រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ជួប​ជាមួយ​ប្រធាន​អង្គការ​ហេ​ហ្វឺ​កម្ពុជា​ ​ពិភាក្សា​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​

នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​ទី១៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​បាន​អនុញ្ញាត​លោកស្រី​ ​កែវ​ ​គៀង​ ​ប្រធាន​អង្គការ​ហេ​ហ្វឺ​កម្ពុជា​ ​និង​សហការី​ចូល​ជួប​ដើម្បី​រាយការណ៍​ជូន​ជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង​ ​និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​ជាមួយ​ក្រសួង​នា​ពេល​អនាគត​។​ ​

​លោកស្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្រ្តី​ថា​ ​អង្គការ​ហេ​ហ្វឺ​កម្ពុជា​បាន​និង​កំពុង​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អជា​មួយ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដោយ​ទទួល​បាន​ថវិកា​គាំទ្រ​ពី​កម្មវិធី​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​ដើម្បី​អនុវត្ត​គម្រោង​ស្តី​ពី​ ​”​ការ​លើកកម្ពស់​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច​”​ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន១១​ ​គឺ​ខេត្ត​កំពង់ស្ពឺ​ ​តាកែវ​ ​កំពត​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កំពង់​ឆ្នាំ​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​សៀមរាប​ ​និង​ខេត្តកំពង់ធំ​។​

គម្រោង​នេះ​មាន​គោលបំណង​ជួយ​គាំទ្រ​ដល់​កសិករ​ក្រីក្រ​ ​និង​ក្រុម​ងាយ​រងគ្រោះ​ចំនួន៣៥ពាន់​គ្រួសារ​ ​និង​សហគមន៍​កសិកម្ម​ចំនួន៦៤សហគមន៍​។​ ​កម្មវត្ថុ​ចំនួន០៥​ ​ដែល​អង្គការ​បាន​អនុវត្ត​គឺ​រៀបចំ​ទីផ្សារ​កសិផល​ ​ធានា​និង​ផ្គត់ផ្គង់​អាហារូបត្ថម្ភ​ ​ផ្សព្វផ្សាយ​ពី​ការរស់នៅ​ប្រកបដោយ​អនាម័យ​ ​និង​ការប្រើ​ប្រាស់​ទឹក​ស្អាត​ ​លើកកម្ពស់​យេនឌ័រ​ ​និង​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ប្រកបដោយ​សមធម៌​។​ ​អ្វី​ដែល​គួរ​ជា​ទី​មោទ​នៈ​នោះ​គឺ​ ​បច្ចុប្បន្ន​តាមរយៈ​គម្រោង​នេះ​ ​ជាមធ្យម​កសិករ​អាច​រកចំណូល​បាន​ជាង០៥ពាន់​ដុល្លារ​ក្នុង០១ឆ្នាំ​ ​ក្រោយពេល​ដក​ថ្លៃដើម​រួច​ ​ដែល​ចំណូល​នេះ​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​។​ ​

​មានប្រសាសន៍​នា​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​អង្គការ​សម្រេច​បាន​នា​ពេល​កន្លងមក​។​ ​សមិទ្ធផល​ទាំងនេះ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​តាម​រយ:ការជំរុញ​ផលិតភាព​ផលិតកម្ម​កសិកម្ម​សមស្រប​ ​ផលិត​ផលិតផល​ប្រកបដោយ​គុណភាព​ ​សុវត្ថិភាព​ ​និង​មានលទ្ធភាព​ក្នុង​ការប្រកួត​ប្រជែង​ទីផ្សារ​ខ្ពស់​ ​និង​ជាពិសេស​បង្កើន​ប្រាក់ចំណូល​គ្រួសារ​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ឆ្លើយតប​ទៅតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​សកម្មភាព​នេះ​ក៏​ពិតជា​បាន​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ចំពោះ​គោលនយោបាយ​របស់ក្រ​សួង​ផង​ដែរ​ ​ជាពិសេស​លើ​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ ​ការ​ប្តូរ​ពូជ​ដំណាំ​និង​សត្វ​ ​ការ​ប្តូរ​មុខ​ដំណាំ​ ​ការប្រើ​បច្ចេកវិទ្យា​និង​ធាតុ​ចូល​កសិកម្ម​សមស្រប​ ​និង​ជាពិសេស​ការ​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ​ធ្វើបែប​នេះ​គឺ​ដើម្បី​ដើរ​ឱ្យ​ទាន់​បរិបទ​ថ្មី​នៃ​កំណើន​សេដ្ឋកិច្ច​ ​កំណើនប្រជាជន​ ​និង​ទេសចរណ៍​។​

