ឆមាស​ទី​១! កម្ពុជា នាំចេញ​កសិផល រកចំណូលបាន ២.៤​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ របាយការណ៍​របស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ កម្ពុជា​ទទួលបាន​ចំណូល ២.៤​ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​កសិផល​ទៅកាន់​ប្រទេស​ចំនួន​៦៧ ធ្លាក់ចុះ​២២.៥២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២​។​

​របាយការណ៍​បញ្ជាក់​ដូច្នេះ​ថា «​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ចំណូល​ចំនួន​២ ៤០១ ៦៩២ ២៦៤.៨២​ដុល្លារ ធ្លាក់ចុះ​២២.៥២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ក្នុងនោះ​តម្លៃ​ពី​ការនាំចេញ​អង្ករ​មាន​ចំនួន ២៨១ ៨៣៦ ២១៥​ដុល្លារ​, ការនាំចេញ​ស្រូវ​មាន​ចំនួន​៤៤៧ ២០៧ ៧១៤​ដុល្លារ និង​តម្លៃ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន​១ ៦៧២ ៦៤៨ ៣៣៥.៨២​ដុល្លារ​»​។​

​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស ដែល​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ មាន​បរិមាណ​សរុប ៣ ៩០១ ២១៣.៧៧​តោន ក្នុងនោះ​អង្ករ​ចំនួន ៣២៩ ៦៣៣​តោន ស្រូវ​ចំនួន ១ ២២៦ ៤០០​តោន និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន ២ ៣៤៥ ១៨០.៧៧​តោន ទៅកាន់​ទិសដៅ ៦៧​ប្រទេស​។​

​សម្រាប់​មូលហេតុ​ដែល​ការនាំចេញ​កសិផល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ មានការ​ថយចុះ​ចំនួន ២២.៥២​ភាគរយ​នេះ​ដោយសារតែ​៖

១៖ វិបត្តិ​សេដ្ឋកិច្ច​សកលលោក បណ្ដាលឱ្យ​ការបញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​ថយចុះ និង​បង្អាក់​ចរន្ត​ពាណិជ្ជកម្ម​។​
២៖ កំណើន​នៃ​ការ​ស្រូប​ទាញយក​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​ផលិត​ចំណី​សត្វ និង​ការកែច្នៃ​ក្នុងប្រទេស​បណ្ដាលឱ្យមាន​កំណើន​នៃ ការ​ស្រូបយក​ផលិតផល​ស្រស់​មក​កែច្នៃ​។​
៣៖ ផលិតកម្ម​ដំណាំ​មួយចំនួន​មានការ​ថយចុះ ដោយសារ​ស្ថាន​ភាពមិនច្បាស់លាស់​ខាង​ទីផ្សារ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ នាំឱ្យ​ប៉ះពាល់​ដល់​ទិន្នផល និង​គុណភាព​នៃ​ដំណាំ​។​
៤៖ ការនាំចេញ​ដោយ​គ្មាន​ការស្នើសុំ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ (​ការនាំចេញ​ក្រៅផ្លូវការ​) តាម​ច្រករបៀង​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​មួយចំនួន​មិនមាន​ការកត់ត្រា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close