ផលិតផលខ្មែរជាង ៥០០មុខ ត្រូវបាននាំមកបង្ហាញ-ដាក់លក់ក្នុងឱកាសបុណ្យទន្លេ
កំពង់ធំ៖ នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេនេះ ខណៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានចាត់ទុកថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។
ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍»។
ឯកឧត្ដម សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានឱ្យដឹងថា នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គណៈកម្មាធិការជាតិ រួមជាមួយសហគមន៍បានដឹកនាំសមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថ នាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។
ឯកឧត្ដម សួង ណយ បានបញ្ជាក់ថា ស្ដង់ផលិតផលដែលនៅក្រោមគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គឺមានស្ដង់ VIP ចំនួន៤ស្ដង់ និងស្ដង់របស់សមាជិកចំនួន២១ស្ដង់ ក្នុងនោះមានផលិតផលដល់ទៅជាង៥០០មុខ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។
ឯកឧត្ដមបានលើកឡើងអំពីផ្លែដូង ឬដូងក្រអូប ដែលសហគមន៍បានប្រមូលយកពីសមាជិកដែលជាកសិករនៅទូទាំងប្រទេស ដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗ ក្នុងមួយថ្ងៃអាចលក់បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល ៣ផ្លែចុះនៅសល់១០,០០០រៀល។ លោកថា ប្រសិនបើមានច្រើនជាងនេះក៏នៅតែលក់អស់។
ឯកឧត្ដមអគ្គលេខាធិការរងក៏បានអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត ក្រុមហ៊ុន និងអ្នកប្រើប្រាស់នានា សូមចូលរួមគាំទ្រផលិតផលខ្មែរតាមរយៈការជួយទិញ ជួយជាវផលិតផលខ្មែរដែលខ្មែរផលិតបាន យកទៅប្រើប្រាស់ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក្នុងផ្ទះ ក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមតាំងពិព័រណ៍ផលិតខ្មែរក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដូចជា ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យធំៗមានបុណ្យទន្លេ បុណ្យសមុទ្រជាដើម ក៏ដូចជាការដាក់បង្ហាញផលិតផលទាំងនោះឱ្យដល់ភ្នែកដល់ដៃទេសចរតែម្ដង ដោយលោករដ្ឋមន្ត្រីតែងមានសុទិដ្ឋិនិយមថា «វិស័យទេសចរណ៍ ក៏ត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង និងជួយដល់ផលិតផលក្នុងស្រុកផងដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។