ស្ថានភាព​សត្វ​រំពេរ​ទន្លេ នៅក្នុង​តំបន់​មេគង្គ ស្ថិតក្នុង​ចំនួន​មួយ​ថេរ ក្នុង​រយៈពេល ២​ឆ្នាំ ចុងក្រោយ​នេះ​

​ដំណឹង​ទាន់​ហេតុការណ៍​៖ ស្ថានភាព​សត្វ​រំពេរ​ទន្លេ​នៅក្នុង​តំបន់​មេគង្គ​ស្ថិតក្នុង​ចំនួន​មួយ​ថេរ​ក្នុង​រយៈពេល ២​ឆ្នាំ ចុងក្រោយ​នេះ ដោយ​អ្នកវិទ្យាសាស្ត្រ​បាន​កត់​ត្រាទុក​វត្តមាន​របស់​សត្វ​នេះ​សរុប​ចំនួន ៧១ ក្បាល ព្រមទាំង​កូន​សត្វ​រំពេរ​ទន្លេ​ដែល​ទើបនឹង​ញាស់​មាន​សុខ​ភាពល្អ​ចំនួន ៣​ក្បាល​ទៀត ក្នុង​ឆ្នាំ​២០២៣ នេះ​។

​នេះ​បើ​យោងតាម​សេចក្តី​រាយ​ថ្មី​មួយ​កាលពីដើម​សប្តាហ៍​នេះ​ស្តីពី​ការគ្រប់គ្រង​សំបុក និង​រាប់​ចំនួន​សត្វ​រំពេរ​ទន្លេ​នៅក្នុង​តំបន់​ទីជម្រក​នៃ​ព្រៃ​ទេសភាព​ទន្លេមេគង្គ ដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​អង្គការ​WWF នៅ​ចន្លោះ​ខែកុម្ភៈ​ដល់​ខែមេសា ឆ្នាំ​២០២៣ ដោយមាន​ការចូលរួម​ពី​សមាជិក​សហគមន៍​មូលដ្ឋាន​ក្នុង​សកម្មភាព​ការងារ​ផងដែរ​។

គួរបញ្ជាក់​ជូន​ផងដែរ ចំនួន​សត្វ​រំពេរ​ទន្លេ​ក្នុង​ឆ្នាំ​២០២៣​នេះ ជា​ចំនួន​កើនឡើង ដល់​ទៅ​ប្រមាណ​ជិត ១៣០ ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​លទ្ធផល​តាមដាន​ចំនួន​សត្វ​នេះ​ទទួលបាន​កាលពី ៧​ឆ្នាំមុន ពោលគឺ​ពី​ចំនួន​ត្រឹមតែ ៣១​ក្បាល ក្នុង​ឆ្នាំ ២០១៦ កើន​ដល់ ចំនួន ៧១​ក្បាល ក្នុង​ឆ្នាំ ២០២៣​នេះ​។

​បច្ចុប្បន្ន​សត្វ​រំពេរ​ទន្លេ​ព្រមទាំង​កូន​ទាំងនេះ​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​ក្នុង​សំបុក​សរុប​ចំនួន ៣១​សំបុក ដែល​ស្ថិតក្រោម​ការការពារ​ដោយ​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​ជាប់​នឹង​តំបន់​ទីជម្រក​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។​ ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ក្នុង​បញ្ជី​ក្រហម IUCN សត្វ​រំពេរ​ទន្លេ​ជា​បក្សី​ដ៏​កម្រ​មួយ​ប្រភេទ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នៅក្នុង​ប្រទេស​កម្ពុជា ចំនួន​សត្វ​នេះ​បាន​ថយចុះ​យ៉ាងខ្លាំង រហូតដល់​ទៅជា​ង ៨០​ភាគរយ ក្នុង​រយៈពេល ២០​ឆ្នាំ ចុងក្រោយ ដោយ​មូលហេតុ​ចំបងៗ​នៃ​ការធ្លាក់ចុះ ភាគច្រើន​បណ្តាលមកពី​សកម្មភាព​របស់​មនុស្ស​។

លទ្ធផល​នៃ​ការតាមដាន​សត្វ​រំពេរ​ទន្លេ​នាពេលនេះ​ជា​ភស្តុតាង​មួយ​ដែល​បង្ហាញថា ចំនួន​សត្វ​នេះ​បានចាប់ផ្តើម​កើនឡើង​វិញ​បន្តិច​ហើយ ដែល​ជាការ​ផ្តល់នូវ​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​នៃ​តំបន់​ទីជម្រក​សត្វ​រំពេរ​ទន្លេ​រស់នៅ​សម្រាប់​ការចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​អភិរក្ស​តាមរយៈ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប ដែល​អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​WWF ក្រោម​ការឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ប៊ែ​ល​ហ្សិ​ក (DGD) WWF-​ប៊ែ​ល​ហ្សិ​ក និង​កម្មវិធី CRxN ក្រោម​កិច្ចសហប្រតិបត្តិការ​រ​បស់​រដ្ឋាភិបាល​អូស្ត្រាលី & WWF-​អូស្ត្រាលី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close