សម្ដេច​ក្រឡាហោម ស ខេង ដឹក​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែងថា គោលដៅ​ចម្បង នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧-២០២៦ គឺ​ការបង្កើត​ប្រព័ន្ធ​រួម​នៃ​អត្តសញ្ញាណ​កម្ម​ប្រជាជន និង​ការគ្រប់គ្រង​ទិន្នន័យ​ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រម​ទាំ​បម្រើសេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង ។

​សម្តេច បាន​មានប្រសាសន៍​បែបនេះ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​.) នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣​នេះ ។

​សម្ដេច​ក្រឡាហោម ស ខេង បន្តថា​គោលដៅ​ចម្បង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧-២០២៦ គឺ​ការបង្កើត​ប្រព័ន្ធ​រួម​នៃ​អត្តសញ្ញាណ​កម្ម​ប្រជាជន និង​ការគ្រប់គ្រង​ទិន្នន័យ​ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​លើកកម្ពស់​ការបម្រើ​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បន្តថា សមិទ្ធផល​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ ក៏​នឹង​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​រួមចំណែក​ដល់​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការកំណត់​មុខសញ្ញា​សង្ស័យ​នានា​ទាំង​ក្នុងប្រទេស ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក​។​

​សម្ដេច​ក្រឡាហោម បន្តទៀតថា ទិសដៅ​ការងារ​ដែល​ត្រូវខិតខំ​សម្រេច​ឱ្យបាន​ក្នុងតំណាក់កាល​នេះ រួមមាន​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ការបង្កើត​ប្រព័ន្ធ​រួម​អត្តសញ្ញាណ​កម្ម​ប្រជាជន ប្រ​ព័​ន្ទ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ និង​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម​។

​សម្ដេច ស ខេង បន្ថែមថា ជំហាន​បន្ទាប់​គឺ​ភ្ជាប់​ប្រព័ន្ធ​ទាំងអស់​ទៅក្នុង​ប្រព័ន្ធ​មេ​មួយ​ដើម្បី​ប្រមូលផ្ដុំ​ទិន្នន័យ និង​សម្អាត​ទិន្នន័យ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ខណៈ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​បាននិងកំពុង​យកចិត្តទុកដាក់​លើ​ការងារ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ពិសេស​ការប្ដូរ​ពី​ការចុះបញ្ជី​ដោយ​ដៃ ទៅជា​ការចុះ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

​សូមបញ្ជាក់ថា​យោងតាម​របាយការណ៍ សម្រាប់​ឆ្នាំ​២០២៣​នេះ គ​.​ជ​.​ដ​.​អ​. ដែលមាន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ​ស្នូល នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដើម្បី​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​នៅ​គណៈរដ្ឋមន្ត្រី ព្រមទាំង​ជ្រើសរើស ឃុំ សង្កាត់​ចំនួន ៥០០ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ដាក់ឱ្យអនុវត្ត យន្តការ​ច្រកចេញចូល​តែមួយ​សេវា​អត្តសញ្ញាណ​កម្ម​ក្នុង​ជំហាន​ទី​១ និង​បន្ត​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើ​ការងារ​ផ្ទៀងផ្ទាត់​ទិន្នន័យ​រវាង​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម និង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ CamDX ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close