សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ តាំង​បង្ហាញ​ចម្លាក់​ព្រះ​ពាន់​នៃ​ព្រះពុទ្ធសាសនា​ធ្វើ​ពី​ថ្មភក់​១​ផ្ទាំង​ដែលជា​វត្ថុ​កម្រ​របស់​សិល្បៈ​ខ្មែរ​

​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ តាំងពិព័រណ៍ ថ្មគោល​ព្រះ​ពាន់​បុរាណ​នៃ​ព្រះពុទ្ធសាសនា រចនាប័ទ្ម​បាយ័ន​១​ផ្ទាំង​ធ្វើ​ពី​ថ្មភក់ ដែល​ទំនង​កសាងឡើង​នៅ​អំ​ឡុងចុង​សតវត្សរ៍​ទី​១២​នៃ​គ្រី​ស្ដ​សករាជ ដើម្បីឱ្យ​សាធារណជន សិស្ស និស្សិត ព្រមទាំង​ក្រុម​អ្នកស្រាវជ្រាវ​បានឃើញ និង​អាចមក​សិក្សា​ផង​ស្វែងយល់​ផង​។

​មគ្គទេសក៍​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គ​រលោក វឿន វិបុល​សុខុម ឱ្យដឹងថា ផ្ទាំង​ចម្លាក់​ថ្មភក់ ដែល​ឆ្លាក់​រឿងរ៉ាវ​នៃ​ព្រះពុទ្ធសាសនា រកឃើញ​ដោយ​ការធ្វើ​កំណាយ​នេះ ត្រូវបាន​គេ​កំណត់​ឈ្មោះថា​«​ថ្មគោល​ព្រះ​ពាន់​» ដែលជា​វត្ថុ​កម្រ​មាននៅ​ក្នុង​សិល្បៈ​ខ្មែរ​។ លោក វិបុល​សុខុម ពន្យល់ថា លក្ខណៈពិសេស​របស់​ថ្មគោល​នេះ គឺមាន​រូប​ព្រះពុទ្ធ​តូចៗ​ទាំងអស់​ចំនួន​១០០៨​អង្គ ដែល​តំណាងឱ្យ​មង្គល​ចក្រវាល មួយទៀត អាច​និយាយបានថា ជា​អនុ​ព្យញ្ជនៈ​របស់​ព្រះសម្មាសម្ពុទ្ធ ឬ​គ្រប់​សត្វ​ទាំងអស់​មាន​១០០៨​។​

​លោក​បន្តទៀតថា ថ្មគោល​ប្រភេទ​ចម្លាក់​បែប​សាសនា​នេះ នៅ​កម្ពុជា​គេ​ប្រទះឃើញ​ចំនួន​២​ផ្ទាំង គឺ​ទី​១​ជា​ថ្មគោល​ឆ្លាក់​រូប​ព្រះពុទ្ធ​ដែល​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​នា​ខេត្តសៀមរាប និង​មួយ​ផ្ទាំង​ទៀត គឺជា​ថ្មគោល​បែប​ព្រហ្ម​ម​ញ្ញ​សាសនា ដែលមាន​ឆ្លាក់​រូប​ព្រះ​នារាយណ៍ សព្វថ្ងៃ​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។

ថ្មគោល​ព្រះ​ពាន់​នេះ មាន​រាង​បួន​ជ្រុង មាន​កម្ពស់​១២២​សង់ទីម៉ែត្រ ទទឹង​៥៨​សង់ទីម៉ែត្រ និង​កម្រាស់​៤៥​សង់ទីម៉ែត្រ និង​ទំងន់​ប្រមាណ​ជាង​កន្លះ​តោន​។ នៅតាម​ជ្រុង​ទាំង​៤ មាន​ចម្លាក់​ព្រះពុទ្ធ​សមាធិ​តូចៗ​ចំនួន​១០០៨​អង្គ​។ នៅ​ផ្នែក​ខាងលើ និង​ខាងក្រោម​មានការ​ខូចខាត​ខ្លះៗ ដោយ​ផ្ទៃ​សាច់​ថ្ម​មាន​ស្នាម​ប្រេះ​បញ្ឈរ និង​នៅ​កំពូល​នៃ​ជ្រុង​ទាំង​៤​មាន​លម្អ​ជា​ក្បាល​នាគ​។​

​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាចមក​ទស្សនា​ស្វែងយល់​បន្ថែម​នៃ​ផ្ទាំង​ថ្មគោល​ព្រះ​ពាន់​បែប​ព្រះពុទ្ធសាសនា​នេះ រួមទាំង​ចម្លាក់​ប្រតិមា​ផ្នែក​ពុទ្ធសាសនា​ជាច្រើន​ទៀត ដែលមាន​តាំង​ពិ​ព័រ​ណ៌​បង្ហាញ​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close