ក្រសួង អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ការពារ​សុខភាព ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា​នេះ​បានចេញ​ប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ការពារ​សុខភាព ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​។

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ បណ្តាលឱ្យមាន​អាកាសធាតុ​ក្តៅ​ខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​នៅលើ​សាកលលោក​។

​បើ​យោងតាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បង្ហាញថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស ១៥០០០​នាក់ ត្រូវបាន​ស្លាប់ ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​នៅ​អឺរ៉ុប នៅក្នុង​ឆ្នាំ​២០២២​កន្លងទៅនេះ​។ តែបើ​យោងតាម​ការចុះផ្សាយ​រប​ស់ឡង់​សេត (The Lancet) បាន​បង្ហាញថា មាន​មនុស្ស​ប្រមាណ​ជាង ៣៥៦ ០០០​នាក់ បាន​ស្លាប់​ដោយសារ​កំដៅថ្ងៃ​ក្តៅ​ខ្លាំងពេក នៅក្នុង​បណ្តា​ប្រទេស​ចំនួន ៩ នៅក្នុង​ឆ្នាំ​២០១៩ ដែល​ចំនួន​នេះ​នឹង​កើនឡើង​នៅ​ទូទាំង​សាកលលោក​ផងដែរ​។ ដូច្នេះ​កំដៅ​ក្ដៅ​ខ្លាំងពេក ធ្វើឱ្យប៉ះពាល់​សុខភាព​លោកអ្នក ធ្វើឱ្យ​ឈឺ និង​អាច​ស្លាប់​បាន​។​

​បុគ្គល​អាច​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ទទួលរង​នូវ​កំដៅ​ខ្លាំងពេក ប្រសិនបើ​រាងកាយ​អ្នក​មិនអាច​ទប់ទល់​បាន និង​ប្រសិនបើ​អ្នក​មិនបាន​ធ្វើឱ្យ​ខ្លួនប្រាណ​អ្នក​ត្រជាក់​បាន​ត្រឹមត្រូវ​ទាន់ពេលវេលា​ទេនោះ​។ ចំណុច​សំខាន់ៗ ដែល​ប៉ះពាល់​ដល់​សមត្ថភាព​រា​ង​កាយ របស់​អ្នក​ក្នុងការ​ធ្វើឱ្យ​ខ្លួន​អ្នក​ត្រជាក់​ក្នុ ង​អំឡុងពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង គឺ​នៅពេល​មានកំ​ដៅ​ខ្លាំង​បណ្ដាលឱ្យ​អ្នក​បែកញើស​ច្រើន នឹងមិន​រំហួត​លឿន​នោះទេ នេះ​មានន័យថា កំដៅ​រារាំង​រាងកាយ​របស់​អ្នក ពី​ការបញ្ចេញ​កំដៅ​ឱ្យបាន​លឿន តាម​ដែល​វា​ត្រូវការ ហើយ​ក៏មាន​កត្តា​បុគ្គល​ផ្ទាល់ខ្លួន​រួមផ្សំ​ជាមួយ​ដែរ គឺ​បុគ្គល​ដែលមាន​អាយុ​តិច និង​មនុស្ស​ចាស់ បុគ្គល​ដែល​ធាត់ គ្រុនក្តៅ ខ្សោះ​ជាតិ​ទឹក ជំងឺ​បេះដូង ជំងឺផ្លូវចិត្ត ឈាម​រត់​មិនល្អ ការ​រលាក​ស្បែក និង ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​

​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ប្រជាជន ដែល​រស់​នៅតាម​តំបន់​ដែលមាន​អាកាសធាតុ​ក្តៅ​ខ្លាំង សូម​ចូលរួម​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវអនុវត្ត​ដោយ​ប្រុងប្រយ័ត្ន ក្នុងការ​កាត់បន្ថយ​ហានិភ័យ​សុខភាព ដែល​អាច​កើតមាន​ដោយសារ​ការទទួល​រង​នូវ​កំដៅ​ក្ដៅ​ខ្លាំង​មានដូចជា​៖ បែកញើស​ខ្លាំងពេក​ខុសពី​ធម្មតា ការ​ហត់នឿយ​ដោយសារ​កំដៅ​ក្ដៅ​ខ្លាំង ឈឺ​រមួល​សាច់ដុំ អស់កម្លាំង​ខ្លាំង ចង្អោរ និង​/​ឬ​ក្អួត វិលមុខ និង​/​ឬ​ឈឺក្បាល ដួលសន្លប់ ជីពចរ​ដើរ​លឿន​ហើយ​ខ្សោយ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close