សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្តម ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​អេ​ត​(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​តាម​ការ​ឲ្យ​ដឹង ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា ឯកឧត្តម ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​អេ​ត បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ឯកឧត្តម​ពិតជា​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​វិល​ត្រឡប់មក​បំពេញការងា​រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក​។​

​ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា នៅពេលនេះ​កម្ពុជា​មានការ​រីកលូតលាស់ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ហើយ​ឯកឧត្តម​ក៏​សូម​សំដែង​នូវ​ការគោរព​ចំពោះ​ការដឹកនាំ​ដ៏​វៃឆ្លាត​របស់​សម្ដេច​តេ​ជោ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩ កន្លងមក ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំទៅ​ដែល​នាំមក​ជូន​កម្ពុជា​នូវ​កិត្តិនាម កិត្តិសព្ទ​ដ៏​ល្អ​រន្ទឺរ ក៏ដូចជា​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ក្នុង​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឯកឧត្តម​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ក្នុង​ភាពជា​ដៃគូ​លើ​វិស័យ​មួយចំនួន ដូចជា​ការ ជំរុញ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ទំនាក់ទំនង​រវាង​អ្នកវិនិយោគ​និង​អ្នកវិនិយោគ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម លើ​វិស័យ​សុខាភិបាល លើ​វិស័យ​ដោះមីន​ធ្វើយ៉ាងណា​ជួយ​គាំទ្រ​កម្ពុជា​ឲ្យ​បានសម្រេច​នូវ​គោលដៅ​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សង្គមកិច្ច វិស័យ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស វិស័យ​ការពារជាតិ​និង​វិស័យ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ការជួញដូរ​គ្រឿងញៀន​ជួញដូរ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​សំដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម​វ៉ា​យ​អេ​ត ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។ ​សម្ដេច​ក៏បាន​សំដែង​នូវ​ការរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ជាពិសេស​លើ​វិស័យ​កសិកម្ម​ដែល​អូស្ត្រាលី​បាន​ជួយ​កម្ពុជា​បង្កើតជា​វិទ្យាស្ថាន​កា​ឌី សម្រាប់​ការស្រាវជ្រាវ ហើយ​ការស្រាវជ្រាវ​នេះ​សោត​ទៀត​ក៏បាន​នាំ​កម្ពុជា​ទៅដល់​ការស្រាវជ្រាវ​បាន​ពូជស្រូវ​ដ៏​ល្អ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​និង​ពូជស្រូវ​ដទៃទៀត​។

​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ដែល​កន្លងមក​បាន​ជួយ​កម្ពុជា​ក្នុងការ​ផ្ដល់​វ៉ាក់សាំង​សម្រាប់​ទប់ស្កាត់​ការី​រាល​ជំងឺ កូ​វីដ​-១៩​។​ ​សម្ដេច​បាន​មានប្រសាសន៍ថា​ជោគជ័យ​របស់​កម្ពុជា​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការគាំទ្រ និង​ជួយ​ពី​ប្រទេស​អូស្ត្រាលី​ទេ​។ សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ដែល​បាន​ជួយ​ដល់​កម្ពុជា​លើ​បញ្ហា​ដោះមីន និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគ រួម​នឹង​វិស័យ​ដទៃទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close