ពលរដ្ឋនៅភ្នំពេញឈរកំពូលតារាងជាអ្នកខ្ចីលុយធនាគារច្រើនជាងគេ តាមពីក្រោយដោយអ្នកខេត្តកណ្តាលនិងសៀមរាប

នៅពេញមួយឆ្នាំ២០២២ ពលរដ្ឋរស់នៅរាជធានីភ្នំពេញគឺជាអ្នកខ្ចីប្រាក់ពីធនាគារនិងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាក្នុងចំនួនច្រើនជាងគេក្នុងចំណោមពលរដ្ឋទាំង ៤,៨លាននាក់ ក្នុងខេត្តផ្សេងទៀតនៅទូទាំងប្រទេស ខណៈពលរដ្ឋនៅខេត្តកណ្តាល និងសៀមរាប ឈរនៅលំដាប់ទី២និងទី៣។ នេះបើយោងតាម របាយការណ៍អំពីស្ថានភាពឥណទានប្រចាំឆ្នាំ២០២២ ដោយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូខេមបូឌាហៅកាត់ថាស៊ីប៊ីស៊ី(CBC)។

បាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២១ខែមីនាបង្ហាញថា គិតត្រឹមខែធ្នូឆ្នាំ២០២២ មានពលរដ្ឋ៤,៨លាននាក់នៅទូទាំង២៥ខេត្តក្រុង បានខ្ចីប្រាក់ពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន ១៨៥ស្ថាប័នដែលជាដៃគូរបស់ CBC។ ក្នុងនោះទំហំឥណទានសរុបមានជាង១៩៥លានលានរៀល។

ក្នុងចំណោមទំហំឥណទានខាងលើ រាជធានីភ្នំពេញឈរកំពូលតារាងមានបរិមាណឥណទានច្រើនជាងគេបំផុត ក្នុងទំហំជាង៨១លានលានរៀល ឬស្មើនឹងប្រមាណ២០ពាន់លានដុល្លារអាម៉េរិក តំណាងឱ្យ៤២ភាគរយនៃទំហំឥណទានសរុប។ ទំហំឥណទានទាំង២០ពាន់លានដុល្លារនេះ ត្រូវបានផ្តល់ឱ្យអ្នកខ្ចីប្រាក់ក្នុងរាជធានីភ្នំពេញសរុបជិត៦សែន២ម៉ឺននាក់។

ដោយឡែក ខេត្តកណ្តាលកាលពីឆ្នាំ២០២២ មានអ្នកខ្ចីប្រាក់ជាង៣សែន៧ម៉ឺននាក់ ទំហំកម្ចីសរុបជាង១១លានលានរៀល តំណាងឱ្យជិត៦ភាគរយនៃទំហំឥណទានសរុបទូទាំងប្រទេស។ ចំណាត់ថ្នាក់ទី៣បានទៅលើខេត្តសៀមរាប ដែលពលរដ្ឋជិត៣សែន២ម៉ឺននាក់បានខ្ចីប្រាក់ពីធនាគារ ក្នុងទឹកប្រាក់ជាង១០លានលានរៀល តំណាងឱ្យ៥,៣ភាគរយនៃសមតុល្យឥណទាននៅទូទាំងប្រទេស។

របាយការណ៍របស់ CBC ដដែលឱ្យដឹងដែរថា មានខេត្តចំនួន៣ដែលមានបរិមាណឥណទានទាបនៅឡើយ ពោលគឺនៅ​ក្រោមទឹកប្រាក់ ១០០០លានរៀល មានជាអាទិ៍ខេត្តមណ្ឌលគិរី ប៉ៃលិន និងខេត្តកែប។

សូមជម្រាបថា បើគេបូកតែរាជធានីភ្នំពេញ ខេត្តកណ្តាល និងសៀមរាបបញ្ចូលគ្នាទៅ ទាំងបីនេះគឺតំណាងឱ្យជាង៥០ភាគរយ ដែលស្មើនឹងជាងពាក់កណ្តាលនៃទំហំឥណទានសរុបទូទាំងប្រទេសទៅហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close