បដិមា​ទ្វារបាល មកពី​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​បុរាណ ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ព្រះ​ន​រោ​ត្ត​សីហនុ​-​អង្គរ បន្ទាប់ពី​ជួសជុល​រួចរាល់

​បដិមា​ទ្វារបាល ដែល​កសាងឡើង​ពី​ថ្មភក់​ដ៏​ធំ កម្ពស់​១,៨២​ម៉ែត្រ ទទឹង​០,៧៨​ម៉ែត្រ និង​កម្រាស់​០,៥​ម៉ែត្រ រចនាប័ទ្ម​បាយ័ន ចំនួន​១ ត្រូវបាន​ជួសជុល​ឱ្យ​ល្អប្រសើរ​ឡើងវិញ និង​បាន​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បន្ទាប់ពី​កំណាយ​រកឃើញ​បដិមា​រូប​ទ្វារបាល​នេះ បាន​កប់​ក្រោម​ដី​នៅ​បរិវេណ​ប្រាសាទទន្លេស្ងួត ដែលមាន​សភាព​ខូចខាត​ជាច្រើន​កន្លែង​។​

​ប្រធាន​ក្រុមការងារ​រៀបចំ​ពិព័រណ៍ និង​ជា​មគ្គទេសក៍​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមា​ទ្វារបាល​ដ៏​ធំ​មួយ​នេះ បាក់បែក​ជា​៦​បំណែក​ផ្សេងៗ​គ្នា ដូចជា​ព្រះ​កេស ដងខ្លួន ដៃ​-​ជើង និង​ក្រវិល​។ រីឯ​ផ្ទៃមុខ​ក៏បាន​សឹក​រិ​ក​រិល​ស្ទើរតែ​បាត់បង់​ទម្រង់​បបូរមាត់ ច្រមុះ និង​ភ្នែក​ផង​។ ក្រោយពី​ក្រុម​កា​ងារ​បាន​សិក្សា​អំពី​ប្រវត្តិ​បដិមា ក្បាច់លម្អ និង​ទំហំ​ខូចខាត​ទាំង​ផ្ទៃ​ខាងក្នុង និង​ផ្ទៃ​ខាងក្រៅ ដោយ​ប្រើ​បច្ចេកទេស​ជួសជុល​ទៅតាម​ដំណាក់កាល​នីមួយៗ ហើយ​បាន​ត​ភ្ចា​ប់​តាម​ទម្រង់​ដើម​វិញ​។

​បន្ថែម​លើ​នេះ ដើម្បី​តម្កល់​បដិមា​ទ្វារបាល​ឱ្យមាន​លំនឹង​និង​មាន​សុវត្ថិភាព ក្រុមការងារ ក៏បាន​ធ្វើ​ជើង​ទម្រ​ថ្មី​ពី​ថ្មភក់​ព្រមទាំង​រៀបចំ​ផ្ទាំង​ព័ត៌មាន​អំពី​ប្រវត្តិ​បដិមា ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បីឱ្យ​ភ្ញៀវ​ដែល​ចូលមក​ទស្សនា បាន​សិក្សា​និង​ស្វែងយល់​ពី​ការវិវត្ត​នៃ​ប្រវត្តិ​សិល្បៈ​ខ្មែរ​។​

​បដិមា​ទ្វារបាល​ដ៏​ធំ​មួយ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៧ នៅ​ភាគ​ខាងជើង​នៃ​អតីត​ក្រុង​អង្គរធំ ត្រង់​ប្រាសាទទន្លេស្ងួត ដែលជា​មន្ទីរពេទ្យ​បុរាណ​នៅ​សម័យអង្គរ ដែល​ទីតាំង​បច្ចុប្បន្ន​ស្ថិតនៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា​បដិមា​ទ្វា​បាល​នេះ អាច​ត្រូវបាន​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២​និង​ដើម​សតវត្សរ៍​ទី​១៣ នៃ​គ្រី​ស្ដ​សករាជ​។​

​លោក គុន ផល្លី បាន​ពន្យល់ថា បដិមា​ទ្វារបាល​ក្នុង​សិល្បៈ​ខ្មែរ​ដំបូងៗ​ត្រូវបាន​គេ​ប្រទះឃើញ​នៅតាម​ជញ្ជាំង​ប្រាសាទ​ឥដ្ឋ របស់​ក្រុម​ប្រាសាទសំបូរព្រៃគុក​នៅ​អំឡុង​សតវត្សរ៍​ទី​៧-៨​នៃ​គ្រី​ស្ដ​សករាជ​។ ក្រោយមក​បដិមា​ទ្វារបាល​ត្រូវបាន​និយម​កាន់តែ​ច្រើនឡើង​និង​វិ​វត្ត​ទៅជា​បដិមា​ទ្វារបាល​ទោល ក្នុង​រចនាប័ទ្ម​ប្រែ​រូប​អំឡុង​សតវត្សរ៍​ទី​១០​នៃ​គ្រី​ស្ដ​សករាជ និង​បន្ត​ដល់​រាជ​ព្រះបាទ​ជ័យ​វ​រ្ន័​នទី​៧ ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២២០​នៃ​គ្រី​ស្ត​សករាជ​។

​ជាទូទៅ​បដិមា​ទ្វារបាល​ទោល​នៅក្នុង​រាជ​ព្រះបាទ​ជ័យ​វ​រ្ន័​នទី​៧ មាន​មាឌធំ កម្ពស់​ខ្ពស់ នៅលើ​ដងខ្លួន​មាន​លម្អ​ទៅដោយ​គ្រឿងអលង្ការ ដូចជា មកុដ ក្រវិល សុរ​ងក កងដៃ កងជើង​។ នៅក្នុង​ដៃ​ទ្វារបាល​ជា​ទេវៈ​មាន​កាន់​កេតនភណ្ឌ​ជា​ដំបង​ត្រីសូល៍​។ ចំពោះ​ទ្វារបាល​នេះ​ក៏មាន​ជា​អសុរ​ដែរ​។ រីឯ​ទ្វារបាល​ជា​អសុរ​វិញ គឺមាន​កាន់ដំបង​ទ្រវែង​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close