​ឌីជីថល និង​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ផងដែរ​។​

​បន្ថែម​ពីនេះ ក្រោម​គម្រោង Enhanced Integration Framework (EIF) ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ថ្នាល​សម្រាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Go4eCam) ដែល​បច្ចុប្បន្ន​បានទទួល​នូវ​ការចុះបញ្ជី និង​ការគាំទ្រ​យ៉ាងច្រើន​ពី​វិស័យ​ឯកជន និង​បាន​សម្រួល​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ភ្ជាប់​ខ្លួន​ទៅនឹង​ខ្សែ​ច្រវាក់​តម្លៃ និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភពលោក ផងដែរ​។​

​នៅ​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​នូវ​ក្ដី​រំពឹងថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​រួម​ចំ​ណែ​ក្នុងការ​ជំរុញ​ការងារ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​គឺ​ការពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា ការការពារ​អ្នកប្រើប្រាស់ ការទាញយក​ប្រយោជន៍​ពី​បរិ​វដ្ត​កម្ម (Transformation of Digitalization) និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (Industrial Revolution 4.0) ក៏ដូចជា​ការកសាង​សមត្ថភាព​របស់​មន្ត្រីរាជកា​រ​ក្រសួងពាណិជ្ជកម្ម សម្រាប់​ការ​ប្រឡូក​ក្នុង​កិច្ចចរចា​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឱ្យ​កាន់តែ​ប្រសើ​ឡើង​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close