​នា​ឱកាស​នេះ​ផង​ដែរ​ ​ដើម្បី​ឱ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​ថែម​មួយ​កម្រិត​ទៀត​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ផ្តល់​មតិ​ដល់​អង្គការ​ហេ​ហ្វឺ​កម្ពុជា​ ​និង​អង្គ​ការ​ផ្សេង​ៗ​ទៀត​ដែល​កំពុង​អនុវត្ត​គម្រោង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ឱ្យ​ពិចារណា​ ​និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​លើ​÷​ ​ទី១​.​ ​ការ​បំពេញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី​ ​A​ ​ដល់​ ​Z​ ​ធ្វើ​យ៉ាងនេះ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ ​ពង្រីក​និង​ពង្រឹង​ការកែច្នៃ​ ​វេច​ខ្ចប់​ ​ឃ្លាំង​ស្តុក​ ​ឡ​សម្ងួត​ ​ការ​រក្សាទុក​ដាក់​ក្នុង​បន្ទប់​ត្រជាក់​ ​និង​ការ​ដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​ ​បច្ចេកទេស​ ​និង​ការធានា​ដល់​គុណភាព​ ​សុ​វត្តិភាព​ទាំង​អនាម័យ​និង​ភូតគាម​អនាម័យ​ ​និង​ជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។​ ​ទី២​.​ ​ការសិក្សា​រៀបចំ​ហេ​ដ្ឋា​រចនាុ​សម្ព័ន្ធ​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ ​និង​រចនាសម្ព័ន្ធ​ផ្គត់​ផ្គង់​ផ្សេង​ៗ​ទៀត​។​ ​ទី៣​.​ ​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ប្រកបដោយ​ចីរភាព​ ​និង​និរន្តរភាព​ ​តាម​រយ:ការ​អភិវឌ្ឍ​ចំណេះដឹង​ ​បច្ចេកទេស​សមស្រប​ ​និង​បច្ចេកវិទ្យា​ថ្មី​ទំនើប​ ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នូវ​អ្វី​ដែល​ជា​ទម្លាប់​ ​ឬ​ផ្តេក​ផ្លួល​ទាំងស្រុង​លើ​ចំណូល​តែមួយ​ចំណែក​ណាមួយ​។​ ​ទី៤​.​ ​ជួយ​រៀបចំផែនការ​ដាំដុះ​ជូន​សហគមន៍​កសិកម្ម​ឲ្យបាន​ត្រឹមត្រូវ​ ​និង​គួរ​សហការ​ជាមួយ​អង្គ​ការ​ផ្សេង​ៗ​ទៀត​ដែល​បាន​និង​កំពុង​អនុវត្ត​គម្រោង​ជាមួយ​ក្រសួង​ធ្វើ​យ៉ាងណា​ឲ្យ​ការអនុវត្ត​គម្រោង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​។​ ​កត្តា​ទាំងអស់​នេះ​ ​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ​គ្នា​អនុវត្ត​ដោយ​យកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​ស្ថាប័ន​ជំនាញ​ ​និង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​សម្រេច​គោលដៅ​ជា​ប្រយោជន៍​ដល់​ប្រជាកសិករ​។​ ​យោង​តាម​សំណើ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​យល់ព្រម​ថា​នឹង​អញ្ជើញ​ចុះទៅ​ពិនិត្យ​សមិទ្ធផល​របស់​គម្រោង​ជាក់ស្តែង​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​នា​ពេល​អនាគត​ដ៏​ខ្លី​។​

​លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​ឯកឧត្ដម​រដ្ឋមន្ត្រី​ដែល​បាន​ចំណាយ​ ​ពេលវេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ក្រុមការងារ​បាន​ជួប​រាយការណ៍​ ​ចែករំលែក​បទពិសោធន៍​ ​ហើយ​ឯកភាព​ទទួលយក​អនុសាសន៍​ដែល​ជា​ប្រយោជន៍​សម្រាប់​អង្គការ​យក​ទៅ​អនុវត្ត​បន្ត​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ថ្មី​ៗ​ថែមទៀត​នា​ពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close